សហភាព​អឺរ៉ុប​សម្រេច​ផ្អាក​​ផ្ដល់​ជំនួយ​ទៅ​ គ.ជ.ប. ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក George Edgar

តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar បាន​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប​បាន​សម្រេច​ផ្ដាច់​ជំនួយ​ផ្ដល់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប. ហើយ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​មុន។

លោក George Edgar បាន​ប្រកាស​ឲ្យ​ដឹង​អំពី​សេចក្ដី​សម្រេច​បែប​នេះ នៅ​​ក្នុង​លិខិត​ជូន​ដំណឹង​មួយ​ផ្ញើ​ទៅ​ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ។

ក្នុង​លិខិត​ជូន​ដំណឹង​ដែល​ផ្ញើ​ភ្ជាប់​ជូន​​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន និង​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ផង​នោះ លោក George Edgar បាន​ប្រាប់​ទៅ​លោក ស៊ិក ប៊ុនហុក ថា គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ផ្អាក​ជំនួយ​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ គ.ជ.ប. តាម​រយៈការិយាល័យ​​សេវាកម្ម​គម្រោង​អង្គការ​សហ​ប្រជាជាតិ (UNOPS)។

សហភាព​អឺរ៉ុប បាន​សម្រេច​ចិត្ត​ផ្អាក​ជំនួយ​ដល់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​បែប​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក ហើយ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ថែម​ទៀត។

ខណៈ​ដែល​មេដឹកនាំ​បក្ស​នេះ​​លោក កឹម សុខា បន្ត​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» នោះ អាសនៈ​សភា​ចំនួន ៥៥​របស់​បក្ស​ប្រឆាំង ក៏​ត្រូវ​បាន​ គ.ជ.ប. សម្រេច​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​មិន​ត្រូវ​បាន​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ។

តំណាង​សភាព​អឺរ៉ុប លោក George Edgar បាន​ប្រាប់​ទៅ​ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក ថា ការ​រំលាយ​បក្ស​ប្រឆាំង មាន​ន័យ​ថា គ.ជ.ប. មិន​អាច​ចាត់​ចែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នោះ​ឡើយ។

លោក​បន្ថែម​ថា ដរាប​ណា​បក្ស​ប្រឆាំង​ដ៏​ធំ​នេះ ត្រូវ​បាន​គេ​ផាត់​ចេញ​ ដំណើរការ​​បោះ​ឆ្នោត​ខាង​មុខ មិន​អាច​ឲ្យ​គេ​ចាត់​ទុក​ថា «ស្រប​ច្បាប់»​ នោះ​ឡើយ។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បាន​បង្ហាញ​ការ​សោកស្តាយចំពោះការផ្អាកជំនួយរបស់សហភាពអឺរ៉ុបនេះ ប៉ុន្តែ លោក​អះ​អាង​ថា ការ​សម្រេច​បែប​នេះ​របស់​សហភាព​អឺរ៉ុប មិន​ប៉ះពាល់ដល់ដំណើរការរបស់ គ.ជ.ប. និងការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខនោះទេ ដោយ​លោក​ថា នៅមានប្រទេសជាច្រើនទៀតនៅជួយជ្រោមជ្រែង​ដល់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ រួមមានជប៉ុន ចិន កូរ៉េខាងត្បូង រុស្ស៊ីជាដើម។

លោកប្រាប់​ថា៖ «ទាំងថវិកា ទាំងមធ្យោបាយ ទាំងធនធានមនុស្ស គឺ គ.ជ.ប. បានត្រៀមលក្ខណៈបានគ្រប់គ្រាន់អស់ហើយ។ សម្រាប់​ការ​បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា គឺយើងគ្រោងចំណាយប្រមាណជាង ២លានដុល្លា ហើយ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ គ្រោងចំណាយប្រហែល ៥២លានដុល្លារ។ អញ្ចឹងអ្វី​ដែលជា​ការសម្រេច​របស់​សហភាព​អឺរ៉ុប​ព្យួរជំនួយ​សម្រាប់​ការបោះឆ្នោតនេះ គឺមិនប៉ះពាល់ទៅដល់ការបោះឆ្នោតនោះទេ គឺ គ.ជ.ប. នឹងអនុវត្តន៍​ភារកិច្ច​របស់​ខ្លួន​សម្រាប់​ការរៀប​ចំការបោះឆ្នោត​នោះ ដោយ​គ្មាន​លើក​ពេលវេលានៃការបោះឆ្នោតទេ»។

ខណៈ​ដែល​សហភាព​អឺរ៉ុប​ព្រមាន​មិន​ទទួល​ស្គាល់​ដំណើរការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នោះ លោក សោម សូរីដា ប្រាប់​ថា វាមិន​សំខាន់​សម្រាប់​ គ.ជ.ប. នោះទេ ដោយថា អ្វីដែលសំខាន់សម្រាប់ គ.ជ.ប. នោះ គឺការគោរពច្បាប់កម្ពុជា។

មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា រដ្ឋាភិបាល​គួរតែពិចារណាឡើងវិញ​ពីសកម្មភាព​របស់​ខ្លួន ដើម្បីកែប្រែស្ថានភាពឲ្យមានភាពល្អប្រសើរឡើងវិញ។ លោកថា បញ្ហាជាច្រើននឹងកើត​មានជា​បន្តបន្ទាប់​សម្រាប់​កម្ពុជា ប្រសិន​ជា​ប្រទេសលោកសេរីចាប់ផ្តើមឈប់ផ្តល់ជំនួយ និងមិនទទួលស្គាល់ការបោះឆ្នោតនោះ។

លោកថា៖ «អាចរាលដាលទៅជំនួយផ្សេងៗ ដូចជា វិស័យអភិវឌ្ឍន៍ ជាពិសេសរោងចក្រ ឬក៏អីផ្សេងៗដែល​ខោអាវ​ដែល​ EU​ជួយ​​ក្នុ​ង​ការ​បន្ថូរ​បន្ថយពន្ធក្នុងការនាំចូលផលិតផលទាំងអស់នោះទៅស្រុកគេទៀត។ នេះគឺរឹតតែប៉ះពាល់ដល់សេដ្ឋកិច្ច ឬ​មួយ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ បងប្អូនកម្មករថែមទៀត នេះហើយដែលជាបញ្ហាផលវិបាក នៃការ​កាត់​បន្ថយ​ជំនួយ​របស់​សហគមន៍អឺរ៉ុបនោះ»។

សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់ ដោយ​មើល​ឃើញ​ថា កម្ពុជា​កំពុង​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ