កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតទៅនឹងគ្រោះមហន្តរាយធម្មជាតិដែលជាប់ចំណាត់ថ្នាក់ទី៩នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោកនៃសាកលវិទ្យាល័យអង្គការសហប្រជាជាតិឆ្នាំ ២០១៦។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញនៅមុនទិវាអន្តរជាតិស្តីពីការកាត់បន្ថយគ្រោះមហន្តរាយ ។
អត្ថបទវិចារណកថាមួយរៀបរៀងដោយលោក Piotr Sasin នៃអង្គការ ភីពផលអ៊ីននីត (PIN) និងលោក Peter Bo Larsen នៃអង្គការជំនួយរបស់វិហារដាណឺម៉ាក (DCA) បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ គឺជាការរំលឹកពីការជន់លិចទឹក ដែលប៉ះពាល់មកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។ អត្ថបទនេះក៏បានរំលឹកពីទឹកជំនន់ឆ្នាំ២០១១និងឆ្នាំ២០១៣កន្លងទៅនេះដែលបង្កឲ្យមនុស្ស៤១៨នាក់បានស្លាប់ និងខូចខាតទ្រព្យសម្បត្តិជិតមួយពាន់លានដុល្លារអាមេរិក។
ក្នុងការប្រារព្ធទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិស្តីពីការកាត់បន្ថយគ្រោះមហន្តរាយ ដែលប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ អង្គការទាំងនោះលើកយកប្រធានបទគឺ “ជីវិតនិងការយល់ដឹង“។
ប្រទេសកម្ពុជាបានដាក់ឲ្យប្រើប្រព័ន្ធប្រកាសឲ្យដឹងមុននេះដោយផ្តល់ព័ត៌មានតាមរយៈសារជាសំឡេងតាមលេខ ‘១២៩៤‘ នៅលើបណ្តាញទូរសព្ទចល័តក្នុងការប្រកាសឲ្យដឹងមុនពីទឹកជំនន់៕