មន្ត្រី​បក្ស​ប្រឆាំង​នៅ​សៀម​រាប​ត្រូវ​បាន​ចាប់​ខ្លួន ខណៈជិតបោះឆ្នោត​

​សមត្ថកិច្ចបានចាប់​ខ្លួន​មន្រ្តីបក្សប្រឆាំងម្នាក់នៅខេត្តសៀមរាប ដោយចោ​ទ​ថា​បាន​បូម​ខ្សាច់​លក់​ដោយគ្មាន​ការ​អនុញ្ញាត តែ​គណបក្ស​ប្រឆាំងចាត់ទុក​ថា​នេះ ជា​​រឿង​នយោបាយ ​ខណៈដែល​សមាជិក​ខ្លួន​រូបនេះ​ត្រៀម​ឈរ​ឈ្មោះសម្រាប់​ការ​បោះឆ្នោត​ឃុំ​នាពេល​ខាង​​មុខ​។

អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​សៀមរាប លោក​សុខ គឹមសេង បាន​ប្រាប់​វី​អូ​ឌី​(VOD)ថា អនុប្រធាន​គណៈកម្មការ​ប្រតិ​បត្តិបត្តិ​ស្រុក​អង្គរជុំ​ដែល​តៀម​ខ្លួន​ជា​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​ក្រុម​​ប្រឹក្សា​ឃុំ​តាសោម លោក ថុន ធឿត​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​វ៉ារិនចាប់​ខ្លួនកាលពី​ថ្ងៃ​១១ មករា​រួច​​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀម​រាប​ដោយចោទ​ថា​បូ​ម​ខ្សាច់​លក់​ដោយ​គ្មាន​ការ​​អនុញ្ញាត។

លោក​ គឹមសេង​ បាន​ទទួល​ស្គាល់​ថា​លោក​ថុន ធឿត​ពិតជា​បាន​បូម​ខ្សាច់លក់​មែន​តែ​លោក​​ថាការ​ចាប់​ខ្លួន​នេះ​គឺ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយច្រើន​ជាង​ ព្រោះ​លោក​ថា លោក​ ថុន ធឿត ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​អង្គជុំ​​ណែ​នាំឲ្យ​​ចេញពី​បក្ស​ប្រឆាំង​ប្រសិន​ជា​ចង់​ប្រកប​របរ​បូម​ខ្សាច់​នេះ។

លោក​ថា៖ «ខ្ញុំ​យល់​ថា​ជា​ហេតុផល​នយោ​បាយ​ព្រោះ​ហេតុ​ផលនៃ​ការ​ចាប់​ខ្លួន​នោះ​គឺ​មិន​សមរម្យ! ដូច​ខ្ញុំ​ជម្រាបចឹ​ង​ថា​កន្លង​ទៅ​មាន​ការ​រកស៊ី​ជា​លក្ខណៈគ្រួសារ​ នៅ​ជុំ​វិញ​តំបន់​ហ្នឹង​ហេតុ​អី​មិន​ចាប់។ គ្រាន់​តែ​មាន​ការ​ឃាត់​​ខ្លួន ឃាត់​សម្ភារៈហើយ​ដោះ​ស្រាយ​ទៅ​លែង​វិញ តែ​ដោ​យ​ឡែកគាត់​ហេតុ​អី​ត្រូវ​ចាប់​ខ្លួនទី​មួយ ទី​ពីរ​​ដូច​ខ្ញុំ​ជម្រាបអញ្ចឹង​ថា​មាន​ការ​ចរចាក្រៅផ្លូវ​ការ​ពាក់ព័ន្ធ​នឹង​រឿង​គាត់​ចូល​រួម​នយោបាយ​ជា​មួយ​បក្ស​សង្គ្រោះ​​ជាតិ​ហ្នឹង ហើយចុងក្រោយគឺ​គាត់​បាន​បញ្ចេញ​សកម្មភាពក្នុងនាម​ជា​សកម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ ហើយគាត់​នឹង​ក្លាយ​ទៅ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ឃុំ​នោះ​ផង ទើ​បធ្វើ​ឲ្យ​មាន​បញ្ហា!»។

អធិការនគរបាល​ស្រុក​វ៉ា​រិនលោក ណុប សារ៉ាក់ ​បាន​ឲ្យ​វី​អូឌី​ដឹង​ថា ការ​ចុះ​ទៅចាប់​​ខ្លួនលោក ថុន ធឿត​ នោះ​គឺ​ដោយ​សារមាន​ដី​កា​បង្គាប់​ឲ្យ​នាំ​​ខ្លួន​ចេញ​ពីចៅ​ក្រម​ស៊ើប​សួរនៃ​សាលា​ដំបូង​ខេត្ត​សៀម​រាប​លោក រ៉ាន់ សុភ័ក្រ។ លោក​បញ្ជាក់​ថា​នេះ​​គឺជា​ការ​អនុ​វត្ត​​ច្បាប់​​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

លោក​ថា៖ «ការ​ងារ​អី​ផ្សេង​ៗ​ខ្ញុំ​មិន​បាន​ជ្រាប​ទេ ព្រោះ​ខ្ញុំ​ធ្វើ​តាម​តែ​បញ្ជារ​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចុះ​ថ្ងៃ​ទី៩ ខែ​មករា​ ឆ្នាំ​២០១៧ តែ​ប៉ុណ្ណោះ។ … បើ​តាម​ខ្ញុំ​ដឹង​វា​នេះ​ជា​សំណុំ​រឿង​ចាស់​របស់​គាត់​មក គេ​ចាប់​ប្រមូល​​យក​វត្ថុតាង(កាលពី​ខែតុលា ឆ្នាំ​២០១៦) ដល់​ពេល​អញ្ចឹង​ទៅ​គេ​ដាក់​ទៅ​ព្រះ​រាជអា​ជ្ញា អញ្ចឹង​ព្រះ​រាជអាជ្ញា​គាត់​បើ​កការ​ចោទ អញ្ចឹង​គេ​បញ្ជូន​សំណុំ​រឿង​មក​ចៅក្រម​ជំនុំ​ជម្រះ​។ អញ្ចឹង​បើ​តាម​នីតិវិធី​ប្រហែល​ជា​គេ​ចេញ​ដី​កាចូល​ខ្លួន​ហើយ​គាត់​អត់​ចូល​បាន​ជាចេញ​ដល់​ដី​កានាំ​ខ្លួននោះ​»។​

បើ​តាម​អធិការរូបនេះ លោក ​ថុន ធឿត ត្រូវ​បាន​តុលាការ​ខេត្ត​សៀម​រាប​ចោទ​ប្រកាន់ពាក់​ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​បូម​យក​រ៉ែ​ខ្សាច់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ។

មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​លីកាដូ​ខេត្តសៀម​រាបលោក ម៉ែន​ គឹមសួរ  មាន​ប្រសាសន៍ថា​លោក​​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំ​ងនេះ​ទេ តែ​លោក​ថា​ប្រសិន​ជា​ការ​អនុវត្តន៍​ច្បាប់​​នោះ​តែ​ទៅ​លើ​មន្ត្រី​របស់​បក្ស​ប្រឆាំង​ ហើយ​អ្នក​ផ្សេង​ដែល​ប្រព្រឹត្តិ​ដូច​គ្នា​នោះ​មិន​ត្រូវ​បាន​ច្បាប់​អនុវត្តន៍​នោះ​​​វាអាចជាចេតនា​នយោ​បាយ។

លោក​ថា៖ «បើ​សិន​ជាមាន​បទ​ល្មើស​ហ្នឹង​ពិត​ប្រាកដ​មែន​ ​តួនាទី​របស់​អាជ្ញាធរ​របស់​សមត្ថកិច្ច​វា​ត្រឹម​ត្រូវ​ហើយ បើ​អត់​មាន​អជ្ញា​ប័ណ្ណ​យើង​ទៅ​ប្រព្រឹត្តសកម្មភាពដែល​ផ្ទុយ​នឹង​ច្បាប់​នោះ​ណា! តែ​ប្រសិន​ជា​រូប​ភាព​អ្នក​ស្រុក​អ្នក​ដទៃ​ទៀត​គេធ្វើ​ដែរអត់​មាន​ការ​អនុវត្តន៍​ច្បាប់​លើ​ តែ​អនុវត្តន៍​តែ​លើ​មន្ត្រី​បក្ស​ប្រឆាំង​អា​ហ្នឹង​វា​អាច​ករណី​នយោបាយ តែ​គ្រាន់​ថា​ជាអាច​ទេ​ណា​មិន​អាច​ថា​១០០%​ជា​ករណី​នយោ​បាយ​ទេ»។

បើ​តាម​មន្ត្រី​បក្ស​ប្រឆាំង​ លោកសុខ គឹមសេង ថា​​ខ្លួន​កំពុងស្វែង​​រក​ជំនួយពីមេធាវីក្នុង​​ការ​ពារ​មន្ត្រី​របស់​ខ្លួន​ និង​សុំ​ឲ្យ​មន្ត្រី​ខ្លួន​បាន​នៅ​ក្រៅ​ឃុំបណ្តោះ​អាសន្ន។ លោក​អះអាង​ថា ការ​ចាប់​ខ្លួន​មន្ត្រី​របស់​ខ្លួន​គឺ​ជា​ភាព​លំអៀង​របស់​អ្នក​អនុវត្តន៍​ច្បាប់ ខណៈដែល​អ្នក​ផ្សេង​ដែល​ប្រកប​ការ​បូម​ខ្សាច់​នេះ​ដោយ​គ្មាន​អាជ្ញាប័ណ្ណដូច​គ្នា​នោះ​មិន​ត្រូវ​បានសមត្ថកិច្ច​ឃាត់​​នោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ