បទយកការណ៍៖ ពលរដ្ឋនៅសហគមន៍មួយក្នុងរាជធានីភ្នំពេញត្អូញត្អែរពីផលលំបាកបន្ទាប់ពីទឹកលិចផ្ទះ

សហគមន៍មួយនៅជាប់បឹងទំពុនក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺសហគមន៍ព្រែកតាគង់១ ត្រូវបានជំនន់ទឹកភ្លៀងជន់លិចរយៈពេល៣ខែហើយ គិតមកដល់ខែតុលានេះ ដោយមានផ្ទះអ្នកភូមិខ្លះ ត្រូវលិចរហូតមិនអាចរស់នៅបានទៀតផង។ ការរស់នៅត្រាំក្នុងទឹកស្អុយនេះ ធ្វើឲ្យពលរដ្ឋនៅនោះត្អូញត្អែរពីការលំបាក។

ដោយអង្គុយលក់អីវ៉ាន់លើគ្រែតូចមួយដែលមានទឹកនៅពីក្រោមជិតលិចនឹងជើងគ្រែទៅហើយ អ្នកស្រី សាន ពៅ កំពុងលក់របស់របរឲ្យភ្ញៀវបណ្តើរនិងនិយាយរៀបរាប់បណ្តើរថា ចាប់តាំងពីទឹកជន់លិចភូមិមក អ្នកស្រីក៏ដូចជាពលរដ្ឋក្នុងសហគមន៍បានជួបផលលំបាកច្រើនដូចជាពិបាកក្នុងការរស់នៅ ការធ្វើដំណើរ ការរកចំណូលមិនសូវបាន និងកើតជំងឺផ្សេងៗជាដើម។

អ្នកស្រីបន្ថែមថា៖ “បើសិនជាទឹកអត់លិច យើងអត់អីទេ ប៉ិនថាបើសិនទឹកលិចយើងមានការលំបាកខ្លាំងណាស់កន្លែងនេះនោះ។ ការរកស៊ីក៏ពិបាកដែរ គ្នានៅនេះដាំតែត្រកួនកញ្ឆែត ដល់ត្រកួនកញ្ឆែតវាថោកអញ្ចឹង វាមិនអាចរកប្រាក់ចំណូលផ្គត់ផ្គងក្រុមគ្រួសារបានគ្រប់គ្រាន់”។

ស្រ្តីវ័យ៥៥ឆ្នាំរូបនេះបន្ថែមថា ដោយសារតែទឹកជន់លិចខ្លាំង ពលរដ្ឋនៅទីនោះមិនអាចប្រើប្រាស់ឡានឬម៉ូតូសម្រាប់ជាមធ្យោបាយធ្វើដំណើរនិងប្រកបរបរកស៊ីបានទេ គឺពួកគាត់ត្រូវប្រើប្រាស់ទូកជំនួសវិញ ដែលនេះបង្កជាការលំបាកក្នុងការធ្វើដំណើរ ជាពិសេសក្មេងៗ ពិបាកពេលទៅសាលារៀននិងពេលឈឺយប់ព្រលប់ពិបាកក្នុងការជួយសង្គ្រោះ។

អ្នកស្រីបន្ថែមថា៖ “ពេលទឹកលិចអញ្ចឹង យើងមានការពិបាកគ្រប់សព្វ បើសិនជាគោកវិញ មិនសូវពិបាកប៉ុន្មានទេ ព្រោះយើងមានផ្លូវ។ ដល់ពេលមានទឹក យើងឡើងទូក ឡើងក្តា វាពិបាកណាស់ ពេលឈឺស្កាត់ទៅរកពេទ្យ និងកូនទៅសាលាវាពិបាក”។

អ្នកស្រី សាន ពៅ បន្តថាដោយសារនៅទីនោះជាប្រភពទឹកស្អុយបានធ្វើឲ្យអ្នកភូមិតែងតែកើតជំងឺផ្សេងៗ ដូចកើតរមាស់ រាគរុះ និងជំងឺគ្រុញចាញ់ជាដើម។

អ្នកស្រីបន្ថែមថា៖ “មានកើតជំងឺគ្រុនឈាមនិងជំងឺផ្សេងៗ ពេលឈឺបញ្ជូនទៅពេទ្យគន្ធបុប្ពា ដោយសារវាសម្បូរមូសជាងគេ ហើយទឹកវាអត់ស្អាត ទឹកវាស្អុយ មកពីលូគ្រប់ទិសទីទាំងអស់នៅកន្លែងនេះ”។

ស្ត្រីវ័យ៥០ឆ្នាំម្នាក់ទៀត អ្នកស្រី ទុយ មុំ ឲ្យដឹងថា កន្លងមកកូនស្រីរបស់គាត់ត្រូវសំរាលកូនលើទូកដរ ដោយសារតែនាំមកពេទ្យមិនទាន់។

អ្នកស្រីបន្ថែមថា៖ “វាពិបាកដែរលោកគ្រូ [អ្នកការសែត] អើយពេលណាឈឺ អ្នកខ្លះគ្នាឆ្លងទន្លេ ជួនណាឆ្លងទន្លេនៅនឹងទូកក៏មានដែរ ទៅអត់ទាន់។ ចុះទំរាំ អ៊ុំមកដល់ ហើយកាលមុនចៅខ្ញុំឈឺដែរ ម៉ោង១១យប់”។

អ្នកស្រី ទុយ មុំ បន្ថែមថា ដោយសារតែផ្ទះគាត់ទឹកលិចមានជម្រៅជ្រៅជាហេតុធ្វើឲ្យគ្រួសារគាត់មានការចំណាយច្រើនលើការរស់នៅប្រចាំថ្ងៃ ដូចជាការចំណាយលើការជួលទូកសម្រាប់ធ្វើដំណើរនិងលើការផ្ញើកង់ម៉ូតូនៅកន្លែងដីគោកជាដើម។

អ្នកស្រីបន្ថែមថា៖ “នៅក្នុងទឹកជួបផលលំបាកច្រើន គ្មានទូកគ្មានអីដូចគេផង ជិះតែទូកដរទៅមកម្នាក់ពីរពាន់ ហើយចុះកូនរៀន កូនរៀនទៅមកដែរ មួយថ្ងៃបើគិតទាំងអស់គ្នាថា១ម៉ឺនរៀល”។

កុមារា ពៅ វណ្ណនិត អាយុ១៣ឆ្នាំ រៀនថ្នាក់៤ កំពុងជិះទូកដរមកពីសាលារៀបរាប់ថាពេលដែលទឹកលិចភូមិធ្វើឲ្យខ្លួននិងមិត្តផ្សេងទៀតជួបការលំបាកច្រើន។

កុមាររូបនេះថា ពេលខ្លះត្រូវលិចទូក ពេលខ្លះទៅរៀនមិនទាន់ម៉ោង រហូតពេលខ្លះមិនបាន ទៀតផងដោយសារគ្មានទូកដរជួល។

កុមារ៉ាបន្ថែមថា៖ “ពិបាករឿងជិះទូក ពេលខ្លះលិចទូកពិបាកដែរ ទូកធ្លុះដោយសារបិទកាវ វាអត់ជាប់។ ខ្ញុំចង់បានផ្លូវគោកឲ្យផ្ទះខ្ញុំ ហើយចង់បានទឹកឲ្យស្អាត”។

បើតាមការអះអាងរបស់ពលរដ្ឋឲ្យដឹងថា សហគមន៍ព្រែកតាគង់១ មានប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ ហើយពលរដ្ឋខ្លះទឹកលិចផ្ទះតិចនិងខ្លះទៀតលិចខ្លាំង និងក្រៅពីទឹកលិចភូមិ សហគមន៍នេះក៏ពុំទាន់មានប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់ដែរ។

អនុប្រធានភូមិព្រែកតាគង់១ លោក ឃួន សុខា ទទួលស្គាល់ថាពលរដ្ឋនៅទីនោះពិតជាជួបការលំបាកដោយសារទឹកលិចនិងខ្វះខាតទឹកស្អាតប្រើប្រាស់ពិតមែន។ ប៉ុន្តែលោកថាអាជ្ញាធរភូមិបានចុះផ្សព្ធផ្សាយឲ្យពលរដ្ឋប្រុងប្រយ័ត្នពីការឆ្លងជំងឺផ្សេងៗ ក៏ដូចជាចុះជួយរៀបចំផ្ទះរបស់ពលរដ្ឋមួយចំនួនមិនឲ្យបន្តលិចលង់ផងដែរ។

លោកបន្ថែមថា ចំពោះពលរដ្ឋណាដែលមានការលិចលង់ឬជួបការលំបាកខ្លាំង អាជ្ញាធរបានសហការជាមួយអង្គការដៃគូរពាក់ព័ន្ធនានាដើម្បីជួយសង្គ្រោះ ហើយជាពិសេសចាស់ជរានិងក្មេងៗ។

លោកបន្ថែមថា៖ “អញ្ចឹងយើងមានការត្រៀមបង្ការដើរទាំងអស់គ្នាហ្នឹង បើផ្ទះតួចៗ យើងមានការវៃដងប៉ាញ់ធ្វើទំនើរនឹងដំណាក់ការ ទី១ដែលយើងត្រូវត្រៀម ហើយនៅពេលទឹកចូលអញ្ចឹងយើងបាននាំគ្នាបន្តជួយចាក់ដី”។

តែទោះយ៉ាងណា អ្នកស្រី សាន ពៅ ឲ្យដឹងថាអ្វីដែលប្រជាពលរដ្ឋនៅនោះចង់បានគឺទាមទារឲ្យរដ្ឋាភិបាលត្រូវសង់ផ្លូវដែលកំពុងលិចមួយខ្សែរនៅទីនោះ មានប្រវែង១០០០ម៉ែត្រនិងទាមទារឲ្យមានប្រព័ន្ធបណ្តាញទឹកស្អាត ដោយថាបើមានផ្លូវនិងទឹកស្អាតពួកគាត់ឈប់លំបាកទៀតហើយ។

អ្នកស្រីថា៖ “ប្រជាពលរដ្ឋចង់បានខ្លាំងផ្លូវនិងទឹកប៉ុណ្ណឹង ហើយគ្នាគ្មានទឹកស្អាតប្រើទេ អ្នកខ្លះរកស្អាតផឹក អីមិនបាន ឥលូវពលរដ្ឋតែទឹកអណ្តូងពេលលិចពិបាក អញ្ចឹងត្រូវតែពីមុខហ្នឹង”។

ឆ្លើយតបការលើកឡើងនេះ អនុប្រធានភូមិព្រែកតាគង់១ មានប្រសាសន៍ថាអាជ្ញាធរកំពុងតែរៀបចំធ្វើឲ្យមានជាបណ្តើរៗហើយ។

ជាញឹកញ៉ាប់ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ តែងតែជន់លិចដោយសារជំនន់ទឹកភ្លៀង ខណៈអ្នកជំនាញរិះគន់ថា ការជន់លិចនេះគឺបណ្តាលមកពីការលុបបឹងនានាក្នុងរាជធានីភ្នំពេញដែលជាកន្លែងស្តុបទឹកបណ្តោះអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ