ត្រាំ ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​ហៅ​លោក​ថា «តា​ចាស់» តែ​ថា ព្យាយាម​ធ្វើ​ជា​មិត្ត

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 11:04 AM | នយោបាយអន្តរជាតិ | 0 | 6103

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​នេះ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ប្រមាថ​រូប​លោក ដោយ​ហៅ​លោក​ថា «តា​ចាស់» ហើយ​លោក​ថា លោក​នឹង​មិន​ហៅ​លោក គីម ថា «អា​កន្តឿ»​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​ថា មេដឹកនាំ​អាមេរិក​បាន​លើក​ឡើង​បែប​នេះ ក្រោយ​ពី​លោក ត្រាំ បាន​ចូល​រួម​កិច្ច​ប្រជុំ​វេទិកា​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC នៅ​ប្រទេស​វៀតណាម។

នៅ​ក្នុង​សារ​បង្ហោះ​ជា​បន្ត​បន្ទាប់​នៅ​លើ Twitter​ នោះ លោក ត្រាំ ក៏​បាន​និយាយ​ផង​ដែរ​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង កំពុង​តែ​បង្កើន​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី​ផលិត​គ្រាប់​មីស៊ីល និង​គ្រាប់​បែក​នុយក្លេអ៊ែរ​របស់​រដ្ឋ​ឯកោ​មួយ​នេះ ដែល​លោក ស៊ី ចង់​ឲ្យ​ក្រុង​ព្យុងយ៉ាង «រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ»។

អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ ទៅ​កាន់​ក្រុង​ប៉េកាំង​កាល​ពី​សប្ដាហ៍​មុន លោក ស៊ី បាន​អះ​អាង​ថា ចិន​នឹង​ព្យាយាម​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ ពុំ​បង្ហាញ​នូវ​តម្រុយ​ណា​មួយ​ថា ចិន​នឹង​ផ្លាស់​ប្ដូរ​​វិធានការ​ទៅ​លើ​កូរ៉េ​ខាង​ជើង​នោះ​ឡើយ ខណៈ​ដែល​ចិន​មាន​ប្រវត្តិ​សាស្ត្រ​ជា​មិត្ត​រួម​អាវុធ​ប្រឆាំង​នឹង​កង​ទ័ព​អាមេរិក​នៅ​ក្នុង​សង្គ្រាម​កូរ៉េ​ចន្លោះ​ឆ្នាំ​១៩៥០ ដល់​១៩៥៣។

លោក ត្រាំ បាន​សរសេរ​សារ​បង្ហោះ​ថា៖ «ហេតុអ្វី​បាន​ជា គីម ជុងអ៊ុន ប្រមាថ​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​ថា តា​ចាស់ ខណៈ​ដែល​ខ្ញុំ​មិន​ដែល​ហៅ​គេ​ថា អា​កន្ត្រឿ ផង។ អូ…ល្អ…ខ្ញុំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ជា​មិត្ត​របស់​គេ ហើយ​ប្រហែល​ជានៅ​ថ្ងៃ​ណា​មួយ វា​នឹង​កើត​ឡើង»។

ទាំង​លោក ត្រាំ និង ​លោក គីម សុទ្ធ​តែ​បាន​ផ្លោង​សម្ដី​ដាក់​គ្នា​ប៉ុន្មាន​ខែ​មក​នេះ ចំ​ពេល​មាន​ភាព​តាន​តឹង​ខ្លាំង​ជុំ​វិញ​កម្មវិធី​គ្រាប់​មីស៊ីល និង​គ្រាប់​បែក​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង ខណៈ​ដែល​កូរ៉េ​ខាង​ជើង​ប្រឹងង​ប្រែង​សម្រេច​គោលដៅ​ផលិត​មីស៊ីល​បំពាក់​ដោយ​គ្រាប់​បែក​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ទៅ​ដល់​ដែន​ដី​អាមេរិក៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required