សេដ្ឋកិច្ច​ម៉ាឡេស៊ី​កើន​​ឡើង ៤.៣%​នៅ​ត្រីមាស​ទី៣ បញ្ចប់​កំណើន​យឺត​យ៉ាវ​៥​ឆ្នាំ

ធនាគារ​កណ្ដាល​ម៉ាឡេស៊ី(រូបភាពពីទីភ្នាក់ងារព័ត៌មាន Channel News Asia)

សេចក្ដីរាយការណ៍ បានឲ្យដឹងថា សេដ្ឋកិច្ចម៉ាឡេស៊ី បានកើនឡើង ក្នុងកម្រិត ៤.៣ភាគរយនៅក្នុងត្រីមាសទី ៣ ក្នុងឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងមក។

សារព័ត៌មាន Channel News Asia បានផ្សាយថា កំណើនសេដ្ឋកិច្ចក្នុងកម្រិតនេះ បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះ វិលទៅរកកំណើនឡើងវិញ បន្ទាប់ពីមានកំណើនយឺតយ៉ាវនៅក្នុងត្រីមាសនីមួយៗអស់រយៈពេល ៥ឆ្នាំកន្លងមក។ ទូរលេខកំណើននេះ បានមកពីការចេញផ្សាយរបស់ធនាគារកណ្ដាលរបស់ម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញ។

ធនាគារកណ្ដាលម៉ាឡេស៊ី បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា កំណើននៅក្នុងវិស័យធំៗ មានដំណើរស្របគ្នានឹងតម្រូវការក្នុងស្រុក។ ធនាគារនេះ បញ្ជាក់ថា វិស័យសំខាន់ៗដែលទទួលបានកំណើន មានសេវកម្មមានកំណើន ៦.១ភាគរយ វិស័យឧស្សាហកម្មមានកំណើន ៤.២ភាគរយ វិស័យរ៉ែ កើនឡើង ៣.៦ភាគរយ និងវិស័យសំណង់កើនឡើង ៧.៩ភាគរយ។ ទោះជាយ៉ាងណា វិស័យកសិកម្មបែរជាធ្លាក់ចុះអស់ ៥.៩ភាគរយទៅវិញ។

តម្រូវការក្នុងស្រុក ដោយមិនរាប់បញ្ចូលកំណើនទីផ្សារភាគហ៊ុននោះ បានកើនឡើង ៤.៧ភាគរយនៅត្រីមាសទី ៣ កន្លងមកនេះ បើធៀបនឹងត្រីមាសទី ៣ ឆ្នាំ២០១៥កន្លងមក។ ចំណែកការនាំចេញទំនិញ និងសេវាកម្ម ក៏បានកើនឡើង ៥.៩ភាគរយផងដែរ។

ការចំណាយរបស់វិស័យឯកជន បានកើនឡើង ៦ភាគរយ ដោយការចំណាយលើការប្រើប្រាស់របស់វិស័យឯកជន កើនឡើង ៦.៤ភាគរយ ខណៈការវិនិយោគរបស់វិស័យនេះ បានកើនឡើង ៤.៧ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ