ប៊ីរីយ៉ា អត់ខ្មាស់រឿង​បើ​ជំនួញ​​​លក់​​​​​អំពិល

តារា​សម្ដែងកូនកាត់​ឥណ្ឌា​នាង​ ​ប៊ីរីយ៉ា (វង្ស សុម៉ាលីន)

ខុស​ពីតារា​​​​​​​ល្បីឈ្មោះ​ភាគច្រើន​ដែល​​ប្រកាស​​បើកអាជីវកម្មលក់អង្ករ និង​ខ្លះ​បើក​ហាងធំដុំ​​ដែល​ប្រើ​ដើមទុន​ច្រើនម៉ឺន​ដុល្លារ តារា​សម្ដែងកូនកាត់​ឥណ្ឌា​នាង​ ​ប៊ីរីយ៉ា ​​​បែរជា​បាន​​​​​​ប្រកាស​បើក​លក់​​ជំនួញ​ទាក់ទង​នឹង​អំពិល គឺ​​​លក់​ដំណាប់​អំពិល​ទៅវិញ។ ​មកទល់ពេល​នេះ​​នាង​​ថា ​​ខ្លួន​ទទួល​បានការ​កកុម្ម៉ង់​ច្រើន​តាម​អនឡាន ​ដោយ​​គ្រោង​​​រៀបចំ​ជា​ហាង​​​ដាក់​បើកលក់តែម្ដង ​​​ដើម្បី​អោយ​អ្នក​ចង់​ទិញ​ដំណាប់​អំពិលរបស់នាង​​​​​​ងាយស្រួលរកទិញ។

​​ប៊ីរីយ៉ា ដែល​បាន​សម្ដែងជា​តួ​ឯកម្នាក់​ក្នុង​រឿង ​​«​ស្នេហ៍ស្វ័យគុណ​​៤»​ បាន​ថ្លែង​ប្រាប់ថា​ ​​​នាង​បើក​​​​​​​​​អាជីវកម្ម​ធ្វើដំណាប់អំពិល​ប្រមាណ​​​៣​-៤​ខែ​ហើយ ដោយ​​​​​​​​​​​​អំពិលធ្វើ​ជា​ដំណាប់​ទាំង​នោះ​ ​នាង​ធ្វើដោយដៃ​ខ្លួន​ផ្ទាល់។ នាង​ថា​ នេះជាអាជីវកម្ម​​​សាមញ្ញ ​​ប៉ុន្តែ​គឺជា​ចំណូលចិត្ត ទើប​​​នាង​​សម្រេច​ចិត្ត​​បោះទុន​​​​​​​​។ នាង​​​មិនខ្លាច​​នូវការ​​​​សើច​ចំអក​​ពាក់ព័ន្ធ​នឹង​រឿងបើកជំនួញ​​​​​​​​សមញ្ញៗ នោះទេ ដោយនាង​យល់ថាមុខជំនួញ​របស់​ខ្លួន​​បើទោះជា​មើលទៅ​​​តូច​តាចមែន ប៉ុន្តែ​​​ការ​​​ប្រឈមខាត​ក៏មានតិច ហើយ​​ផលចំណេញ​ក៏អាចទទួលយកបាន។ ក្នុងនោះ​​​​​​​​​​​​​ដើមទុនសម្រាប់​​​​​​​​​​​​​ផ្គត់​ផ្គង់​​​​បុគ្គលិក ដូច​បើកហាង​​​​ធំដុំក៏មិនមាននោះដែរ ក្រៅតែ​ពី​​​​ផ្ដល់​កម្រៃ​​​​​​​សមរម្យ​​ដល់​សាច់ញាតិ និង​​​អ្នកជួយ​ធ្វើ​​ដំណាប់អំពិល។

នាង​​ថា ជំនួញ​​មួយនេះ ទទួល​បាន​បទ​ពិសោធន៍​ពី​​មិត្ត​ភ័ក្ត្រ ​ទើប​នាង​សម្រេច​ចិត្ត​​​​​ធ្វើ ហើយ​​​ក្រោយការ​ប្រកាស​លក់​​នៅលើ​ហ្វេសប៊ុក​មានការ​កុម្ម៉ង់ច្រើន ​​​​​​ធ្វើឲ្យនាង​មានកម្លាំង​ចិត្ត។

នាង​និយាយថា៖ «​​គ្រាន់តែ​ខ្ញុំ​បើកលក់​ត្រណាប់អំពិលនឹង​ភ្លាម​មួយចំនួន​គេ​សើច​ខ្ញុំ ថាខ្ញុំ​​​​​​​​​ល្បី​ប៉ុណ្ណឹង​ដែរ​មិច​​ចេញ​រកស៊ី​អី​កំប៉ិក​កំប៉ុកចឹង តែ​ខ្ញុំ​អត់ខ្វល់​ សំខាន់​ខ្ញុំ​​​ចង់​​រកអ្វីតាម​ចំណូលចិត្ត​ខ្ញុំ​​!»។

នាងថា​​អាជីវកម្មធំដុំ​ គឺមាន​មុខ​មាត់ ប៉ុន្តែ​បើ​​​​​​​​​​​និយាយពីរឿង​ខាត​បង់​ក៏​​ប្រឈម​​​ធ្ងន់ដែរ ​ទើប​នា​ងសម្រេចចិត្ត​អត់ខ្វល់ ទោះ​អ្នកណា​​សើច​យំថា​​ នាង​​ល្បី​ឈ្មោះ​​​ក្នុង​សិល្បៈប៉ុណ្ណឹងដែរ ​​​បែរមកបើកជំនាញ​សមញ្ញៗ។ នាង​​​​ថា​​​​​ មនុស្ស​ម្នាក់​ៗ​​សុទ្ធតែមានចំណូលចិត្ត​ខុស​គ្នា ដូច្នេះ​នាង​មិនខ្វល់រឿង​អ្នក​រិះគន់​​​​​​​នោះ​ទេ ផ្ទុយ​ទៅ​វិញ​​​​​បើ​នា​ងបើក​​ជំនួញ​លក់​ដំណាប់​អំពិល​​ហើយ​ទទួលបរាជ័យ ឬ​ឡុង​ចុង ទើប​នាង​​​​ថា​ជារឿងអាម៉ាស់។

នាង​ថា ​ស្វាមី​របស់នាង​គឺជា​​​អ្នករកស៊ី ​ហើយ​​​​បើ​តាមតែនាងរវល់នឹងអាជីពសម្ដែង​ផងដែរ​នោះ​​​នាង​នៅ​ផ្ទះ​​មិនខ្វល់​រឿង​ខ្វះលុយ​ចាយ​ ប៉ុន្តែ​មកពីនាង​​​ចង់​មាន​បំណង​​​​​​គ្រប់គ្រងជំនួញ​ផ្ទាល់ខ្លួន ហើយ​ខ្លួនក៏ចេះ​ជំនាញធ្វើដំណាប់អំពិល​​​ច្បាស់ផង ទើប​សម្រេច​បើក​​មុខជំនួញ​នេះ។

​យ៉ាងណាមិញ នាងថា ​​ជំនួញ​​លក់​ដំណាប់​អំពិល​គ្រាន់តែ​ជា​​ជំនួញ​​តូ​ច​​​​មួយ ដើម្បី​ឲ្យមាន​បទពិសោធន៍​ទៅ​គ្រប់គ្រងជំនួញធំ​ដុំនា​ពេល​ខាង​មុខ​ប៉ុណ្ណោះ។

នាង​និយាយថា៖ ​«​​​​ខ្ញុំអត់ខ្មាស់អ្នកសើចទេ ​​​​​ព្រោះ​ខ្ញុំ​យល់ថា​​មនុស្ស​យើង បើ​​អត់​​​​​ពីតូច​សិនទេ គឺទៅធ្វើ​​ជំនួញធំដុំមិនបាននោះដែរ ​ ​អត់រក​ពីតូច​ទៅ​​​​​​យើង​នឹង​ងាយ​បរាជ័យ ទើបខ្ញុំ​យល់ថា​ត្រូវតែ​​​​​ធ្វើ​​អោយ​​​​របរ​លក់ដំណាប់អំពិលរបស់ខ្ញុំ​អោយ​ជោគជ័យ» ។

នាង​​គ្រោង​​​បើកហាង​ដាក់លក់ ​​​និង​​​រៀប​​ជើង​ព្រួល​​​ដើរ​បោះ​តាម​ផ្សារ​​ឲ្យបានខ្លាំង បន្ថែមពី​លើ​ការ​ប្រកាស​លក់​​​តាមអនឡាញ ​​ដែល​នាង​បញ្ជាក់ថា ​មានការគាំទ្រ​​​នា​ពេលនេះ។​

​​​ប៊ីរីយ៉ា បញ្ជាក់បន្ថែមថា ​​អាជីព​សម្ដែង​​​ក្រោយ​ពី​បាន​បញ្ចប់រឿង​​ «​​​​ស្នេហ៍​ស្វ័យគុណ៤»​ គឺ​នាង​នឹងទទួល​​​​ថត​​មួយឬ​​ពីរ​រឿង​ទៀត ​​​​​ប៉ុន្តែ​មិនថត​រហូត​​​គ្មានពេល​មើលខុស​ត្រូវ​របរ​លក់​​ដំណាប់​អំពិល​នោះទេ ​ដោយសារតែ​នាង​​ត្រូវ​ការពង្រឹង​​អាជីវកម្មមួយនេះ។ ​​​នាងថា​​​​​​​​​​​​​​ស្វាមី​របស់ខ្លួន​​​​​បាន​​ប្រាប់ឲ្យ​នាង​ទទួលសម្ដែង និង​​​​ជម្រើស​យក​ការ​ដើរ​ម៉ូដ​​​​​​​​តាមចិត្ត​​ ​​​​​​​​​​បន្ទាប់ពីបានដឹងថា​​​នាង​​នៅ​ចង់​ប្រឡូក​​​​ ​​ដោយស្វាមី​នាង​​មិនមាន​ការ​​ប្រកាន់​​​​នោះទេ។

​​ក្នុង​នោះ​​ ស្វាមី​ក៏បើកទួលាយឲ្យនាង​សម្ដែង​​​​​ស្និទ្ធស្នាល​​ដោយមិន​ប្រច័ណ្ឌ​នោះដែរ ទើប​នាង​ហ៊ានសម្ដែង​ក្នុ​ង​រឿង ​«​ស្នេហ៍ស្វ័យគុណ៤»​​ ដោយឲ្យតួ​ប្រុស​អោបរឹត​ ​ដែល​មើលទៅ​​​​​​​ផ្អែមល្ហែម​​​​​​​​​​​​​​​​ដើម្បីឲ្យសមជា​តួ​ប្ដី​ប្រពន្ធ​ស្រឡាញ់គ្នា​ក្នុង​រឿង​។

នាង​និយាយថា៖ ​​​​​«​​​​បើ​​ប្ដីខ្ញុំប្រច័ណ្ឌ ដឹងតែ​សម្ដែង​​អត់កើតម្មង ព្រោះ​រឿង ​​​​​​​​​​​​​«​ស្នេហ៍​ស្វ័យគុណ៤» ​គឺជា​ភស្ដុតាង​ស្រាប់​ ​ខ្ញុំសម្ដែង​ស្និទ្ធិស្នាលមែនទែនជាមួយ​តួ​ប្រុស ​​​​​​តិចថើប​តិចអោប ដោយសារ​យើង​ចង់បង្ហាញពីភាព​រ៉ូម៉ាទិច​របស់មនុស្ស​ស្រឡាញ់គ្នា តែ​​ប្ដីខ្ញុំ​​​អត់​បាន​​ឃើញ​ប្លង់​នោះ​ហើយ​ គាត់ថា​ខ្ញុំសម្ដែងល្អ គឺអត់ប្រច័ណ្ឌ!»។

យោង​តាម​ការសម្ដែង​ក្នុង​រឿង​​​​​ «​ស្នេហ៍​ស្វ័យគុណ​​​៤» ​គឺ​​នាង​​​សម្ដែង​ជាតួ​​មាន​​​​សង្សារ​​រស់នៅ​ផ្ទះ​​​តែ​មួយតាម​របៀប​អឺរ៉ុប ហើយ​​​​ត្រូវ​​​ផលិតករ​​តម្រូវឲ្យ​​​​តួ​ស្វាមី​អោបថើបៗ ​យ៉ាង​ស្និទ្ធិស្នាលជា​របៀប​គូស្នេហ៍។ រឿង​នេះ​​​ បាន​ធ្វើពិធី​បើកសម្ពោធ តែ​​​មិនទាន់​បាន​ដាក់បញ្ចំង​លក់​សំបុត្រ​នោះទេ គឺ​រហូត​ទាល់តែ​​ថ្ងៃ​​១៩ខែមករា ទើប​សម្រេចដាក់​បញ្ចាំង។

ប៊ីរីយ៉ា និយាយថា​​រឿង​នេះ​​​​​​នាង​មានការ​រំពឹងជោគជ័យ ចឹង​ហើយទើប​​នា​​​ងសម្រេច​ចិត្ត​បើកជំនួញ​លក់​ដំណាប់អំពិល​ឲ្យជោគជ័យដែរ​​​ ដោយ​គ្រោង​​​ច្នៃ​ហាង​តាំង​លក់តែម្ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ