លិខិតមិត្តអ្នកអាន៖ ទំនង

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 10:49 AM | លិខិតមិត្តអ្នកអាន | 0 | 2573 លោក កឹម សុខា និងលោក ហ៊ុន សែន​កាល​ពី​ពេល​កន្លង​ទៅ​ (រូបថត Fresh​​​ News)

នៅដំណាក់កាលចុងក្រោយនេះ ស្ថានការណ៍នយោបាយបានធូរស្រាលបន្តិចឡើងវិញ ដោយការលើកលែងទោសលោក កឹម សុខា និងលោកមេឃុំ ស៊ាង ចែត។ យ៉ាងណាក៏ដោយ សកម្មជនគណបក្សសង្គ្រោះជាតិ មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប ក៏ដូចជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក អ៊ំ សំអាន លោក ហុង សុខហួរ និងលោក សម រង្ស៊ី ដែលជាប្រធានគណបក្សនេះ នៅមិនទាន់មានការលើកលែងទោស និងដោះលែងនៅឡើយទេ។

អ្នកតាមដាននយោបាយ និងអ្នកវិភាគ មានចម្ងល់ និងមានការយល់ឃើញខុសៗគ្នា។ ប៉ុន្តែពួកគេភាគច្រើនយល់ថា អ្វីដែលកំពុងតែកើតឡើងនេះ គឺជាល្បិចក្នុងការបំបែកគណបក្សសង្គ្រោះជាតិ ឬធ្វើឲ្យគណបក្សប្រឆាំងមួយនេះចុះខ្សោយ។ ដើម្បីយល់រឿងកំពុងកើតឡើង គេត្រូវក្រឡេកមើលទៅក្រោយឡើងវិញ គឺប្រវត្តិរឿងរ៉ាវដែលនាំឲ្យស្ថានការណ៍តឹងតែង។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ សូមមិននិយាយពីរឿងលួចបន្លំសន្លឹកឆ្នោតទៀតទេ ព្រោះរឿងនោះវានាំឲ្យមានការកែទម្រង់គ.ជ.ប រួចហើយ ប៉ុន្តែនៅបញ្ហាធំបីដែលសំខាន់ គឺទី១ រឿងដែលអ្នកនាំពាក្យស្ថានទូតវៀតណាមនិយាយថា ទឹកដីកម្ពុជាក្រោមជាទឹកដីដូនតាខ្លួនជាយូរលង់មកហើយ មិនមែនបានមកដោយសារបារាំងកាត់ឲ្យនោះទេ ជាហេតុនាំឲ្យមានការតវ៉ានៅមុខស្ថានទូតវៀតណាមនៅភ្នំពេញ ទាមទារឲ្យមានការសុំទោសរឿងដែលបាតុករចាត់ទុកថាជាការបំភ្លៃប្រវត្តិសាស្ត្រ ទី២ គឺការខ្វែងគំនិតគ្នារវាងគណបក្សនយោបាយទាំងពីរក្នុងការប្រើប្រាស់ផែនទី ដើម្បីបោះបង្គោលព្រំដែនកម្ពុជា វៀតណាម និងទី៣ គឺជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលផ្ទុះឡើងសឹងពេញផ្ទៃប្រទេសក្នុងពេលដំណាលគ្នា។

ក្រោយពេលបំបែក និងតាមចាប់ខ្លួនក្រុមបាតុករប្រឆាំងស្ថានទូតវៀតណាម ក្រោយការចាប់ខ្លួនអ្នកគាំទ្របក្សប្រឆាំង ក៏ដូចជាអ្នកមានជម្លោះដីធ្លី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនដាក់ពន្ធនាគារ បញ្ហាស្រួចស្រាល់ទាំងអស់ខាងលើ បានរលត់ទៅវិញ ព្រោះទាំងគណបក្សប្រឆាំង ទាំងអង្គការសិទ្ធិមនុស្ស នាំគ្នាងាកមកទាមទារឲ្យតុលាការ ដែលគេយល់ថាជាឧបករណ៍ស្របច្បាប់របស់គណបក្សកាន់អំណាច ឲ្យដោះលែងមនុស្សមកវិញ។ ជាបន្តបន្ទាប់មកទៀត មានករណីដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា ករណីវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើឲ្យបក្សប្រឆាំងធ្វើពហិការមិនចូលប្រជុំសភា ហើយសភាពការណ៍នយោបាយប្រែពីតឹងតែងនៅថ្នាក់ជាតិ ឡើងនៅលើឆាកអន្តរជាតិ ក្រោយពេលលោកសម រង្ស៊ី រស់និរទេស លោកកឹម សុខា ត្រូវឃុំខ្លួនក្នុងទីស្នាក់ការបក្ស និងជាពិសេសក្រោយករណីសម្លាប់លោក កែម ឡី។

ពេលលោក កឹម សុខា ត្រូវឃុំឃាំងខ្លួនឯងក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនោះ មន្ត្រីស្ថានទូតបរទេសជាច្រើនបានចូលសួរសុខទុក្ខ ដូចជាស្ថានទូតអូស្ត្រាលី អាមេរិក ជប៉ុន តំណាងសហភាពអឺរ៉ុប និងតំណាងអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាដើម។ ចំណែកឯ លោក សម រង្ស៊ី បានដើរធ្វើនយោបាយនៅលើឆាកអន្តរជាតិ ទាញចំណាប់អារម្មណ៍ឲ្យអង្គការសហប្រជាជាតិមើលមកឃើញស្ថានការណ៍នយោបាយនៅកម្ពុជា ថាកំពុងដើរដល់ចំណុចគ្រោះថ្នាក់បំផុត។ អ្នកខ្លះរិះគន់ថា លោក សម រង្ស៊ី កំសាក ខ្លាចគុក ប៉ុន្តែអ្នកខ្លះថា លោក សម រង្ស៊ី ជាមនុស្សឆ្លាត មានទំនាក់ទំនងល្អលើឆាកអន្តរជាតិ បើសិនជាលោកត្រូវបានគណបក្សកាន់អំណាចឃុំឃាំងនៅក្នុងប្រទេស តើមាននរណាចេញទៅធ្វើនយោបាយនៅលើឆាកអន្តរជាតិ ឲ្យគេចាប់អារម្មណ៍ពីបញ្ហាកម្ពុជានោះ។

ចំណុចតឹងតែងបំផុត គឺត្រូវចាប់លោក កឹម សុខា ដាក់គុក ព្រោះតុលាការកំពូលបានប្រកាសតម្តល់សាលក្រមរបស់សាលាឧទ្ធរណ៍រួចទៅហើយ។ គេដឹងជាយូរមកហើយថា ចំណាត់ការតាមផ្លូវតុលាការ គឺជាការបង្អើល បំភ័យឲ្យលោករត់គេចខ្លួនទៅក្រៅប្រទេស ដូចលោក សម រង្ស៊ីដែរ គឺគេគ្មានបំណងចាប់លោកដាក់គុកឡើយ។ ប៉ុន្តែនៅពេលដែលលោកមិនរត់ តើរដ្ឋាភិបាលរបស់បក្សប្រជាជនហ៊ានចាប់លោកទេ ខណៈភ្នែកអន្តរជាតិកំពុងតែចាប់អារម្មណ៍លើកម្ពុជានោះ។

គួរកត់សម្គាល់ថា នៅមុនពេលមានការលើកលែងទោសលោក កឹម សុខា គឺមានស្ថានការណ៍ពីរបានកើតឡើង។ ទី១ គឺព័ត៌មានពីចេតនាក្នុងការកែធម្មមនុញ្ញមាត្រា២ ដែលចែងពីការប្រើផែនទីខ្នាតមួយលើមួយរយពាន់ មកជាខ្នាតមួយលើហាសិបពាន់វិញ ប៉ុន្តែក្រោយលេច ឮព័ត៌មាននេះភ្លាម មតិរិះគន់លើបណ្ដាញសង្គមក៏ផ្ទុះខ្លាំងណាស់ដែរ ទី២ គឺការបែកធ្លាយទំនាក់ទំនងគ្រួសារត្រកូលហ៊ុន និង ធី សុវណ្ណថា។ ភ្លាមៗ ក្រោយការបែកធ្លាយទំនាក់ទំនងគ្រួសារត្រកូលហ៊ុន ជាមួយធី សុវណ្ណថា នេះ គេគិតថា ជាការបន្សាបព័ត៌មានទី១ ដែលនិយាយពីចេតនាចង់កែរដ្ឋធម្មនុញ្ញ។ ប៉ុន្តែក្រោយការលើកលែងទោសលោក កឹម សុខា និងលោក ស៊ាង ចែត មតិមួយចំនួនបន្តគិតថា ការបែកធ្លាយទំនាក់ទំនងគ្រួសារត្រកូលហ៊ុន ជាមួយធី សុវណ្ណថានោះ អាចជាការស្រាយចំណងមួយ ដែលអ្នកណាអ្នកចង អ្នកនោះជាអ្នកស្រាយ។

ប៉ុន្តែ មានមតិជាច្រើនផ្សេងទៀតយល់ឃើញខុសៗគ្នាលើការបែកធ្លាយរឿងគ្រួសារនេះ។ ទី១ គេថាអាចដោយសាររឿងស្នេហាត្រីកោណ ហើយការបញ្ចេញឯកសារនេះគឺអាចមេធំរបស់លោក ហ៊ុន សែន ជាអ្នកបញ្ចេញ មិនមែន ផែ សុវណ្ណរិទ្ធិ ថ្លើមធំហ៊ានបញ្ចេញរឿងនេះ ដោយគ្មានបញ្ជាពីមេធំនោះទេ។ តើមេធំរបស់លោក ហ៊ុន សែន ជានរណា? នៅក្នុងសង្គមខ្មែរ គេមានពាក្យថា ប្ដីស័ក្តិបី ប្រពន្ធស័ក្តិបួន។ ដូច្នេះមិនបាច់ឆ្ងល់ថា មេធំនោះជានរណាទេ។ អ្នកវិភាគក្រុមនេះយល់ថា ការបញ្ចេញឯកសារនេះ គឺដើម្បីទប់ស្កាត់កុំឲ្យរឿងរ៉ាវឈានទៅដល់ដូចករណី ពិសិដ្ឋ ពិលិកា ព្រោះថា បើស្ដាប់ការទាក់ទងគ្នានោះដូចជាល្អូនល្អឺន និងស្និទ្ធស្នាលណាស់ ហើយថែមទាំងមានណាត់បាយទឹកជាមួយគ្នាទៀតផង។ មនុស្សមួយក្រុមទៀតថា ការបែកធ្លាយនេះ ជាសំណាងរបស់លោកកឹម សុខា ព្រោះជាយូរហើយទាំងលោក កឹម សុខា ទាំងគណបក្សសង្គ្រោះជាតិ តែងតែនិយាយប្រាប់សាធារណជន និងអ្នកកាទូតអន្តរជាតិថា ការចោទប្រកាន់លើរូបលោកនោះ គឺជារឿងនយោបាយ ហើយក្នុងឯកសារបែកធ្លាយនេះក៏មាននិយាយពីផែនការធ្វើបាបលោក កឹម សុខាដែរ។ ប្រការនេះ ធ្វើឲ្យបក្សកាន់អំណាចមិនអាចទប់ទល់នឹងសាធារណមតិ ក៏ដូចសម្ពាធពីអន្តរជាតិបានទេ ដូច្នេះ មានតែលើកលែងទោសលោក កឹម សុខា។

អ្នកខ្លះថា ការទម្លាយឯកសារនោះ អាចជាល្បិចមួយរបស់បក្សកាន់អំណាច ដើម្បីបំបែកបំបាក់សាមគ្គីភាពរបស់គណបក្សសង្គ្រោះជាតិ ធ្វើឲ្យសមាជិក សមាជិការលែងទុកចិត្តគ្នា ព្រោះក្នុងឯកសារបែកធ្លាយនោះមាននិយាយដល់មនុស្សពីរបីនាក់ នៅក្នុងគណបក្សសង្គ្រោះជាតិ ដែលលោក ហ៊ុន សែន អាចបញ្ជាបាន។ ប៉ុន្តែមានមតិមួយថា បក្សកាន់អំណាចមិនអាចយកល្បិចបែបនេះមកប្រើបានទេ ព្រោះវាដូចជាការហែកខោបំផ្លាញកិត្តិយសខ្លួនឯង។ ឯមតិមួយលើកផ្ទុយមកវិញថា បក្សកាន់អំណាចមិនគិតរឿងកិត្តិយសអីនោះទេ គឺធ្វើយ៉ាងម៉េចឲ្យតែបក្សប្រឆាំងចុះខ្សោយ នោះបក្សកាន់អំណាចនឹងឈ្នះការបោះឆ្នោតតទៅទៀត។ ចំណុចនេះ ប្រហែលជាសមរម្យដែរ បើស្ដាប់ប្រសាសន៍លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបាននិយាយថា ការធ្វើនយោបាយ គឺធ្វើយ៉ាងណាឲ្យគូប្រកួតចុះខ្សោយ។

អ្នកខ្លះទៀតយល់ថា ការលើកលែងទោសលោក កឹម សុខា និងលោក ស៊ាង ចែត អាចពាក់ព័ន្ធនឹងថ្នូរនយោបាយអ្វីមួយ ជាពិសេសគឺការកែរដ្ឋធម្មនុញ្ញមាត្រាពីរ ព្រោះលោក សម រង្ស៊ី ក៏បានព្រលយពាក្យពីក្រៅប្រទេសមកថា យល់ស្របនឹងសំណើនេះដែរ។ ប៉ុន្តែចំណុចនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យែម ប៉ុញ្ញឫទ្ធិ បានផ្ដល់ការសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី ដោយនិយាយថា មិនមានថ្នូរអ្វីទេ គឺជាការព្រមព្រៀងគ្នាបញ្ចប់វិបត្តិនយោបាយតែប៉ុណ្ណោះ។ លោក កឹម សុខា តែងតែមានប្រសាសន៍ជាមួយអ្នកគាំទ្រថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដឹងច្បាស់ពីផលប្រយោជន៍ជាតិ និងការពារផលប្រយោជន៍ជាតិជាធំ បើសង្គ្រោះជាតិយល់ស្របកែរដ្ឋធម្មនុញ្ញតាមការចង់បានរបស់ភាគីម្ខាងទៀតនោះ គឺប្រហែលជាធ្វើជាយូរមកហើយ មិនបណ្ដោយឲ្យគេចាប់សមាជិក និងអ្នកគាំទ្រខ្លួនដាក់ពន្ធនាគារនោះទេ។ លោកបន្ថែមថា ការកែរដ្ឋធម្មនុញ្ញមាត្រា២ គឺជាការសម្លាប់ជីវិតនយោបាយរបស់គណបក្សសង្គ្រោះជាតិទាំងស្រុង។

ផ្អែកលើការមតិទាំងអស់ខាងលើនេះ គេយល់ថា ការលើកលែងទោសលោក កឹម សុខា អាចជាសញ្ញាណល្អមួយ ដែលអាចថ្នាក់ដឹកនាំគណបក្សទាំងពីរពិភាក្សាគ្នាពីការការពារថ្នាក់ដឹកនាំបក្សកាន់អំណាចមិនឲ្យមានការសងសឹក ឬកាត់ទោសជាដើម នៅពេលដែលគេអស់អំណាច ហើយព្រមផ្ទេរអំណាចដោយសន្តិវិធី។ ព្រោះថា អ្នកមានអំណាច បើដឹងថាអស់អំណាចទៅត្រូវគេធ្វើបាប សងសឹក តើនរណានឹងសុខចិត្តចុះចេញពីអំណាចនោះ គេប្រាកដជានឹងក្រាញរហូតដល់ដំណាក់កាលចុងក្រោយ ហើយបើដល់ដំណាក់កាលនោះមែន អ្នកដែលខូចប្រយោជន៍ គឺប្រជារាស្ត្រ និងប្រទេសជាតិ។ យ៉ាងណាក៏ដោយ មនុស្សមួយក្រុមនិយាយថា ស៊ីភីភី មានកលល្បិចខ្ពស់ណាស់ បើត្រូវដាក់ខ្លួន គឺដាក់ខ្លួនទាបដោយឱនលំទោន តែបើមានឱកាស នឹងដើរពើងទ្រូងភ្លាម ព្រោះស៊ីភីភី ធ្លាប់ប្រើល្បិចបំបែកហ្វ៊ុនស៊ីនប៉ិចបានជោគជ័យរួចមកហើយ។

ក្នុងករណីនេះ បើអាល័យតែសង្ស័យមុខក្រោយនោះ គឺធ្វើអ្វីមិនកើតទេ។ តាមទ្រឹស្ដីនៅក្នុងសៀវភៅស្រីហិតោបរទេស ដែលតែងតែមានគំនិតពីរផ្ទុយគ្នាជានិច្ចនោះ ដំណោះស្រាយដែលល្អគឺត្រូវមើលទំនង ថាតើអ្វីដែលកំពុងតែកើតឡើងនោះវាសមហេតុផលដែរឬទេ។ នៅពេលដែលព្រាបនាំគ្នាហើររកចំណី ហើយឃើញចំណីដែលព្រានបាចកណ្ដាលស្រែដើម្បីដាក់លប់ចាប់ព្រាបនោះ មេព្រាបបាននិយាយដាស់តឿនកូនចៅឲ្យមើលទំនងថា កណ្ដាលព្រៃនិគមស្ងាត់ មិនសមមានចំណីរាយប៉ាយបែបនេះទេ លុះណាតែមានជនឯណាមានចេតនា យកវាធ្វើជានុយ ជាអន្ទាក់ ប៉ុន្តែពួកព្រាបជាបរិវានិយាយថា បើអាល័យតែសង្ស័យមុខក្រោយដូច្នោះ តើធ្វើម្ដេចនឹងអាចរកស៊ីចិញ្ចឹមជីវិតបាន។ ពួកគេក៏នាំគ្នាហើរចុះទៅចឹកស៊ីចំណីនោះ ហើយក៏ជាប់លប់ព្រានព្រៃមែន។

ដូច្នេះ សំខាន់ណាស់ក្នុងការពិនិត្យមើលទំនង មើលដាន មើលភាពសមហេតុផល ដើម្បីដឹងពីកលល្បិចរបស់គូប្រគូតនយោបាយ៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required