រដ្ឋាភិបាលអះអាងថាឈប់យកលុយពលរដ្ឋដែល​ឆ្លងកាត់ទៅផ្សាររុងក្លឿ

រដ្ឋាភិបាលបានប្រាប់ទៅនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឲ្យឈប់​យក​​​លុយពីប្រជាពលរដ្ឋខ្មែរទូទៅដែលឆ្លងកាត់ចេញចូលផ្សាររុងក្លឿប្រទេសថៃ ដោយមិនបាន​បញ្ជាក់​ពីមូល​ហេតុច្បាស់លាស់នោះទេ​។

ការសម្រេចរបស់រដ្ឋាភិបាលនេះ ទំនងជាចង់ឲ្យ​ប្រជា​ពលរដ្ឋ​ស្ងប់ចិត្ត ករណីចាប់ខ្លួន ​លោក ​ឌិន ពុទ្ធី ក្រោយពីតុលាការ​ខេត្តបន្ទាយមានជ័យ សម្រេច​ចោ​ទ​ពីបទហិង្សាដោយចេតនានិងមានស្ថានទំងន់ទោស បន្ទាប់ពីមន្ដ្រីប៉ូលិស​​ព្រំដែនលោ​ក ​ឈាន ពិសិដ្ឋ ​ដួល​មុខឡានមន្ដ្រីបក្សប្រឆាំងរូប​នោះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងមក។

លិខិតរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ម្សិលមិញ​ បានដកស្រង់សម្តីលោក កែ គឹម​យ៉ា​ន​ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តនេះមានខ្លឹមសារ​ថា ប្រ​ធាន​​ទីស្នាក់​ការ​ត្រួត​ពិនិ​ត្យ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិប៉ោយប៉ែតនិង​លោក​នាយ​ប៉ុស្តិ៍នគរ​បាល​អន្តោ​ប្រវេសន៍​​ច្រកទ្វារព្រំដែនអន្តរ​ជាតិ​ទំាងនោះ​ ត្រូវ​បញ្ឈប់ការយកកម្រៃលក់លិខិតអនុញាតបណ្តោះអាសន្ន១០០០រៀល(១០បាត) ចេញ-ចូល ​ផ្សារ​រុងក្លឿ​ប្រទេស​ថៃ ​ពី​​ប្រជា​ពលរដ្ឋទូទៅ។ ប៉ុន្តែសេវាផ្សេងៗរដ្ឋបាល​ខេត្ត​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ខាង​លើ ត្រូវ​បន្តយក​ចិត្ត​ទុក​ដាក់​បម្រើ​​​សេវាជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព សមធម៌ ​និងទាន់ពេ​ល​វេលា​។

ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ប៊ុន សុទ្ធី​ សាទរនឹងរដ្ឋាភិបាលដែល​មិនឲ្យពលរដ្ឋបង់កម្រៃ​លក់​លិខិត​អនុញ្ញាត​បណ្តោះ​​អាសន្ន​ ចេញ-ចូល ​ផ្សារ​រុងក្លឿ​ប្រទេស​ថៃ។ ប៉ុន្តែ​លោកថា ករណី​នេះ​មិន​អាច​ធ្វើឲ្យ​ពល​រដ្ឋស្ងប់ចិត្ត ឈប់តវ៉ារកយុត្តិធម៌ឲ្យមន្ត្រីបក្សប្រឆំាងលោក ឌិន ពុទ្ធី បាន​នោះទេ៖ «វាអាចដូចថាលួងលោមប្រជាពលរដ្ឋ លួងលោមពលករ កម្មករដែលគាត់ចេញចូល​នៅច្រកហ្នឹង(ច្រកទ្វារអន្តរជាតិប៉ោយប៉ែត) គាត់ក៏កាត់បន្ថយនូវ​លុយការបង់ការចំណាយ​ ធ្វើឲ្យគេយល់ថារដ្ឋាភិបាលល្អឡើងវិញ ចេះកែទម្រង់ វាអាចថាកុំឲ្យមានការផ្ទុះកំហិង្សតវ៉ាថា កុំឲ្យរដ្ឋាភិបាលពុករលួយខ្លំាងពេក អាក្រក់ខ្លំាងពេក ក៏វាជាចំណែកមួយដែរ»

អ្នក​សម្រប​សម្រួល​អង្គការលីកាដូប្រចំាខេត្តបន្ទាយមានជ័យ លោក ភុន ឈិន យល់ថា ការ​បញ្ឈប់​យក​កម្រៃ​លក់លិខិតអនុញ្ញាតបណ្តោះអាសន្ន១០០០រៀល(១០បាត) ចេញ-ចូល ​ផ្សារ​រុងក្លឿ​ប្រទេស​​​ថៃ ​ពី​​ប្រជា​​ពលរដ្ឋទូទៅ រដ្ឋាភិបាលគួរតែបញ្ឈប់យករហូតជាការល្អ​។

ដោយឡែក ករណីលោក ឌិន ពុទ្ធី និង​មន្ត្រី​ប៉ូលីសលោក ឈាន ពិសិដ្ឋ លោកថា​ទុក​ឲ្យភាគី​ទំាងពីរ​ដោះស្រាយគ្នាតាមច្បាប់​៖ «ចំពោះថាតើអ្នកដែលត្រូវបានគេឃុំខ្លួន ដោយមិនត្រឹមត្រូវ ឬយ៉ាងម៉េច គាត់ចង់ប្តឹងទាមទារ ឬក៏គាត់ចង់សម្របសម្រួលឲ្យវាស្ងប់ចិត្តគឺជាសិទ្ធិរបស់គាត់ខ្លួនឯង ខ្ញុំគិតថាវាដូច​ជា​មិនមានអីពាក់ព័ន្ធគ្នាទេ​»

អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី៩​ខែមករាថា លោកចង់ឲ្យមានការសម្របសម្រួលគ្នារវាង លោក ឈាន  ពិសិដ្ឋ ជាមួយលោក ឌិន ពុទ្ធី ដើម្បីបញ្ចប់បញ្ហា។ ជាមួយគ្នានោះ លោកបន្តថា លោកនឹងស្នើទៅ​ក្រសួង​មហាផ្ទៃឲ្យផ្ទេរការងារលោក ឈាន ពិសិដ្ឋ ចេញពីក្រុងប៉ោយប៉ែត ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍។

ទោះជាយ៉ាងណា លោក ឌិន ពុទ្ធី ត្រូវបានតុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនជិតមួយខែហើយ បើទោះ​ជាមាន​ការតវ៉ាពីសំណាក់ពលរដ្ឋរាប់រយនាក់ និងក្រុមគ្រួសារសុំដោះលែងលោករូបក៏ដោយតែនៅថ្ងៃនេះសាលាឧទ្ធរណ៍បានសម្រេចឲ្យនៅក្រៅឃុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ