អាជ្ញាធរយល់ព្រមឲ្យរៀបចំពិធីបុណ្យខួប១០០ថ្ងៃលោក កែម ឡី នៅវត្តចាស់

ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានប្រារព្ធឡើងនៅវត្តចាស់កាលពីពេលកន្លងទៅ

ទីបំផុតទៅអាជ្ញាធរបានអនុញ្ញាតឲ្យក្រុមគ្រួសារនិងគណៈកម្មការរៀបចំពិធីបុណ្យខួប១០០ថ្ងៃ លោក កែម ឡីនៅវត្តចាស់ បើទោះជាកន្លងមកសាលារាជធានីបានបដិសេធម្តងហើយម្តងទៀត មិនអនុញ្ញាតរៀបចំពិធីបុណ្យខួប១០០ថ្ងៃក្នុងរាជធានីភ្នំពេញក៏ដោយ។

ការអនុញ្ញាត បន្ទាប់ពីសាលារាជធានីបានហៅគណៈកម្មការរៀបចំបុណ្យខួប១០០ថ្ងៃទៅប្រជុំនៅសាលារាជធានីនៅព្រឹកនេះ។

លោក សៅ កុសល ជាគណៈកម្មការរៀបចំបុណ្យប្រាប់វីអូឌីនៅថ្ងៃពុធនេះថា អាជ្ញាធរបានយល់ព្រមឲ្យគណៈកម្មការរៀបចំពិធីបុណ្យខួប១០០ថ្ងៃ ជូនលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១៤ដល់ទី១៦ ខែតុលា នៅវត្តចាស់តាមការស្នើសុំ។ លោកថាសាលារាជធានីភ្នំពេញក៏ស្នើឲ្យគណៈកម្មការកុំឲ្យមានការហែរូបសំណាកជាទ្រង់ទ្រាយធំដោយថា ដើម្បីបញ្ជៀសការស្ទះចរាចរណ៍ ហើយគណៈកម្មការក៏បានយល់ស្រប។

លោកមានប្រសាសន៍ថា៖ “សាលារាជធានីស្នើសុំដល់គណៈកម្មការសុំឲ្យហែរូបសំណាកហ្នឹងអត់ឲ្យមានទ្រង់ទ្រាយធំទេ ថាឡានក្បួរចេញ៥ឡាន គឺឡានរូបសំណាកហ្នឹង ហើយ៥នាទីទៀតចេញជាបន្តបន្ទាប់ មើលទៅតាមស្ថានភាពចរាចរណ៍បើអត់ស្ទះទេ យើងចេះតែចេញទៅ បើកក់ស្ទះ គាត់ឃាត់ឡានមិនឲ្យចេញពីវត្តចាស់ទេ ដើម្បីកុំឲ្យវាស្ទះចរាចរណ៍ទី១។ ទី២ គណៈកម្មការហ្នឹងធ្វើការអំពាវនាវជនរួមជាតិដែលចង់ហែរូបសំណាកហ្នឹងឲ្យចាំនៅខាងត្បួងរង្វង់មូលចោមចៅ ក្បួនធំហែចេញពីចោមចៅទៅវិញ នេះដែលសាលារាជធានីបានស្នើសុំ យើងក៏បានឯកភាពទៅលើករណីហ្នឹងដែរ“។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយលម្អិតពីប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ ចំពោះមូលហេតុដែលសាលារាជធានីភ្នំពេញបានប្ដូរជំហរអនុញ្ញាតឲ្យគណៈកម្មការរៀបចំពិធីបុណ្យខួប១០០ថ្ងៃនៅវត្តចាស់វិញនោះទេ ដោយលោកថាជាប់រវល់ប្រជុំ។

ប៉ុន្តែបើតាមគណៈកម្មការរៀបចំបុណ្យ ការដែលសាលារាជធានីបដិសេធចំពោះសំណើរបស់គណៈកម្មការកន្លងមក ដោយសារសាលារាជធានីភ្នំពេញមិនបានឃើញសមាសភាពគណៈកម្មការបុណ្យពិតប្រាកដនិងមិនមានសាច់ញាតិលោកបណ្ឌិត កែម ឡី ចូលរួម ។

ពិធីបុណ្យខួបគម្រប់១០០ថ្ងៃសពអ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត កែម ឡី រៀបចំធ្វើឡើងរយៈពេល២ថ្ងៃនៅរាជធានីភ្នំពេញ មុននឹងដង្ហែទៅស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៦ខែតុលាខាងមុខ។

លោក កែម ឡី អាយុ៤៦ឆ្នាំជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនៅកម្ពុជាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយបាញ់សម្លាប់ សពលោកបណ្ឌិតត្រូវបានតម្កល់ទុកពីរសប្តាហ៍នៅវត្តចាស់ក្នុងរាជធានីភ្នំពេញ មុននឹងដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលមនុស្សចូលរួមខ្ទង់២លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ