អាមេរិកបន្តជួយវិស័យឯកជនផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅកម្ពុជា

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 4:42 PM | អភិបាលកិច្ចល្អ | 0 | 1872

ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បាន​ប្រកាស​​​​នូវ​គំនិតផ្តួចផ្តើមថ្មីមួយដែលមានទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយ​លុប​​បំបាត់គម្លាតហិរញ្ញប្បទានសម្រាប់ការផ្តល់សេវាអានាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុង​ប្រទេស​​កម្ពុជា។

គម្រោងហិរញ្ញវត្ថុសម្រាប់ទឹកស្អាតនិងអនាម័យ (WASH-FIN) នឹងជួយដល់​វិស័យ​​​ឯកជន​​​អាច​ផ្គត់ផ្គង់ទឹកស្អាត ដល់អ្នកដែលមានតម្រូវការប្រើប្រាស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក នៅថ្ងៃទី១២ខែតុលានេះ។

បើតាមសេចក្តីប្រកាសដដែល ស្ថានទូតអាមេរិកឲ្យដឹងថា គោលបំណងចំបងនៃគម្រោងទឹកស្អាត និងអនាម័យ ក្នុងប្រទេសកម្ពុជា គឺផ្តល់ការគាំទ្រដល់ប្រតិបត្តិករ​ឯកជន​ ដែលផ្គត់ផ្គង់ទឹកស្អាត អាចទទួលបាននូវប្រាក់ ដែលពួកគេត្រូវការដើម្បីពង្រីក និងធ្វើឲ្យ​ប្រសើរ​ឡើងនូវសេវាទឹកស្អាត និងអនាម័យ។

ទូតអាមេរិក ឲ្យដឹងទៀតថា គម្រោងនេះ កំពុងចាប់ដៃគូជាមួយអាជ្ញាធរផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដើម្បី​ទាញ​យកប្រយោជន៍ពីប្រព័ន្ធ និងចំណេះដឹងក្នុងស្រុកដែលមានស្រាប់។ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ រំពឹង​ទៀតថា​ កម្ចីធនាគារក្នុងស្រុក ដែលកើតចេញពីលទ្ធផលនៃគម្រោងនេះ នឹងជួយពង្រីកការវិនិយោគលើវិស័យ​ទឹកស្អាត និងអនាម័យ ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងប្រជាជន​មាន​សុខភាពកាន់តែប្រសើរឡើង៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required