ហេង នរៈកក្កដា ប្រកែក​មិន​ដៀម​ដាមអោយ​ ឌុច លីដា

តារាសម្ដែងវ័យក្មេង​​ លោក​ ហេង នរៈកក្កដា និងកញ្ញា​ឌុច លីដា (វង្ស សុម៉ាលីន)

​​ខណៈដែល ​ឌុច លីដា ត្រូវ​បាន​ផលិតករ​​ល្បីឈ្មោះ ​​គឺលោក​​ គាំ ចន្ធី ​ចេញមុខ​​​​បកអាក្រាត​​ជុំវិញ​រឿង​​មិនគោរពពេលវេលា​​​និងថាជាតារា​​រវល់ខ្លាំងរហូត​កុងត្រា​ការងារ​រួច​ហើយ តែមិនមានពេល​វេលា​​​​​​​​អោយ​ផលិតករ​បណ្ដាលអោយ​​​​លោក​​​​​​ខកការ​ផលិតរឿង ​«​​ទូកបាត់ច្រវ៉ា» ​​​​រហូត​បង្កជាភ្លើង​​​​ជម្លោះនោះ ​​តារាសម្ដែងវ័យក្មេង​​ លោក​ ហេង
នរៈកក្កដា ស្រាប់តែបាន​​បង្ហោះ​វីដេអូរិះគន់​​យ៉ាង​ចាស់ដៃ ​​ដែលមានខ្លឹម​សារមិនខុសពីវាយប្រហារចំពោះ​​​​​​​​​​​​​​​ កញ្ញា​ឌុច លីដា ផងដែរ ប៉ុន្តែត្រូវ​​បានលោកបដិសេធ​​ថាមិនបានសំដៅទៅ ​​​ឌុច លីដា ឡើយ។

លោក ហេង នរៈកក្កដា បានទទួលស្គាល់ថា​​​លោកពិតជា​បាន​​​​បង្ហោះ​វីដេអូ​ ​វាយប្រហារ​ចំពោះតារា​​​​​​​​មួយរូប​បន្ទាប់ពីគេ​​​​​បានក្លាយជាតារា​​​​​​មិន​​​​​​​​ចេះគោរពការងារ ​ហើយ​ធ្វើអោយ​​​​លោកក៏ដូចជា​តួសម្ដែង​​​ផ្សេង​ទៀត​​​​ខកខានមិនបានសម្ដែង​​​ព្រោះតែ​​​តារារូបនោះទទួល​យកការងារថតរបស់ផលិតករ​​ហើយ​បែរជាមកយឺត ឬមិន​មកតែម្ដង​
ដែលការលើកឡើងនេះគឺ​​មិនខុសពី​អ្វីដែល​​​លោក គាំ ចន្ធី បានសំដៅទៅ ឌុច លីដា។

​​​យ៉ាងណាក៏ដោយលោកនៅតែអះអាងថា​អ្វីដែលលោក​​​​​និយាយធ្ងន់ៗក្នុងវិដេអូឃ្លីប​នោះ មិនមែន​​​​​សំដៅ​ទីកាន់​​​តារា ឌុច លីដា ដែលទើបនឹង​ផ្ទុះ​​រឿង​​​​​ផលិតករ​​​​​​​​ចេញមុខ​​​ទម្លាយទម្លាប់អាក្រក់នោះទេ ​​​​​​​គឺលោក​​​​បញ្ជាក់ថា​​​​​លោកចង់សំដៅទៅកាន់តារាផ្សេង​ប៉ុណ្ណោះ។

លោកនិយាយ​ថាលោកមិនធ្លាប់​ចេញថត​​​ហើយប៉ះ​ការសម្ដែង​ជាមួយតារាសម្ដែង​​កញ្ញា ឌុច លីដា នោះ​ទេ នាពេលចុងក្រោយ ​ទើប​លោក​មិន​​​បានចាប់អារម្មណ៍ពី​អ្វីដែលលោកបង្ហោះឡើងមាន​ន័យ​​​ប៉ះពាល់​​ដល់​តារាស្រីរូបនេះ។

លោកបានទទួលស្គាល់ថា​​​ខ្លឹមសារ​ដែល​​​លោក​​​និយាយ​ធ្ងន់ៗក្នុងវីដេអូឃ្លីប​គឺ​​​​មិនខុសពី​លោក​​​​​បានដឹង​ពីជម្លោះ​របស់​​​​​​​ ឌុច លីដា ​និង​លោក គាំ ចន្ធី ហើយបាន​​​​​​​​និយា​យសំដៅ​ទៅកាន់នាង ដែលការពិត​នោះ គឺលោក​​​និយាយ​​តែរឿង​​​តារា​មួយចំនួនដែល​​ធ្វើអោយលោក​​ឈឺក្បាល​​​​​ក្នុងពេលចេញ​ថត ​​​​​​ហើយជាតារា​​ផ្សេង​ប៉ុណ្ណោះ។

​​​លោក​ថា​​​អ្វីដែលបានលើកឡើង​​​គឺ​​​​មាន​​​​ខ្លឹមសារ​​ស្របគ្នា​នឹង​រឿងដែលបានកើតឡើងចំពោះ​ ឌុច លីដា ជាពិសេស​ក្នុងពេលដែល​​នាងស្រាប់តែមានជម្លោះជាមួយ​ផលិតករ​​ល្បីឈ្មោះមួយរូប ហើយ​ត្រូវលោក​ទម្លាយគ្មានសល់​​ជុំវិញ​​​​​​​​ទម្លាប់​​​​​​​​មកថតរឿងរបស់​នាង​នៅលើបណ្ដាញ​​​​ហ្វេសប៊ុក។​​​ ​លោកថា​​មិនបានដឹង​រឿង​​​​ផ្ទៃក្នុងរបស់​​​​​​​លោក គាំ ចន្ធី និង ​​​ឌុច លីដា នោះទេ ប៉ុន្តែ​​​​​​ថាបើ​ ​ឌុច លីដា ​ពិតជា​​មានទម្លាប់មិនល្អក្នុងពេលទទួលការងារ​ដូចអ្វីដែលបាន​លេចឡើង គឺនាង​គួរតែធ្វើការផ្លាស់ប្ដូរ ដោយសារតែ​​តារា​​គឺ​​​សំខាន់ត្រង់​​​​​ពេលវេលានិង​ការទទួលខុសត្រូវនេះឯង។

លោក​ថាតារាសម្ដែងបើមានរឿង​ ឈ្លោះគ្នាជាមួយផលិតករឬ​​​មានទម្លាប់មិនល្អបណ្ដាលអោយផ្ទុះ​ចម្រូងចម្រាស់កើតឡើង គឺ​​ជារឿង​អាក្រក់មើលបំផុត​​​​​នៅក្នុង​វិស័យ​​​សិល្បៈ ជាពិសេស​នៅក្នុងកាលៈទេសៈដែល​​​​​វិស័យភាពយន្ត​របស់កម្ពុជា​សម្រាប់ការ​កោតសរសើរនៅមានកម្រិតនៅឡើយ។

​លោកថាបើទោះជា​តម្លៃដែលខាងផលិតករ​​​ផ្ដល់អោយ​​តារាសម្ដែងនៅមានកម្រិត ប៉ុន្តែ​​​​​​​​​​​ក្រោយ​ការ​ទទួលយកគឺដាច់ខាតត្រូវតែបំពេញ​ការងារ​ដែលបាន​​​​​ទទួលយក​អោយបាន​ល្អ ដោយ​​មិនត្រូវអោយ​​ក្រុមការងារ​​​​ផលិត​រង់ចាំរាល់ពេល​ចេញថត​និងមិនត្រូវអោយតួសម្ដែង​ណាម្នាក់​​ខកប្លង់ ព្រោះតែ​​​​យើងជា​តួ​​​​​​​មកមិនទាន់ឬក៏តែងខ្លួនមិនទាន់នោះទេ។ ក្នុងបំណង​​មិនសំដៅលើ ឌុច លីដា លោក​​ថា​តារាមួយចំនួនដែលលោកបានសម្ដែង​​ជាមួយ
គឺមានស្ទើរ​តែរៀង​​​​រាល់ថ្ងៃ​ដែលមានចរឹតតួ​ឯក ដោយគេអោយជុំគ្នា​ម៉ោង​​​​​​​​៦​ ​ម៉ោង​​៨ទើប​ដល់ ​ហើយ​ក្រោយពេល​មកដល់គឺ​​​គ្រាន់តែចំណាយពេល​តែងខ្លួនក៏ធ្វើអោយ​​ខាត​ម៉ោងសម្ដែង​​​​​ច្រើនទៀត ដោយមិនខ្វល់ពីការអង្គុយចាំរបស់​​​​​​​ក្រុម​ផលិតករនិង​តួសម្ដែង​​ដែល​​មិនអាច​ធ្វើអ្វីបានដោយសារតែ​​​តួអង្គនោះ គឺ​ជាតួ​សំខាន់​ដែល​មិនអា
ចកាត់ប្លង់​​ចោលបាន។

លោកថា​នៅក្នុងវិស័យសម្ដែង​​​​តារាដែលមានចរឹត​បែបនោះ គឺ​​មាន​​មិនអស់ ​​​ហើយ​ក្នុងពេលខ្លះគឹមិនត្រឹមតែ​​​​មកយឺត​ប៉ុណ្ណោះទេ ​​​​ថែមទាំង​បិទ​ទូរសព្ទ​​ហើយមិនមក​​ដោយ​​​​​​កុហកម្ដង​ថា​ដល់ចំណុច​នេះ​​ម្ដងដល់​ចំណុច​នោះ ​និងក្រោយមក​ក៏ខលលែង​ចូលនោះផង។

លោកថាតារាដែលមាន​ទម្លាប់​បែបនេះ មិនមែនជា​​តួ​ថ្មី ឬតួមិនល្បី​ទេ គឺសុទ្ធតែជាតួ​សំខាន់ ​ឬ​ឈានដល់តួឯកតែម្ដង ​​​​ដោយលោក​ចាត់ទុកថា​ប្រហែល​​​​បណ្ដាលមកពី​តួ​​​​​​​​​​​​​​រូបនោះគិត​ថា​​​​ ​​​ផលិតករ​មិនអាច​​​​​​​ដំណើរ​​​ការសាច់រឿង​​ចោល​ខ្លួនបាននិង​​​កាត់​​​ប្លង់ចោលកណ្ដាលទី​​បាន។

​លោក​​ធ្វើ​​ការ​រិះគន់​​​យ៉ាងខ្លាំងចំពោះ​តារា​​​សម្ដែងដែលខ្វះ​ទំនួលខុសត្រូវបែបនោះ​​ជាពិសេសសម្រាប់​តារាដែល​​​ដឹងថា​ខ្លួនត្រូវ​ថត​តាំង​ពី​​ព្រលឹមទៅ​ ហើយ​បែរជាមានកម្មវិធី​ផឹកស៊ីដល់ពាក់កណ្ដាលយប់ ហើយ​​​​បែរជា​​​​ប្រាប់ថា​ថត​​មិនកើតឬ​ទៅដល់​កន្លែង​​ថតដែរតែ​​​​​​នៅស្រវឹងមិនទាន់ស្វាងដែលមិនអាច​​​​ដំណើរ​​ការរឿងទៅបាន។

​​​​​​ការលើកឡើងរបស់លោកនៅត្រង់ចំណុច​នេះ គឺស្រប​នឹង​​​​​​​​​​ការ​​​​​​ទម្លាយរបស់លោក គាំ ចន្ធី ​ដែលបាន​​​​​ផ្ដល់សម្ភាសន៍ថា ​​​​​​កញ្ញា ឌុច លីដា ក្រៅពីជាតារា​​​​ដែលពិបាកធ្វើការ​រឿងពេលវេលា នាង​ក៏មានទម្លាប់មិននិយាយទូរសព្ទដោយអោយតែជំនួយ​​​​​​​ជាអ្នកលើក ហើយ​ពេល​​ណាត់ម៉ោង​​៦ ម៉ោង​​​​​​៨ ឬ​ម៉ោង​​១០ទើប​ដល់ ខណៈដែល​​​​​​​​​ក្នុងថ្ងៃខ្លះគឺនាង​​​​​សុំសម្រាក​​​​​​​​​២បីម៉ោងដោយអះអាងនៅស្រវឹង​​ពីយប់។

​​​លោក ​​​ហេង កក្កដា បន្តថា​លោកមិនដឹងថាអ្វីដែល​​លោក គាំ ចន្ធី ​និយាយពី ​​ឌុច លីដា ជា​ការ​ពិត​​ឬ​​យ៉ាងណានោះទេ ប៉ុន្តែលោកនៅតែ​លើកទឹកចិត្តអោយ​​តារា​សម្ដែងគ្រប់រូបមានការ​​​​​​​​​​​​ទទួលខុសត្រូវ​​ និងគួរកែប្រែទម្លាប់​​​​​​ដើម្បីអោយមានទំនួលខុសត្រូវច្បាស់​​លាស់ ដោយមិន​អាចត្រូវថត​​​​​​ព្រឹកស្អែក ហើយក៏ផឹក​​ដល់យប់​បានទេ។

លោកថា​​​តារា​សិល្បៈបើទោះជាមាន​​ទេពកោសល្យ​ប៉ុណ្ណា​​​ក៏ដោយ ប៉ុន្តែ​​​បើពេល​​​​​ចេញ​ថតមានសភាព​​ងងុយគេង ឬ​​​នៅជាប់​ជាតិស្រវឹងក្នុងខ្លួន គឺ​​អារម្មណ៍​ក្នុងការ​​​​​សម្ដែង និង​​​​​ការលេងទឹកមុខក៏មានផលប៉ះពាល់នោះដែរ ​​ដោយលោកបានចាត់ទុក​ថា​តារាដែលមាន​​​​​​​​​​​​ទម្លាប់មិន​ថែ​សុខ​ភាព​​​​​បែបនេះ គឺ​អារម្មណ៍ក្នុង​ពេលសម្ដែង​ក៏ពិតជា​មិន​​​​ល្អតាម​​​ប្លង់សម្ដែង។

​លោកទទូចអោយ​​​កញ្ញា ឌុច លីដា និង​ផលិតករ​​ធ្វើការសម្របគ្នា ដោយ​លោក​​​​មិនចង់ឃើញឃើញតារា​​សិល្បៈ មានជម្លោះ​​ជាមួយ​ផលិតករនោះទេ។ ​​​យ៉ាងណាមិញ ​លោកថា​លោកក៏មិនកាន់ជើងផលិតករ​​នោះដែរដោយសារតែមាន​ផលិតករ​​ខ្លះក៏មាន​​​​​ទម្លាប់ពិបាក​ដូចគ្នា​ដូចជា​​​រៀបចំ​​​​​ប្លង់ការងារ​ មិនច្បាស់លាស់ និង​​​ពិបាករឿង​លុយ​កាក់ជាដើម​។

​​​​លោក​​និយាយថា​ជម្លោះ​រវាង​​​ផលិតករនិង​​​តួសម្ដែង​​ជាទូទៅគឺមាន​​​កំហុស​បន្តិចម្នាក់ ​​ហើយជម្លោះ​បែបគឺលុះត្រាតែអស់​ការ​អត់ធ្មត់រៀងខ្លួន ទើប​បែក​ចេញ​ក្រៅ។ ​លោកស្នើ​អោយ​ភាគីទាំង​​​បន្ថយ​កំដៅក្នុងការវាយប្រហារ​គ្នា
ហើយក៏ទទូចសុំអោយតារា​សម្ដែងដែលមាន​ទម្លាប់​​អោយ​គេរង់ចាំ​​​​​មានការទទួលខុសត្រូវ​ឡើងវិញ ​ដោយមិនមែនអាង​តែ​ខ្លួនជា​​តួល្បី​​​ហើយ​​​​​បង្កផលលំបាក​ក្នុងពេល​​​សម្ដែងនោះទេ។

ប៉ុន្តែលោកនៅតែអះអាងថា​​មិន​បាន​ដៀមដាមអោយ ឌុច លីដា ក្នុងឃ្លីបរបស់ខ្លួន​​​ឡើយ។ ​​គួរ​​បញ្ជាក់ថា​ហេតុ​ផលនៃជម្លោះគឺដោយសារតែ​​​ ឌុច លីដា ស្នើ​សុំ​បើកលុយ​​៥០ភាគី​​ពីលោក គាំ ចន្ធី​ កាលពីថ្ងៃទី​​១០ ​តុលា ហើយដោយសារតែការ​​​សុំ​​​​បើក​​​នោះត្រូវបាន​​​​ពន្យារ​​ទៅ​​ថ្ងៃស្អែក ​​ទើបបណ្ដាលអោយ ឌុច លីដា ឆេះដុំ​រហូត​ផ្ទុះជម្លោះ​​​តាមឆាត ហើយឈានទៅ​បង្ហោះ​​នៅលើ​​​ហ្វេសប៊ុកវាយ​ប្រហារ​លោក គាំ ចន្ធី ក្រោយការ​​បង្ហោះ​របស់នាង លោក គាំ ចន្ធី​ ក៏ចេញមុខ​វាយបក​មក​វិញ ​​ដោយមកទល់ពេលនេះ នៅមិនទាន់មានប្រតិកម្មណាមួយ​ពី ឌុច លីដា ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ