សមត្ថកិច្ច​​រាជ​ធានី​ឃាត់​ម៉ូតូ​កង់​បី​១៧០​គ្រឿង​គ្មាន​ចុះ​បញ្ជីការ​ត្រឹម​ត្រូវ

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 10:02 AM | សង្គមសន្ដិសុខ | 0 | 4909 រូបភាព​ពីសាលារាជធានីភ្នំពេញ

ម៉ូតូ​កង់​បី​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​ចំនួន ១៧០​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ឃាត់​ទុក ដោយ​ថា ពុំ​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ ប៉ុន្តែ ត្រូវ​បាន​សម្រប​សម្រួល​ទៅ​វិញ ដោយ​លើក​ហេតុ​ផល​ថា ជា​ការ​សម្រួល​ដល់​ជីវភាព​។

រដ្ឋបាលសាលារាជធានីភ្នំពេញ បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់​ខ្លួន​កាលថ្ងៃទី១១ ខែវិច្ឆិកា​ថា ម៉ូតូ​កង់​បី​​ប្រមាណជា ១៧០គ្រឿង កំពុងប្រកបអាជីវកម្មរត់ឈ្នួលនៅរាជធានីភ្នំពេញ ដោយពុំបានចុះ​បញ្ជី និង​ពុំ​មាន​ស្លាក​លេខសម្គាល់ត្រឹមត្រូវ ហើយត្រូវបានអាជ្ញាធរឃាត់យកទៅ​រក្សាទុកជាបណ្តោះអាសន្ន​នៅស្នង​ការដ្ឋាន​នគរបាលរាជ​ធានីភ្នំ​ពេញ​។

រដ្ឋបាលសាលារាជធានីភ្នំពេញបន្តថា ដោយមើលឃើញពីការខ្វះខាតជីវភាពរបស់ម្ចាស់ម៉ូតូកង់បីមួយចំនួន ក៏ដូច​ជាដើម្បីសម្រួលការងារដល់ពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំបំពេញបែបបទចុះ​បញ្ជី​ និងធ្វើស្លាក​លេខ​ឲ្យ​ម៉ូតូ​កង់បីទាំងអស់នោះ។

ជាមួយគ្នានោះ សាលារាជធានីបានពុំបានចាត់វិធានការណាមួយដើម្បីផាកពិន័យនោះទេ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់ម៉ូតូកង់បី​ទាំងនោះ ត្រៀមឯកសារពាក់ព័ន្ធ ដើម្បីយកមកទៅចុះបញ្ជី និង​ធ្វើស្លាកលេខ ​ចាប់​ពី​ព្រឹក​ថ្ងៃទី១២ ខែវិច្ឆិកានេះ។

ទោះបីជាយ៉ាងណា រដ្ឋបាលសាលារាជធានីភ្នំពេញបញ្ជាក់ថា ការឃាត់ម៉ូតូកង់បីទាំងនោះ ជាការពង្រឹងការ​អនុវត្តន៍​ច្បាប់ ពិសេសច្បាប់​ចរាចរណ៍​ផ្លូវគោកតែប៉ុណ្ណោះ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required