កម្មករធ្វើការនៅក្នុងរោងចក្រផលិតទឹកត្រីនៅក្នុងរោងចក្រមួយនៅក្នុងខេត្តភូយេន នៅភាគខាងត្បូងនៃប្រទេសវៀតណាម បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយគេសង្ស័យថាដោយសារការដកដង្ហើមស្រូបប៉ះជាតិពុលនៅទីនោះ។
សារព័ត៌មានបាងកកប៉ុស្តិ៍ចុះផ្សាយថា ក្នុងចំណោម៥នាក់នាក់ដែលស្លាប់នោះគឺម្នាក់ជាជនជាតិថៃ។ កាសែតដដែលបញ្ជាក់ថា គេបានប្រទះឃើញសាកសពអ្នកទាំង៥នៅក្នុងបន្ទប់តូចមួយដែលរក្សាទុកសារធាតុមេ សម្រាប់ផលិតទឹកត្រី ហើយសង្ស័យស្លាប់ដោយសារជាតិពុលនៅក្នុងមេសារធាតុនោះ។
ប្រភពកម្មករមិនបានបញ្ជាក់ថា តើសារធាតុមេដែលគេយកទៅផលិតទឹកត្រីនោះផ្សំមកពីសារធាតុអ្វីខ្លះនោះទេ។ ទោះយ៉ាងណាសមត្ថកិច្ចវៀតណាមកំពុងស៊ើបអង្កេតរកហេតុផលពិតនៃការស្លាប់កម្មករនេះ។
សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃចុះផ្សាយថា ឧស្សាហកម្មរបស់វៀតណាមកំពុងតែរីកចម្រើន ប៉ុន្តែមានករណីល្មើសនិងច្បាប់សុវត្ថិភាពរបស់វៀតណាមជាញឹកញាប់៕