វិភាគ៖ ហេតុអ្វីវៀត​ណាមស្នើដដែលៗឲ្យ​​មានការគាំពារជនជាតិគេនៅកម្ពុជា?

ពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជានាពេលកន្លង (រូបភាពពី Vietnam Net)

វាជារឿងដដែលៗ គឺមេដឹកនាំវៀតណាមតែងតែរំលឹកម្តង​ហើយម្តងទៀត ឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ដល់ជន​ជាតិវៀត​ណាម​ដែល​​​​​កំពុងរស់នៅលើទឹកដីខ្មែរ។

យ៉ាងណាក៏ដោយមេដឹកនាំរដ្ឋាភិបាលខ្មែរកម្រនឹងបញ្ចេញសំណើរបស់វៀតណាមចំពោះបញ្ហានេះណាស់ ប៉ុន្តែសារព័ត៌មានវៀតណាមជានិច្ចកាលតែងតែផ្សាយពីការលើកឡើង​ដដែល​ៗនេះរបស់​មេដឹកនាំ​វៀតណាមនៅចំពោះមុខ​មេដឹកនាំកម្ពុជា ទាំងនៅពេលលោក ហ៊ុន សែន លោក ហេង សំរិន និង​លោក ស ខេង ទៅ​ទស្សនៈកិច្ចនៅវៀតណាម និងទាំង​នៅពេល​មេដឹកនាំវៀតណាម​មកទស្សនកិច្ចនៅកម្ពុជា។

សារព័ត៌មាន Tuoi Tre News បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១០​មករា​ថា ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​លោក​ ស ខេង នៅ​ប្រទេស​វៀត​ណាម​ ​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក ​ង្វៀន ស៊ុងហ៊្វុក បាន​ស្នើឲ្យកម្ពុជា​ផ្តល់​បរិយាកាស​ងាយ​ស្រួល​ដល់​អ្នក​ជំនួញនិង​ប្រជា​ជន​ខ្លួនឲ្យ​រក​ស៊ីនិង​រស់​នៅ​បាន​ថិត​ថេរ​ លើទឹកដីកម្ពុជា ​នោះទើប​ធ្វើ​ឲ្យ​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​​ទាំង​ពីរ​កាន់​តែ​ប្រសើរ។

បើតាមព័ត៌មានរបស់វៀតណាមដដែលនេះ លោក​ ស ខេង បាន​ទទួល​យក​សំណើ​នោះ​ដោយ​សន្យា​ថានឹង​រៀប​ចំឯកសារ​ក្នុង​ការ​គាំ​ទ្រ​សហគមន៍​វៀត​ណាម​ដែល​កំពុងរស់​នៅ​កម្ពុជា​។

អ្នកវិភាគនយោបាយជើងចាស់ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថាមូលហេតុដែលវៀតណាម​ប្រាប់កម្ពុជាដដែលៗនេះដោយសារតែមេដឹកនាំកម្ពុជាបច្ចុប្បន្ននៅជំពាក់គុណ​វៀតណាម​ ព្រោះតែមេដឹកនាំខ្មែរបានសន្យាគោរពកិច្ចព្រៀងទាំងឡាយ ដែលបានធ្វើឡើង ក្រោយពេលដែលហៅវៀតណាមឲ្យជួយវាយរំលំខ្មែរក្រហម។

លោកមានប្រសាសន៍ថា៖ «ព្រោះថានៅក្នុងកិច្ចព្រមព្រៀងពីមុនៗមក មានការអនុញ្ញាតឲ្យជន​ជាតិវៀតណាមមករស់នៅកម្ពុជាពីឆ្នាំ១៩៨២ មានសាចរណ៍ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន[កម្ពុជា]យកចិត្តទុកដាក់និគមជនវៀតណាមដែល​មករស់នៅកម្ពុជាហើយបើមានការ​លំបាក​គឺសុំឲ្យ​មានការពិគ្រោះជាមួយអ្នកជំនាញការវៀតណាម។ ដូច្នេះអាហ្នឹងជាមូលដ្ឋាន និង​ក្រប​ខណ្ឌ​នៃទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាតាំងពីពេលនោះមក»។

សូមបញ្ជាក់ថាដំណើរ​ទស្សនកិច្ច​របស់​លោក ស ខេង ទៅ​វៀត​ណាម​នៅសប្តាហ៍នេះ បានធ្វើឡើង​មុន​ពេល​នៃ​ការ​ជួប​ចរចារ​​ជា​មួយ​បក្ស​ប្រឆាំង​ ដែលថាគ្រោងធ្វើនៅក្រោយ​ថ្ងៃ​ទី​១១​ខែមករា​នេះ។

កាលពីពេលជាប់គាំងនយោបាយពីចុងឆ្នាំ២០១៣ដល់ដើម​ឆ្នាំ២០១៤ មានការ​បង្រ្កាប​ដោយ​ហិង្សា​កើតឡើងជាបន្តបន្ទាប់ក្រោយពី លោក ហ៊ុន សែន វិលត្រឡប់ពីទស្សនកិច្ចនៅវៀតណាម ដូចជាការបង្រ្កាបបាតុករនៅទីលានប្រជាធិបតេយ្យនិង​ការបាញ់​សម្លាប់​អ្នកតវ៉ា​ប្រាក់​ឈ្នួលនៅផ្លូវវេងស្រងជាដើម។

លោកបណ្ឌិត មាស នី អ្នកវិភាគពីស្ថានការណ៍សង្គម ធ្លាប់បានកត់​សំគាល់ថា នៅពេល​ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវរ៉ូវគ្នា ដូចជាកាលពីពេលលោក ហ៊ុន សែន ដឹកដៃលោក សម រង្ស៊ី ​ទៅ​អង្គវត្ត ការពិសារអាហាររួមគ្នា និងចុងក្រោយនេះ មានការ​ចាប់​ដៃរវាងលោក កឹម សុខា និង​លោក ហ៊ុន សែន លោកមើលឃើញថា វៀតណាមមិនសប្បាយចិត្ត ហើយតែងតែហៅមេដឹកនាំខ្មែរទៅទស្សនៈកិច្ចនៅប្រទេសគេ ឬមេដឹកនាំវៀតណាមតែងតែមកដល់កម្ពុជាតែម្តង។

លោកយល់ថា ប្រទេសជិតខាងដែលតាំងខ្លួនជាអ្នកមានគុណលើខ្មែរនោះ គឺមិនចង់​ឲ្យ​អ្នក​នយោបាយខ្មែរ​ឯកភាពផ្ទៃក្នុងទេ ព្រោះខ្លួនពិបាកប្រើឥទ្ធិពលមកលើការសម្រេចណាមួយ។

គេនៅចាំបានថា កាលពីពេលលោក សម រង្ស៊ី ទៅ​ដក​បង្គោល​តម្រុយ​ព្រំដែន​នៅ​ខេត្ត​ស្វាយ​រៀងនោះ រដ្ឋាភិបាលកម្ពុជាមិនបានចាត់​វិធានការ​ភ្លាមៗលើ​មេបក្សប្រឆាំង​រូបនេះទេ ប៉ុន្តែក្រោយពីលោកស្រី ម៉ែន សំអន វិលមកពីទស្សនៈនៅវៀតណាមវិញ គឺមានការ​ចាត់​វិធានការផ្លូវច្បាប់ប្រឆាំង​លោក សម រង្ស៊ី។ជាវិធានការដែលធ្វើ​ឡើងក្រោយពីមានការទទួចពីមេដឹកនាំ​វៀតណាម​ឲ្យមានវិធានការចំពោះ​ការ​ដក​តម្រុយ​បង្គោលព្រំដែនដ៏ចម្រូងចម្រាស់នោះ។

យ៉ាងណាក៏ដោយ កាលពីពេលកម្ពុជាធ្វើជាម្ចាស់​ផ្ទះកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ គឺកម្ពុជា​មិនចេញសេចក្តីថ្លែងការណ៍រួមទាក់ទងនឹងជម្លោះសមុទ្រចិន ជាមួយវៀតណាម និង​ភីលីពីននោះទេ។

កាលណោះ អ្នកវិភាគ មើលឃើញថា រដ្ឋាភិបាលកម្ពុជាទំនងចង់​ដោះដៃចេញពីវៀតណាមឬ​មិន​ចង់​ស្ថិតក្រោម​ឥទ្ធិពលរបស់វៀតណាមទៀតទេ ដោយ​ងាកទៅរក​មហាយក្សចិនវិញ។

លោក ឡៅ ម៉ុងហៃ វិភាគថា បើមេដឹកនាំកម្ពុជាមិនធ្វើតាមគឺវៀតណាមមានមធ្យោបាយ​គៀបសង្កត់សឹងគ្រប់បែបយ៉ាង ដោយលោកប្រៀបធៀបថា «ជើងរបស់កម្ពុជាជាប់ច្រវ៉ាក់វៀតណាម» បើទោះបីជាគេមើលឃើញថាកម្ពុជាកំពុងព្យាយាមងាកទៅចិនក៏ដោយ។

លោកមានប្រសាសន៍ថា៖ «អន់ចិត្តអន់ថ្លើមមិនជាការទេព្រោះថាវៀតណាមគេមានមធ្យោបាយ​ហើយ​មានអំណាចមកលើយើង។បើយើងទៅរកចិន សព្វថ្ងៃនេះខ្ញុំហ៊ានស្និដ្ឋានថា មនុស្សខ្មែរ​ដដែល​ហ្នឹងមិនត្រឹមតែជាប់ច្រវ៉ាក់វៀតណាមទេ គឺជាប់ខ្នោះចិនទៅទៀត»។

បើតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ ការដែលកម្ពុជាស្ថិតក្រោម​ឥទ្ធិពលបរទេសនេះ​ដោយសារតែ​អ្នកនយោបាយខ្មែរមិនទាន់ឯកភាពផ្ទៃក្នុង។

ទោះជាយ៉ាងណា ក្រោយពីបាតបង់សំឡេងគាំទ្រអស់២២អាសនៈក្នុងរដ្ឋសភានោះ គណបក្សកាន់អំណាចដែល​ជាគោលដៅ​របស់បក្សប្រឆាំងក្នុង​ការ​រិះគន់ពី​ការហូរចូលជនអន្តោប្រវេសន៍វៀតណាមនោះ រដ្ឋាភិបាល​កម្ពុជាបានប្រកាសកែទម្រង់​ដោយ​ចាប់​ជនជាតិវៀតណាមមួយចំនួនថាខុសច្បាប់បញ្ជួនទៅស្រុក​គេវិញ។

អ្នកវិភាគយល់ថា បញ្ហាជនជាតិវៀតណាមជាសន្លឹកបៀរចុងក្រោយដែលគណបក្សកាន់អំណាច​យកមកប្រើ ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ។

របាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាពីឆ្នាំ ២០១៥ ដល់ខែសីហា ឆ្នាំ ២០១៦ ឲ្យដឹងថាមានជនជាតិវៀតណាម​ ចំនួន៧៦ ៣៩៨នាក់បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ដែលចេញដោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។ពួកគេប្រឈមនឹងការបណ្តេញចេញពីកម្ពុជាផងដែរ។នេះក៏ជាកត្តាមួយដែលអ្នកវិភាគ យល់ថាជាហេតុ​ផល​ដែល​មេដឹកនាំ​វៀតណាមលើកឡើងដដែលៗ ឲ្យមេដឹកនាំកម្ពុជាដែលពួកគេអះអាងថាជាមិត្តម៉ឺនឆ្នាំនោះ ត្រូវជួយសម្រួលដល់​ជនជាតិវៀតណាមឲ្យបានបន្តរស់នៅស្របច្បាប់លើទឹកដីកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ