បទយកការណ៍៖ អ្នកបុរីកីឡាដែលប្រឈមបណ្តេញចេញ​នៅចុងឆ្នាំនេះ ប្តេជ្ញាតវ៉ារហូតស្លាប់ខ្លួន​

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 8:39 AM | បទយកការណ៍ | 0 | 1164 អ្នកស្រី ស ស៊ន ប្រជាសហគមន៍បុរីកីឡានិងសកម្មជនដីធ្លី

អ្នកមានជម្លោះដីធ្លី ជិត១០០គ្រួសារ ដែលមិនព្រមទទួលយកសំណងពីក្រុមហ៊ុន ស្ថិត​នៅតំបន់បុរីកីឡា កណ្តាល​រាជធានីភ្នំពេញ ដោយ​បច្ចុប្បន្ននេះ មានអ្ន​ក​ខ្លះ​រស់​នៅ​អា​គារចាស់ ខ្លះទៀត​រស់នៅ​ក្រោម​តង់កៅស៊ូ ក្បែរគំនសំរាម បានរៀប​រាប់ពីទុកលំបាក ក្រោយ​​ពីអាជ្ញា​ធរបណ្តេញពួកគេចេញទំាងបង្ខំ កាល​ពី៦​ឆ្នាំមុ​ន។

អ្នកមានជម្លោះដីធ្លីទំាងនោះ​ អះអាងថា ពួកគេអាច​ប្រឈមនិងការបណ្តេញចេញនា​​ពេល​​ឆាប់​ៗខា​ង មុ​ខ​​នេះ ដោយសារ​ អាជ្ញាធរ​ព្រមាន​​​​​ចាត់វិធានការច្បាប់ ដោយ​ថា បើមិនព្រមទៅទទួលយកសំណង​ខណៈ​បច្ចុប្បន្នពួកគាត់ថា កំពុង​បារម្ភ​ពី​​សុវត្ថិ​ភាព និងសុខភាព​​​។

ក្នុងលិខិតចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ សាលារាជធានីភ្នំពេញដាក់​កំហិតឲ្យប្រជាពល​រដ្ឋនៅសហគមន៍​បុរីកី​​ឡា​​​ដែលមិនទាន់​ទទួលបានដំណោះស្រាយ ទៅទទួលយក​សំណងតាម​គោលនយោបាយ​របស់​សាលា​​​​​​​​​​​រាជធានីភ្នំពេញ ដោយទុករយៈពេលពីរសប្តាហ៍​ចាប់ថ្ងៃទី៨ ដល់​ថ្ងៃ២២ ខែធ្នូ​នេះ។

អាជ្ញាធរ​បានព្រមានថា បើមិនទទួលយកសំណងតាមកាលកំណត់នេះទេ សាលារាជធានីភ្នំពេញ​មិន​ទទួល​​​​​​​​ខុស​ក្នុងការដោះស្រាយជូនទៀតឡើយ។

ឈរក្បែរកំាជណ្តើនៃអាគារចាស់ តំណាងសហគមន៍បុរីកីឡា អ្នកស្រី យិន ស្រីន បានរៀប​រាប់​ប្រាប់​អ្នក​សារ​ព័ត៌មានថា ពួកគាត់​ជិត​១០០​គ្រួសារ ​មិនព្រម​ទទួល​យកសំណង​តាមគោល​នយោបាយ​របស់​សាលា​​រាជធានី​ភ្នំពេញ​នោះទេ​ ដោយ​​​ថា​ ពួកគាត់មាន​ឯកសារ​គ្រប់​គ្រាន់ក្នុងការទទួលផ្ទះនៅបុរីកីឡា។

អ្នកស្រី ស្រីន បន្តថា ករណីនេះ ធ្វើឲ្យពួកគាត់ជួបបញ្ហា​ប្រឈមសុវត្ថិភាព និង​សុខភាព​ជាដើម​។

អ្នកស្រីបន្ថែមថា៖ «សុខភាពខ្សោយខ្លំាង​ ដោយសារហូប​មិនបានគ្រប់គ្រាន់​ ចឹង​បានខ្ញុំខំតស៊ូ​មតិ ដើម្បី​ឲ្យមានជំរក​ កុំឲ្យ​ពិបាកប្រឈម​មុខ​រាល់ថ្ងៃអត់បាយ អត់ទឹក​ រើសអេតចាយ បេះបន្លែ​ តស៊ូអត់មានពេល​ស្រាកស្រាន រកស៊ីត្រឹមត្រូវ​ទេ​ ហើយផ្ទះក៏គ្មាននៅ នៅនឹងផ្ទះបាក់បែក ជួនកាលភ្លៀង​មក​សាច់ បាក់បែក​ធ្លាក់​ថ្មមក​លើ​ ចេះវាបានទើលើមុង​»។

អ្នកបុរីកីឡាបានលើកឡើងប្រហាក់ប្រហែលគ្នាថា​ សាលា​រាជធានីភ្នំពេញ​បានបង្ខំ​ឲ្យពួកគេ ​ត្រូវ​ទទួល​សំណង​​តាមគោលនយោបាយដោយយកថវិកា ២ពាន់​ដុល្លា និងផ្ទះ ១ខ្នងនៅភូមិអណ្តូង ប៉ុន្តែ ពួកគាត់​មិន​​​​ព្រមយកទេ ដោយថា សំណងនោះតិច​តួចពេក មិនអាចទ្រទ្រង់ជីវភាពគ្រួសារបាននោះទេ​។

ដៃបីកូនតូច អ្នកស្រី អួនកង វិសាគរ បាន​និយាយទំាងទឹកមុខ​មុតមំា​ថា បន្ទាប់ពីមា​នព្រឹ​ត្តិការណ៍​បណ្តេញ​ទាំ​ងបង្ខំ កាល​ពីថ្ងៃ​ទី៣ ​ខែ​មករា ឆ្នាំ​២​០១​២​មក ពួកគេជិ​​​ត​​​១០០​គ្រួ​សារ មិ​នទ​ទួ​​ល​បានដំណោះ​ស្រាយ​​នៅឡើយ។ អ្នកស្រី​ថា ការអូសបន្លាយ មិនដោះស្រាយនេះ ធ្វើឲ្យ​ពួក​គាត់​ បាត់​បង់​មុខ​របរ​ និង​កូនៗ​​​បាត់​បង់ការសិ​ក្សា​​រ​ជាដើម។

អ្នកស្រីនិយាយថា «នៅឥឡូវ​វាពិបាកទៅហើយ បើចេញពីកន្លែហ្នឹងទៀត មហាសែនពិបាក ធ្វើឲ្យគ្រួសារ​ខ្ញុំ កូនខ្ញុំមិនបាច់មានអនាគតទេ​ កូនខ្ញុំមិនបាច់រៀនសូត្រទេ​ ត្រូវ​ទៅស៊ីស្នួលគេ ដកស្ទួងឲ្យគេ ទៅក្តិចបន្លែ​គេ​​ មិនស្រួលគេវៃទៀត​ ព្រោះអីយើងទៅអត់មានដីចំការទេ​ គេហៅទៅស្រែ ត្រូវ​មានដីចំការសម្រាប់ឲ្យ យើងដំាដំណាំ ចុះបើគេឲ្យដីយើងមួយប្លង់​នៅតែក្នុងផ្ទះ​ ដេកចំាតែថ្ងៃងាប់យើងទៅដែរ ទៅមិនបានទេ»។

អ្នកស្រី ង៉ូវ ណារី ថ្លែងថា នៅថ្ងៃទី២២ខែធ្នូ ខាងមុខ​នេះ ពួកគេនិង​ប្រមូល​ផ្តុំគ្នានៅ​តំបន់​មាន​ជម្លោះ ការ ពារអាគារនិងតង់ ដែលពួកគាត់កំពង់រស់នៅ ដោយថា​មិនឲ្យ​អាជ្ញាធរ និងក្រុមហ៊ុន​ឈូស​ឆាយ​ជា​​លើកទីពីរនោះទេ។​

ប៉ុន្តែអ្នកស្រី ណារី បញ្ជាក់ថា បើ​បើអាជ្ញាធរនៅតែមកឈូសឆាយ​អាគារនោះទៀត អ្នកស្រីប្តេជ្ញាថា នៅតែ​បោះ​តង់​​រស់នៅតំបន់មានជម្លោះ ដើម្បីរស់នៅទីនោះ រហូតមានដំណោះស្រាយ​។

អ្នក​ស្រីរៀប​រាប់ថា «បើសិនជាពួកខ្ញុំទប់ទល់ហើយមិនឈ្នះ​គេ [អាជ្ញាធរ និងក្រុមហ៊ុន​]យកអាអ៊ិចមក​កំទេ​ដូច​លើកទី១ ដូចកាលបុរីកីឡាទេ ពួកខ្ញុំ​ក៏មិនចាក​ចេញ​ទៅណាដែរ ពួកខ្ញុំគឺនាំគ្នាសាងសង់​ធ្វើជាផ្ទះតង់ នៅ​​ដូច​កាលពីមុន​ដដែល​រហូត​ដល់​ក្រុមហ៊ុន​ផាន អ៊ីម៉ិច និងអាជ្ញាធរដោះស្រាយ​ឲ្យពួកខ្ញុំទទួលបាន សំណង​​​សមរម្យ​ បានខ្ញុំចប់ត្រឹមហ្នឹង​»។

ប្រជាសហគមន៍បុរីកីឡាទំាងនោះ អះអាងស្រដៀងគ្នាថា បើអាជ្ញាធរ និងក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន មានចេតនាចង់ដោះ​ស្រាយ​​​បញ្ហា​​ប្រឈមជូន​ពួកគេនៅតំបន់បុរីកីឡា ស្របតាម​គោល​នយោ​បាយ​​រដ្ឋាភិបាលពិតមែន មិន​មាន​អ្វីពិ​បាក​​នោះទេ​។ ប៉ុន្តែពួកគេថា ដើមចម​ដែលអូស​បន្លាយ​ពេល​រហូត​​ដល់​ជិត៦ឆ្នាំនេះ ដោយសារអាជ្ញាធរ ឃុបខិតគ្នាជាមួយក្រុមហ៊ុន ដើម្បីទទួល​បានផល​ប្រយោជន៍​បុគ្គល​ច្រើន​ជាគិតពលរដ្ឋជាធំ។

សរុបមក​វិញ អ្នករងគ្រោះពីការបណ្តេញចេញដោយបង្ខំនៅម្តុំបុរីកីឡា បានអះអាងថា ពួកគេប្តេជ្ញាថា មិន​ចាក​ចេញពីតំបន់បុរីកីឡានោះទេ ទោះជាជួបបញ្ហាប្រឈមដល់ជីវិតក៏ដោយ ដោយថាពួកគេ​នៅ​តែបន្ត​​រស់​នៅ​កន្លែង​មានជម្លោះនោះ​ រហូត​មានដំណោះស្រាយសមសម្រប ពោលត្រូវ​ទទួលបានសំណង​សមរម្យ​ និង​ទាម​ទារឲ្យមានការភិវឌ្ឍន៍នៅនឹងកន្លែង។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានី​ភ្នំពេញ​មិន​មាន​​គោលនយោបាយណាផ្សេងសម្រាប់ដោះស្រាយជូនពលរដ្ឋដែលនៅសេសសល់នោះទៀតទេ។

លោ​កបន្តថា ប្រសិនបើពលរដ្ឋទាំងនោះ​​មិន​ព្រមមកទទួលសំណងតាមគោលនយោបាយនេះ សាលា​រាជធានី​​ភ្នំពេញនឹងអនុវត្ត​វិធានការរដ្ឋាបាល និងយន្តការតុលាការ ដោយមិនទទួលខុសត្រូវ​ចំពោះការ​បាត់បង់​ផលប្រយោជន៍របស់ពលរដ្ឋទាំងនោះទេ។

លោកបន្ថែមថា៖ «ពាក់ព័ន្ធជាមួយសំណងដែលឆ្លើយថា មិនសមរម្យ ឬក៏មិនសាក​សមជា​មួយលក្ខណៈ​សម្បត្តិ យើងចង់​ជម្រាបជូនថា រាល់ការវិនិច្ឆ័យពីលក្ខណៈសម្បត្តិ គឺយើងមានគណៈកម្មការ​វាយតំលៃ​ត្រឹមត្រូវ​រហូតដល់មាន NGO ចូលរួមទៀតផង ដើម្បីពិចារណា​ទៅលើឯកសារ ឬក៏លក្ខណៈរបស់​គ្រួសារ​នីមួយនោះឲ្យត្រឹមត្រូវ ឲ្យសុក្រឹត មុននឹងយើងផ្តល់ជូនសំណងទៅប្រភេទនៃអ្នក​ដែលគាត់ត្រូវ​ទទួលបាន​របៀបណាៗ​នោះ»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​នេះប្រកបដោយប្រសិទ្ធភាពនោះ លោកថា ​សាលារាជធានីគួរយក​គំរូការដោះ​ស្រាយ​បញ្ហា​ដីធ្លីនៅអាគារបូឌីញ ដូចក្រសួងដែនដី ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ​រងគ្រោះ​។

លោក​មានប្រសាសន៍ថា «ថ្មីៗឃើញខាង​ក្រសួង​ដែនដី លោកបានដោះស្រាយរឿង​នៅតំបន់បូឌីញ គឺមាន​ការ​ពេញចិ​ត្ត​ ហើយយើងចង់ឲ្យ​អាជ្ញាធរព្យាយាមធ្វើការជជែក​គ្នា​និង​រកដំណោះស្រាយ​ដូចគ្នា​ ជាជាង​​ការ​បង្ខំ​បណ្តេញចេញ​ទំាងមិនពេញចិត្ត ហើយ​យើង​បារម្ភខ្លាចថានៅពេល​ដែលពួកគាត់​មិនព្រមទៅ យើង​ខ្លាច​មាន​ការ​ប្រើហិង្សាណាមួយ ដើម្បីបង្ខំឲ្យគាត់ទទួលយក​​»។

កាលពីឆ្នាំ២០០៨ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាល ធ្វើការ​អភិវឌ្ឍ​នៅសហគមន៍បុរីកីឡា ដោយសន្យាសង់អគារចំនួន ១០ជូនប្រជាពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុន​សង់​បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែល​បញ្ហានេះ​ធ្វើឲ្យពល​រដ្ឋនៅ​ទីនោះ​​ផ្ទុះការតវ៉ារហូតមកដល់បច្ចុប្បន្ន។

គម្រោងអភិវឌ្ឍន៍នេះដែរ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋក្នុងតំបន់នោះរាប់រយគ្រួសារ ដោយអាជ្ញាធរ និង​ក្រុម​ហ៊ុន​ធ្វើការឈូសឆាយផ្ទះ និងបណ្តេញពលរដ្ឋចេញទាំងបង្ខំ។ មកដល់ពេលនេះ មន្រ្តីសា​លា​រាជ​ធានី​ភ្នំពេញ អះអាងថា អាជ្ញាធរដោះស្រាយបានជាង ៩០%ហើយ ដោយនៅសល់ពលរដ្ឋតិចតួចប៉ុណ្ណោះ។

បើតាមតំណាងសហគមន៍ឲ្យដឹងថា រាល់ថ្ងៃមានពលរដ្ឋជិត ១០០គ្រួសារ មិនទាន់ទទួលបានសំណង និង​កំពុ​ង​​​ស្នាក់នៅ​លើអគារចាស់​មួយក្នុងសហគមន៍នោះ​។

អ្នកស្រី ទឹម សាក់មុនី បច្ចុប្បន្នកំពុងរស់នៅក្រោមតង់ក្នុងតំបន់បុរីកីឡាអះអាងថា ធ្លាប់ជាប់ពន្ធនាគារជាង៣ខែ ពាក់ព័ន្ធការតវ៉ាប្រឆំាងនិងអាជ្ញាធរឈូសឆាយផ្ទះ បានរៀប​រាប់​ទំាងទឹកភ្នែកហូរ​កាត់​លើ​ថ្ពាល​ថា  គាត់តស៊ូមតិជាមួយប្រជាសហគមន៍មួយចំនួនទៀតរហូត​មក​ដល់ចុង​ឆ្នាំ២០១៧នេះ មិន​ទាន់​​​​​មាន​​ដំណោះស្រាយ​នៅឡើយ ដោយអ្នកស្រីចោទអាជ្ញាធរនិងក្រុមហ៊ុនថា បាន​ឃុបខិតគ្នា​ រាយការណ៍​ទៅថ្នាក់លើខុសពីការពិត ដើម្បីទទួលបានប្រយោជន៍បុគ្គល​។

អ្នក​ស្រីស្នើថា «ពួកនេះក្បត់សម្តេច ចង់មិនចង់​ក៏គាត់ប្រឆំាងដើម្បី​រារំាង​ដំណើរការរបស់សម្តេច​ដែរ​ ព្រោះ​គាត់​អត់មានស្តាប់តាមសម្តេច គាត់អាងថាគាត់នៅខាង​លើ​ គាត់អាច​ចេញចូល​ ឬគាត់អាច​ជួប  សម្តេ​ច​បាន​​​ គាត់រាយការណ៍ខុស​ អត់ឲ្យគេ[អ្នករងគ្រោះដីធ្លី​]ហើយ បែថាគេទៅអស់​ហើយៗ ដ៏អ្នកដែល​យក​មក​នៅ​[អាគារថ្មី​]គឺគាត់ឲ្យលុយគេទេ​ ឲ្យលុយអ្នកខ្លះ ដែលគាត់ឲ្យ​លុយ​គេបានចេញ​ទៅនៅខាង​លើ ឯអ្ន​កខ្លះ​ក៏​គេ​បានស្រប​តាំងពីមុន​មក ឯពួកគខ្ញុំនេះខំធ្វើ​ ខំប្រឹងណាស់​ដែរ ប៉ុន្តែគេអត់ឲ្យ​​»៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required