មេដឹកនាំ​ហ្វីលីពីន​ច្រាន​ចោល​ការទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​បន្ថែម

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (Reuters)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាលពីថ្ងៃម្សិលមិញ បានច្រានចោលសំណើរបស់ក្រុមឧទ្ទាមម៉ៅ ដែលបានទាមទារឲ្យដោះលែងអ្នកទោសបន្ថែមទៀត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដោយលោកនិយាយថា លោកបានធ្វើសម្បទានល្មមគ្រប់គ្រាន់ហើយ ហើយលោកនឹងទុកឲ្យការចរចាសន្តិភាពបរាជ័យ ប្រសិនបើចាំបាច់នោះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ជាច្រើនទសវត្សរ៍មកហើយ រដ្ឋាភិបាល និងពួកឧទ្ទាមកុម្មុយនីស្ត ឬរណសិរ្សប្រជាធិបតេយ្យជាតិ បានរៀបចំការចរចាសន្តិភាព ប៉ុន្តែ មិនទទួលបានជោគជ័យនោះឡើយ។ ការដោះលែងអ្នកទោសនយោបាយ បានក្លាយទៅជាឧបសគ្គរារាំងការចរចាទាំងនោះ។

បន្ទាប់ពីចាប់ផ្ដើមការចរចាសន្តិភាពឡើងវិញនៅទីក្រុងអូស្លូ កាលពីខែសីហាកន្លងមក ពោលគឺ ៤ឆ្នាំក្រោយពីបរាជ័យនោះ លោក ឌូទើតេ បានដោះលែងមេដឹកនាំក្រុមឧទ្ទាមចំនួន ២២នាក់ ឲ្យនៅក្រៅឃុំ ក្នុងនោះមានទាំងមេបញ្ជាការជាន់ខ្ពស់ ២រូបរបស់ក្រុមឧទ្ទាមផងដែរ។

កាលពីខែវិច្ឆិកាកន្លងមកនេះ លោក ឌូទើតេ ក៏បានដោះលែងអ្នកទោសចាស់ជរា ៤នាក់ផងដែរ ដោយសម្អាងលើហេតុផលមនុស្សធម៌។

ប៉ុន្តែ ក្រុមមេដឹកនាំឧទ្ទាម ភ្លាមៗនោះ បានទាមទារឲ្យដោះលែងពួកបះបោរ ១៣០នាក់ទៀត ប៉ុន្តែ ការទាមទារនេះ ត្រូវលោក ឌូទើតេ ធ្វើមិនដឹងមិនលឺរហូតមកដល់សព្វថ្ងៃនេះ។

ចាប់តាំងពីចលនាបះបោរបានកើតឡើងកាលពីជិត ៥ទសវត្សរ៍មុន មនុស្សប្រហែល ៤ម៉ឺននាក់ហើយ ត្រូវបានគេសម្លាប់ និងបានញាំញីតំបន់ជនបទហ្វីលីពីន ដែលសម្បូរទៅដោយធនធាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ