តម្លៃ​ប្រេង​ស្ទុះ​ងើប​ឡើង​វិញ​ក្រោយ​បណ្ដា​ប្រទេស​ផលិត​ប្រេង​ឯកភាព​កាត់​បន្ថយ​ទិន្នផល

តម្លៃប្រេងបានហក់ឡើងជាង ៥ភាគរយនៅថ្ងៃចន្ទនេះ បន្ទាប់ពីបណ្ដាប្រទេសផលិតប្រេងជាសមាជិកអង្គការ OPEC និងមិនមែនជាសមាជិកអង្គការ OPEC បានឯកភាពគ្នាក្នុងការកាត់បន្ថយទិន្នផលប្រេង និងកាត់បន្ថយផលិតកម្មប្រេងសកល ខណៈដែលតម្លៃប្រាក់ដុល្លារបន្តមានកំណើន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងរវាងបណ្ដាប្រទេសសមាជិកអង្គការ OPEC និងបណ្ដាប្រទេសផលិតប្រេងមួយចំនួនទៀត គឺជាសកម្មភាពរួមគ្នាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០១មក បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះទាបអស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលនាំឲ្យរដ្ឋាភិបាលជាច្រើនប្រឈមមុខនឹងកង្វះថវិកា និងជំរុញឲ្យមានចលាចលក្នុងប្រទេសនានាចាប់ពីមជ្ឈឹមបូព៌ា រហូតដល់តំបន់អាមេរិកឡាទីន។

ប្រេងឆៅសម្រាប់លក់ក្នុងខែកុម្ភៈខាងមុខ បានកើនឡើង ៥ភាគរយ ឬមានតម្លៃ ៥៦.៩៤ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទនេះ ខណៈតម្លៃប្រេងឆៅនៅអាមេរិក បានកើនឡើងប្រហាក់ប្រហែលគ្នាទៅដល់តម្លៃ ៥៤.០៧ដុល្លារក្នុងមួយបារ៉ែល។

តម្លៃរូបិយប័ណ្ណ និងតម្លៃភាគហ៊ុនថាមពល ក៏បានកើនឡើងផងដែរ បន្ទាប់ពីទទួលបានកំណើនខ្លាំងនៅលើទីផ្សារ Wall Street កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ទីផ្សារភាគហ៊ុនថាមពល និងធនធាន បានជួយជំរុញកំណើនរូបិយប័ណ្ណដុល្លារអូស្ត្រាលី ០.៣ភាគរយ ប៉ុន្តែ តម្លៃផ្សារហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិក លើកលែងតែជប៉ុនចេញ មិនមានកំណើននោះឡើយ បន្ទាប់ពីទទួលបានកំណើនខ្លាំងកាលពីសប្ដាហ៍មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ