សាលាឧទ្ធរណ៍សម្រេចដោះលែងលោក ឌិន ពុទ្ធី ដែល​ថាបើកឡានបុកនគរបាលនៅប៉ោយប៉ែត

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចឲ្យ លោក ឌិន ពុទ្ធី ដែលរងការចោទថា បើករថ​យន្ត​បុក​​ម​ន្ត្រី​នគរបាលមួយរូបនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននៅក្រៅឃុំបណ្តោះអាសន្ន ខណៈចំ​ណា​ត់​ការរបស់សាលាដំបូងរងនូវការរិះគន់ថា មិនបានផ្តល់យុត្តិធម៌ដល់ជនសង្ស័យ។​

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៦ សកម្មជនគណបក្សប្រឆាំងនិងជា​ប្រធានស​មាគម​ពង្រឹងសេ​ដ្ឋកិ​ច្ច​ក្រៅ​ប្រព័ន្ធកម្ពុជាប្រ​ចាំខេត្តបន្ទាយមានជ័យ ​​លោក​ ឌិន​ ពុទ្ធី ត្រូវសមត្ថកិ​ច្ចាប់ខ្លួន ​​ខណៈនគរបាលច្រកទ្វារ​ម្នាក់​ឈ្មោះ​ ឈាន ពិសិដ្ឋ បានដួលនៅមុខរថយន្ត​របស់​មន្ត្រី​ប​ក្ស​​ប្រ​ឆាំងរូបនោះ។

ក្រោយមកលោក លោក ឌិន ពុទ្ធី ត្រូវ​បានសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឲ្យឃុំ​ខ្លួនបណ្តោះ​អាស​ន្ន ​ចោទ​ថាបង្ក​ហិ​ង្សា​​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

ប៉ុន្តែចំ​ណាត់ការរបស់តុលាការថ្នាក់ក្រោមនោះ ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គមនិង​អង្ក​កា​រ​សង្គ​មស៊ីវិល រួមទាំងគ្រួសារលោក ឌិន ពុទ្ធី ផងរិះគន់ថា ជារឿងអយុត្តិធម៌ និងសម្រេចប្តឹងករណីនេះមកសា​លាឧ​​ទ្ធរ​ណ៍​។

នៅថ្ងៃ​សុក្រនេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ លោក ងួន រតនា បានសម្រេចឲ្យលោក ឌិន ពុទ្ធី បាន​នៅ​​ក្រៅឃុំបណ្តោះអាសន្ន តាមបណ្តឹងទាស់របស់មេធាវីការពារក្តី បន្ទាប់ពីស្តាប់សំអាងហេតុរបស់​​មេ​​​ធាវី​ការ​ពារក្តី។

មេធាវីលោក គីម សុជាតិ ដែលការពារក្តីឲ្យលោក ឌិន ពុទ្ធី ប្រាប់អ្នកសារព័ត៌មានក្រោយបិទសវនាការថា ការដែលចៅក្រមសម្រេចឲ្យក្តីលោកបាននៅក្រៅឃុំនៅនេះ ដោយសារតែលោកបញ្ជាប់​​ប្រា​ប់តុ​លា​ការថា​ កូនក្តីលោកនឹងមិនគេចវេស ពេលតុលាការត្រូវការឲ្យមកបង្ហាញមុខនោះទេ ​និង​ថាកូនក្តីលោកនឹង​គោរព​ល​ក្ខ​ខ​​ណ្ឌដែ​លតុ​លា​​​ការបានកំណត់ មិនឲ្យប្តូរទីលំនៅ និងធ្វើដំណើរទៅក្រៅប្រទេសជាដើម​និង​​សំអា​​ងហេ​​តុ​មួ​​យចំនួនទៀត។

លោកថា៖ «ខ្ញុំជាមេធាវីការពារនិងខ្ញុំលើកសំអាងហេតុ៦ធំៗ គឺទី១ពាក់ព័ន្ធទៅនឹងការយល់ឃើញ របស់ចៅក្រមស៊ើបសួរ សាលាដំបូង ដែលគេលើកឡើងថាសំណុំរឿងហ្នឹងអត់ទាន់ជឿនលឿន បើមាន​ការ​ដោះ​លែងអាចត្រូវរូវជាមួយសាក្សី។ ប៉ុន្តែរឿងនេះអត់ទេ តុលាការបានបំពេញកិច្ចអស់ហើយ ដូចជា​សាក្សីបានចូលឆ្លើយអស់ហើយ យើងបានដឹងហើយ អាហ្នឹងចំនុចទី១។ ចំ​នុចទី២យើងលើ​កពីសេរីភា​ព​នៃ​ជនត្រូវចោទ។ ហើយទីមួយទៀតយើងលើកពីព្យសនកម្ម ព្រោះអីតាមអ្វីដែល​យើងបានដឹង គឺអ្វីដែល​ដើ​មបណ្តឹ​​ងរដ្ឋ​បវេ​ណី​ដែ​លគាត់បានឆ្លើយហ្នឹង គឺគាត់ថាគាត់អត់មានប៉ះពាល់អីធ្ងន់ធ្ងរទេ ហើយគាត់​មិនបាន​ទាមទា​រសំណ​ង​ទេ។ ហើយមួយទៀតយើងលើកអំពីស្ថានភាពគ្រួសារ របស់​គាត់។គាត់មាន​កូនក្នុ​​​ងបន្ទុកអី​ជាដើ​ម។ ចំ​នុច​សំខា​ន់​មួ​​យ​ទៀតយើងលើកពីមជ្ឈដ្ឋានទូទៅដែលគេយល់ថា រឿ​ងហ្នឹ​ងដែលជារឿង មិន​ត្រូវឃុំខ្លួនអញ្ចឹងទេ»។

ក្រោយចាប់ខ្លួនចាប់ខ្លួនលោក ឌិន ពុទ្ធី អ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើត្រាប់តាមថា នគរបាលស័​ក្តិ​៤​​ប្រចាំ​ច្រកទ្វារអន្តរជាតិប៉ោលប៉ែត លោក ឈាន ពិសិដ្ឋ បានផ្តួលខ្លួនឯង​នៅមុខរថយន្តលោក ឌិន ពុទ្ធី​ ដែ​លកំពុងឈប់ ហើយធ្វើជាសន្លប់ ដើម្បីទម្លាក់កំហុស​ទៅលើសកម្មជនបក្សប្រឆាំងនិងប្រធាន​សមាគ​មរូ​បនោះ។ម្យ៉ាងវិញទៀតក៏មានការជំរុញពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យស៊ើបអង្កេតករណីនេះឡើងវិញ។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ដែលតាមដានរឿងនេះប្រាប់អ្នកសារព័ត៌មា​ននៅ​ក្រៅ​​បន្ទ​ប់សវនាការថា លោក ឌិន ពុទ្ធី ជាមនុស្សម្នាក់សកម្មក្នុងជំរុញលក្ខខណ្ឌការងារ ជូនក​ម្មករអូសរទេះ និងបុ​គ្គលិ​កសណ្ឋាគារមួយចំនួនប្រចាំខេត្តបន្ទាយមានជ័យ និងថាសកម្មជនរូប​នោះធ្លាប់​ប៉ះទង្គិច​ដោ​យ​ពា​ក្យ​សម្តីជាមួយសមត្ថកិច្ចផងដែរ ពេលចុះជំរុញកា​រអនុវត្តច្បា​ប់ដើម្បីកា​រពារប្រ​យោជន៍កម្មករនោះ។

បើតាមលោក អាត់ ធន់ ការដែលសាលាឧទ្ធរណ៍សម្រេចឲ្យលោក ឌិន ពុទ្ធី បាននៅក្រៅឃុំ​បណ្តោះ​អាសន្ននៅពេលនេះ លោកថាជាយុត្តិធម៌មួយផ្នែក តែបើតុលាការមិនទម្លាក់បទចោទទេ លោកគិតថាកា​រ​ដោះលែងនេះនូវតែជារូបភាពគំរាមកំហែងដល់សកម្មភាពលើកស្ទួយសិទ្ធិការងារ​ដដែល។

លោកថា៖ «រឿងចាប់គាត់ដាក់ពន្ធនាគារហ្នឹងជារឿងអយុត្តិធម៌សម្រាប់គាត់ ប៉ុន្តែពេលនេះសាលាឧទ្ធរ​ណ៍​បាន​​ដោះលែងឲ្យគាត់មានសេរីភាព។ ក៏ប៉ុន្តែគាត់នៅក្រោមការត្រួតពិនិត្យ របស់តុលាការបានន័យថា សិទ្ធិ​របស់គា​ត់ត្រូវបានដកមួយចំនួនហើ​យ។ ដល់ពេលអញ្ចឹងយើងចង់​ឲ្យតុលាការហ្នឹងស្វែងរ​កភ័ស្តុ​តាង​ឲ្យ​បានច្បា​ស់លាស់បន្ទាប់មកទម្លាក់ប​ទចោទប្រកាន់ ព្រោះកុំឲ្យបាត់បង់សិទ្ធិ ក្នុងការធ្វើ​សកម្មភា​ពធ្វើ​ស​មាគមក៏ដូចជាសកម្មភាពផ្សេងៗ ក្នុង​នាម​ជាប្រជាពលរដ្ឋរបស់គាត់»។

ជាការកត់សម្គាល់ មុនសវនាការនៅសាលាឧទ្ធរណ៍នេះ មានកិច្ចប្រជុំពិសេសមួយ នៅខេត្តបន្ទា​យមា​នមានជ័យ ក្នុងកិច្ចប្រជុំនោះ កាសែតក្នុងស្រុកបានដកស្រង់សម្តីអភិបាលខេត្តបន្ទាយមានជ័យ លោក សួ​ន បវរ មកចុះផ្សាយថា នគរបាលស័ក្តី៤លោក ឈាន ពិសិដ្ឋ អាចនឹងត្រូវប្តូរទីតាំងឈរជើងនិងថាលោកចង់​ឲ្យ​​​ន​​រ​​គ​បាលរូបនោះសម្របសម្រួលជាមួយ លោក ឌិន ពុទ្ធី ដើម្បីប​ញ្ចប់សំ​ណុំរឿង​ដែល​​រងកា​​ររិះ​​គន់​​​មួ​យ​នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ