ប៉ះគ្នាជើងខ្លាំង​ថៃ ​Reda ៣​ដង ​សារឿន ច័ន្ទ ​​​ខូចជើង​ធ្ងន់ធ្ងរ

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 8:50 AM | កំសាន្ដកីឡា | 0 | 7856 កីឡាករ​កម្ពុជា ​សារឿន ច័ន្ទ រងរបួសជើង (សុខ ឆាយ)

ការប្រកួតអន្តរជាតិដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ធ្នូ ក្នុងជំនួបសងសឹករវាងកីឡាករថៃ Reda និងកីឡាករកម្ពុជា សារឿន ច័ន្ទ បានធ្វើអោយមានការចាប់អារម្មណ៍គួរសម បន្ទាប់ពីលទ្ធផលចុងក្រោយ គឺកីឡាករកម្ពុជាត្រូវថៃវាយអោយខូចជើងដែលអាចបាក់ឆ្អឹងផងក៏មិនដឹង។ យ៉ាងណាមិញ លទ្ធផលផ្លូវការនៅមិនទាន់ដឹងនោះទេ ដោយសារតែការថតឆ្អឹងនៅតែមិនទាន់បានធ្វើ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កីឡាករ Reda និងកីឡាករ សារឿន ច័ន្ទ មកពីក្លឹបសំរ៉ែករាជសីហ៍ ជួបគ្នា៣លើករួចមកហើយ ដោយលទ្ធផលនៃការប៉ះគ្នារបស់គូនេះ គឺកីឡាករកម្ពុជាបរាជ័យជាប់រហូតក្នុងជំនួបប៉ះគ្នា។ លោកថាបណ្ដាលមកពីជើងខ្លាំង សារឿន ច័ន្ទ មិនអស់ចិត្ត និងសុំឡើងប្រកួតសងសឹក ទើបការប៉ះគ្នាដល់ទៅ៣លើកត្រូវបានធ្វើឡើង។

លោកថាការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ធ្នូ កីឡាករថៃនិងកម្ពុជា ឡើងកំដៅដាក់គ្នាតាំងពីដើមទឹកទី១ ទើបគ្រាន់តែឈានដល់ទឹកទី២ ក៏រកឃើញចាញ់ឈ្នះ ហើយលទ្ធផលដែលបានស្ដែងឡើង គឺកីឡាករកម្ពុជាខូចជើងធ្ងន់ធ្ងរ។ នេះជាការប៉ះគ្នាដែលមានលទ្ធផលអវិជ្ជមាន បើធៀបនឹង២លើកកន្លងមក ដែលកីឡាករកម្ពុជាចាញ់មែន តែមិនដល់ថ្នាក់ធ្ងន់ធ្ងរបែបនោះ។ ការប្រកួតប៉ះគ្នាលើកដំបូង សារឿន ច័ន្ទ សន្លប់ក្នុងទឹកទី៤ ទើបលោកសម្រេចអោយជួបសងសឹកជាលើកទី២ ដោយក្នុងជំនួបលើកទី២ បើទោះជា សារឿន ច័ន្ទ លេងខ្លាំងជាងមុន បែរនៅតែចាញ់ពិន្ទុចុងក្រោយ។ ធៀបនឹងការប្រកួតលើកមុន លោកថា សារឿន ច័ន្ទ ទ្រមខ្លួនខ្លាំងជាងសម្រាប់ការប្រកួតលើកនេះ ដោយលោកឮថាឆ្អឹងជើងរបស់គេអាចប្រឈមបាក់ឆ្អឹង បើទោះមិនទាន់បានថតនៅពេទ្យនៅឡើយ។

កីឡាករ សារឿន ច័ន្ទ បានអះអាងថា ក្នុងទឹកទី២ កីឡាករថៃបានទាត់សម្រុកលើជើងរបស់លោកយ៉ាងខ្លាំង តែសភាពចុករមួលរហូតបណ្ដាលឲ្យលោកឈរប្រកួតលែងបាន មិនទាន់កើតឡើងនោះទេ គឺរហូតទាល់តែកីឡាករថៃលើកជើងទាត់ខ្លួនពេញទំហឹង ហើយលោកយកជើងធ្វេងរងទើបមានអាការៈចុកប្រកាច់បានកើតមានឡើង។ លោកអះអាងថា សភាពចុករោទិ៍គឺមានសភាពមិនដូចមនុស្សរមួលសាច់ដុំនោះទេ។ សារឿន ច័ន្ទ ត្រូវគេឃើញប្រកាច់ននៀលពេញរេញដោយសូម្បីតែលោកអាជ្ញាកណ្ដាលបានរាប់ដល់១០ក៏នៅតែមិនអាចធូរស្រាល។ បើទោះជាក្រុមគ្រូពេទ្យបានជួយសម្រួលអាការៈក្រោយពីរាប់ដល់១០ ក៏សភាពចុកចាប់និងននៀលឱបជើងរបស់ សារឿន ច័ន្ទ នៅតែមានសភាពធ្ងន់។

លោកត្រូវគេគ្រាដល់ទៅ៣នាក់ឯណោះទម្រាំតែអាចចុះពីលើរេញបាន ដែលនោះគឺបណ្ដាលមកពីសភាពឈឺជើងរបស់កីឡាករកម្ពុជាមានសភាពចុងខ្លាំង។ សារឿន ច័ន្ទ បានប៉ាន់ស្មានថា ជើងរបស់លោកអាចនឹងត្រូវបាក់ឆ្អឹង ទើបមានសភាពចុកខ្លាំងដែលធ្វើអោយលោកពិបាកសូម្បីតែកំរើកជើងក្រោយពេលសម្រួលសរសៃពីក្រុមគ្រូពេទ្យ។ លោកថាជើងធ្វេងរបស់លោកមិនធ្លាប់មានរបួសបែបហ្នឹងពីមុនមកទេ អ៊ីចឹងហើយទើបលោកភ័យរឿងបាក់ឆ្អឹង ដែលអាចប៉ះពាល់ដល់ការប្រកួតរបស់លោកនាពេលខាងមុខ ដែលជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។

លោកប្រកាសមិនធ្វើការប្រកួតជាមួយកីឡាករ Reda ទៀតទេ បន្ទាប់ពីលេចលទ្ធផលផ្លូវការចាញ់កីឡាករថៃរូបនេះ៣លើកផ្ទួនៗ ហើយការបរាជ័យលើកចុងក្រោយគឺនឹងធ្វើឲ្យលោកប្រឈមនឹងបញ្ហាបាក់ឆ្អឹង។ មន្ត្រីជាក្រុមគ្រូពេទ្យប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍មិនហ៊ានឆ្លើយតបចំពោះក្ដីបារម្ភរបស់ សារឿន ច័ន្ទ នោះទេ ដោយលោកបញ្ជាក់ថា ត្រូវបញ្ជូនអោយកីឡាកររូបនេះទៅថតឆ្អឹងជាផ្លូវការសិនទើបអាចអាចប្រាកដថាបាក់ជើងមែនឬក៏អត់។ យ៉ាងណាមិញលោក សារឿន ច័ន្ទ អាចគ្រាន់តែខ្ទាំឆ្អឹងធ្ងន់ធ្ងរក្នុងពេលរងទម្ងន់ គឺមិនដល់ថ្នាក់បាក់ឆ្អឹងក៏ថាបាន ដោយសារតែជើងដែលមានរបួសនោះមិនមានសភាពហើមដូចអ្នកបាក់ឆ្អឹងទូទៅ។

នៅក្នុងព្រឹត្តិការណ៍នោះដែរកីឡាករ យុគ យក្សផ្លែ បានត្រឹមតែស្មើពិន្ទុជាមួយកីឡាករថៃឈ្មោះ Phach Seila ប៉ុណ្ណោះ បន្ទាប់ពីការប្រកួតពេញរយៈពេល៥ទឹករបស់ពួកគេត្រូវបានធ្វើឡើងយ៉ាងក្ដៅគគុកនៅលើសង្វៀន។ នេះជាការប៉ះគ្នាលើកដំបូងរបស់ពួកគេរបស់ពួគគេ ដោយសារតែកីឡាករថៃទើបតែមានវត្តមានមកប្រកួតនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ដោយបានបើកឆាកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required