មន្ត្រី​អភិរក្ស​ថា សត្វ​ផ្សោត​បង្កើត​បាន​កូន​៩​ក្បាល​ឆ្នាំ​នេះ​ តែ​ស្លាប់ ២​ក្បាល​វិញ

រូបភាពពី WWF

មន្ត្រី​អភិរក្ស​ធន​ធាន​ធម្មជាតិ បាន​ឲ្យ​ដឹង​ថា សត្វ​ផ្សោត​ទន្លេ​មេគង្គ បាន​បង្កើត​បាន​កូន ៩​ក្បាល​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ បាន​ស្លាប់​ទៅ​វិញ​ចំនួន ២​ក្បាល ខណៈ​ដែល​មន្ត្រី​កម្ពុជា​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​ទៅ​លើ​សត្វ​ដ៏​កម្រ​មួយ​ប្រភេទ​នេះ កើត​ចេញ​ពី​សំណង់​ទំនប់​វារី​អគ្គិសនី។

​មូលនិធិ​សត្វ​ព្រៃ​ពិភព​លោក ហៅ​កាត់​ថា WWF បាន​រៀបចំ​វេទិកា «សត្វ​ផ្សោត​ទន្លេ​មេគង្គ​ឆ្នាំ​២០១៧» កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​កន្លង​មក​នេះ នៅ​ឯ​ខេត្ត​ក្រចេះ ជា​ទីដែល​មាន​មនុស្ស​ចូល​រួម​ប្រមាណ ៣០០​នាក់។

នាយក​អង្គការ WWF លោក សេង ទៀក បាន​ឲ្យ​ដឹង​ថា ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ បាន​កើន​ឡើង ៩​ក្បាល​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៧​នេះ ប៉ុន្តែ ស្លាប់​ទៅ​វិញ ២​ក្បាល​បាន​ស្លាប់​ទៅ ខណៈ​ដែល​សត្វ​ផ្សោត​​បង្កើត​កូន​បាន ១១​ក្បាល កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ បាន​ស្លាប់​ទៅ​វិញ​អស់ ៦​ក្បាល។

លោកបានបញ្ជាក់ថា៖«WWF កម្ពុជា រួមសហការជាមួយនឹង​រដ្ឋបាលជលផល និងអាជ្ញាធរពាក់ពន្ធ័ នឹងបន្តខិតខំនូវកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បី​​​​​​ឲ្យលទ្ធផលនៃការអភិរក្សសត្វផ្សោតរបស់យើង សម្រេចបានជោគជ័យកាន់តែប្រសើ»

លោក សេង ទៀក បានបន្ថែមទៀតថា​ សត្វផ្សោត គឺជារតនៈសម្បត្តិមានជីវិត ដែលផ្តល់អត្ថប្រយោជន៍យូអង្វែងសម្រាប់ប្រជាពលរដ្ឋ តាមរយៈភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល​ទៅ​ទស្សនា។

អគ្គនាយកនៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អេង ជាសាន បានថ្លែងថា បញ្ហាប្រឈមរបស់សត្វផ្សោតនាពេលបច្ចុប្បន្ននេះ​ គឺការនេសាទខុសច្បាប់ ពិសេស​ការសាងសង់ទំនប់វារីអគ្គីសនីលើដៃទន្លេមេគង្គ ដែលជាកត្តាចម្បងធ្វើឲ្យ​ប៉ះពាល់ដល់ការរស់នៅរបស់សត្វផ្សោត។

លោកបានបញ្ជាក់ថា៖ «យើងមានការប្ញេជ្ញាខ្ពស់​ក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយទន្ទឹមនឹងនោះដែរ យើងក៏យល់ដឹងដែរ​ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ជាការចាំបាច់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែរ»

អង្គការអភិរក្សធនធានធម្មជាតិ WWF កម្ពុជា បានអះអាងថា ចំនួនសត្វផ្សោតនាពេលបច្ចុប្បន្ននេះ មានត្រឹមតែប្រមាណជិត ១០០ក្បាលប៉ុណ្ណោះ ខណៈកាលពី ១០០​ឆ្នាំ​ មានរហូតទៅដល់ប្រមាណ ៣០០០ក្បាល ដែលរស់នៅតាមទន្លេមេគង្គ និងទន្លេសាប ក្នុងប្រទេសកម្ពុជា៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ