អតីត​មេ​បក្ស​ប្រឆាំងជំរុញ​ឲ្យ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​ឆាប់

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 12:10 PM | នយោបាយ | 0 | 38807 ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី

អតីត​មេបក្ស​ប្រឆាំង ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​ជំរុញ​ឲ្យ​រំលាយ​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ឆាប់ ដោយ​ថា សម្ពាធ​ទាំង​អស់​នឹង​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អះ​អាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា នឹង​ត្រូវ​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

អតីតប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី បានថ្លែងជំរុញបែបនេះ​នៅ​ថ្ងៃ​អាទិត្យ​នេះ អំឡុង​សិក្ខាសាលាស្តីពីសិទ្ធិមនុស្ស និងលទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​ នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក។

លោក សម រង្ស៊ី បាន លើកឡើងថា៖ «បើធ្វើល្មមៗអត់អីទេ គេម្នាក់ៗអត់ធ្មត់ ចាំមើលក្រែងគ្រាន់បើជាងមុន ហើយ ហ៊ុន សែន ពូកែណាស់ ពូកែបោកគេថា ខ្ញុំនឹងធ្វើឲ្យគ្រាន់បើជាងមុន កាន់តែល្អជាងមុន។ តែ​នេះ​មិន​មែន​គ្រាន់​បើ​ជាង​មុនទេ កាន់តែយ៉ាប់ទៅៗ ហើយម្ដងនេះ វាហួសហេតុហ្មង ឆ្លងទៅហួសបន្ទាត់ក្រហម គេ​ឈប់​និយាយ​រក។ អញ្ចឹង​ខ្ញុំចង់ឲ្យរំលាយថ្ងៃ១៦ហ្នឹង រំលាយឲ្យឆាប់ ហ៊ុន សែន កាន់តែឆាប់ចប់ខ្លួនឯង។ ពេល​រំលាយ យើង​នឹង​មាន​​រដ្ឋាភិ​បាល​ថ្មីមួយចេញពីការបោះឆ្នោតត្រឹមត្រូវ ដែលដឹកនាំដោយសង្គ្រោះជាតិ»។

លោក សម រង្ស៊ី បាន​បញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ រដ្ឋាភិបាល​​មួយ​នេះ នឹងមិន​មាន​ភាព​ស្របច្បាប់ចាប់ពីឆ្នាំក្រោយ ដោយសារ​អន្តរជាតិ​មិន​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត។

អតីត​មេបក្ស​ប្រឆាំង​រូប​នេះ បាន​បន្ថែម​ថា ជាមួយ​គ្នា​នោះ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នឹង​រៀប​ចំ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ការ​ដាក់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចូលក្នុងបញ្ជីទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងបញ្ឈប់​ការ​ផ្ដល់​ទិដ្ឋាការឲ្យ​ចេញចូល ឬក៏អាច​រឹប​​អូស​យក​ទ្រព្យ​សម្បត្តិ​ទៀតផង។

ទោះបីជាយ៉ាងណាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជនអាស៊ាន ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជាក់​ជាថ្មីទៅសហគមន៍អន្ដរជាតិ​ថា កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងថា អ្នកណាទទួលស្គាល់លទ្ធផលបោះឆ្នោតនាឆ្នាំក្រោយ ឬ​អត់នោះ គឺកម្ពុជា មិនខ្វល់ទេ។

លោក ហ៊ុន សែន ថ្លែងបន្ដថា ទោះបីជាប្រទេសណាចង់ ឬ​មិនចង់ទទួលស្គាល់រដ្ឋាភិបាល កើតក្រោយ​ការបោះ​ឆ្នោត នៅឆ្នាំក្រោយក៏ដោយ លោកថា វាមិនសំខាន់នោះទេ ដោយថា កម្ពុជា​មានច្បាប់ និងស្ថាប័នកំពូលរបស់ខ្លួន ដែល​លោក​ថា អាចវាយតម្លៃពីភាពស្របច្បាប់នៃការបោះឆ្នោតនោះ។

គណបក្ស​សង្គ្រោះជាតិ កំពុង​ប្រឈម​មុខ​នឹង​ការ​រំលាយ​ចោល​នៅ​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​គណបក្ស​នេះ​ត្រូវ​បាន​ចោទ​ថា ចូលរួម​ជា​ប្រព័ន្ធ​ជាមួយ​ប្រធាន​បក្ស លោក កឹម សុខា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ»៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required