​ពលរដ្ឋ​ខេត្តកំពតចោទឧកញ៉ា និងភរិយា​បញ្ចុះបញ្ចូលឲ្យ​លក់​​ដីសម្បទាន​សង្គម​កិច្ច​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 11:50 AM | របាយការណ៍ស៊ើបអង្កេត | 0 | 957

ដំរី​ផុង​ជា​តំបន់​មួយ​នៅ​ជិត​ជើង​ភ្នំ​ដែល​ប្រជា​សហ​គមន៍​ហៅ​តៗ​គ្នា ​ដោយ​កាល​ពី​មុន​តំបន់​នោះ​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ។ តំបន់​នេះ​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ ​ខេត្ត​កំពត​ និង​មាន​ចម្ងាយ​ជាង​៦០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ស្រុក​ឈូក​។ ប្រសិន​បើ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ ត្រូវ​ឆ្លង​កាត់​ផ្លូវ​គ្រួស​ក្រហម កាត់​អូរ​ ព្រៃ​ព្រិច និង​ដើម​ថ្លុង ដោយ​ត្រូវ​ចំណាយ​ពេល​ជាង​១​ម៉ោង​។

នៅ​ពេល​ទៅ​ដល់​តំបន់​នោះ​ គេ​សង្កេត​ឃើញ​វាល​រហោ​ឋាន ដោយ​សារ​​ការ​កាប់​ព្រៃ​ពី​សំណាក់​​ប្រជា​ពល​រដ្ឋ និង​ក្រុម​ហ៊ុន​ ដើម្បី​បំពេញ​តម្រូវ​ការ​រស់​នៅ និងការ​ធ្វើ​អាជីវ​កម្ម​ដាំ​ម្រេច​។ ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ឆ្ងាយ​ពី​គ្នា  សាង​សង់​ខ្ពស់​ពី​ដី​បន្តិច ដំបូល​ប្រក់​ដោយ​ស្បូវ និង​សង់​ដោយ​ប្រើ​កំណាត់​ឈើ​តូច​ៗ​។ ប្រជា​ពល​រដ្ឋ​នៅ​​ទីនោះ​ដាំ​ដំ​ណាំ​​តិច​តួច ដូច​ជា​ចេក ល្ហុង ស្វាយ ដំឡូង និង​ចិញ្ចឹម​សត្វ​មួយ​ចំនួន​ ដូច​ជា​មាន់ ទា​ និង​ក្ងាន​​។ អ្វី​ដែល​ខ្វះ​ខាត​ជា​ចម្បង​នៅ​តំបន់​នោះ​ គឺ​បញ្ហា​ទឹក​ប្រើ​ប្រាស់​។

ទោះ​ជា​យ៉ាង​ណា អ្វី​ដែល​លេច​ធ្លោរ​នៅ​តំបន់​នោះ គឺ​អគារថ្ម​រាប​នឹង​ដី ប្រក់​ដោយ​ស័ង្កសី​ពណ៌​ខៀវ ​​ជា​កន្លែង​ដាំ​ម្រេច​ដ៏ធំ​មួយ ដែល​មាន​កម្មករ​ធ្វើ​ការ​ទៅ​ដល់​១៥០នាក់​។​កម្ម​ករ​ទាំង​នោះ​ទទួល​បាន​ប្រាក់​ប្រចាំ​ថ្ងៃ​ក្នុង​មួយ​នាក់​២០០​០០រៀល​ ដោយ​រាប់​បញ្ចូល​ទាំង​ថ្លៃ​អាហារ​ក្នុង​នោះ​។​

ចំការ​ម្រេច​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអា​ង​ថា​ជា​របស់​ជប៉ុន។​ប៉ុន្តែ​នៅ​ពេល​សាក​សួរ​ពួក​គេ​ថា​ជប៉ុន​មាន​ទំនាក់​ទំនង​ជាមួយ​ឧកញ៉ា​ម្នាក់ ​ដែល​ពល​រដ្ឋ​នៅ​ទីនោះ​ធ្លាប់​ឃើញ​មុខ​ឧកញ៉ា និង​ភរិយារបស់​លោក តែ​មិន​បាន​ដឹង​ថា​មាន​ឈ្មោះ​អ្វី​នោះ​ទេ​។

តំបន់​នោះ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ដែល​រដ្ឋា​ភិបាល​ផ្តល់​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​កាល​ពី​ពីរ​បី​ឆ្នាំ​មុន។ ប៉ុន្តែ​មួយ​​រយៈ​ចុង​ក្រោយ​នេះ ដី​នោះ​ត្រូវ​បាន​ឧកញ៉ា​ចាប់​អារម្មណ៍ និង​ចង់​យក​ដើម្បីពង្រីក​ចម្ការ​ដំា​ម្រេច​។​

រាង​ស្គម ហាក់​ដូច​ជា​ទ្រុឌ​ទ្រោម​បន្តិច​ លោក សាន មិត្ត អាយុ​៦៨​ឆ្នាំ រៀប​រាប់​ដោយ​សំឡេង​ខ្សាវៗ​ថា អាជ្ញា​​ធរ​ភូមិ​ ឃុំ ដែល​លោក​ថា​មាន​ទំនាក់​ទំនង​ជាមួយ​ឧកញ៉ា បាន​បញ្ចុះ​បញ្ចូល​ប្រជា​ពល​រដ្ឋ​ឲ្យ​ដោះ​ដូរ​ដី ទាំង​នោះ​ តែ​លោក​បាន​បដិសេធ​ ដោយ​សារ​តំបន់​ថ្មី​មិន​សម​ស្រប​នឹង​ការ​រស់​នៅ​។​លោក​បន្ត​ថា​រដ្ឋា​ភិបាល​បាន​ផ្តល់​ដី​ឲ្យ​លោក​ជិត​១,៥​ហិកតា ហើយ​លោក​បាន​រស់​នៅ​ទីនោះ​​ជិត​២ឆ្នាំ​មក​ហើយ ដោយ​បាន​ដំា​ជា​ស្រូវ​ ចេក​ ល្ហុង​ និង​ដំឡូង​ជាដើម​។

លោក សាន មិត្ត(រូបថតដោយរិន សុក្រឹត្យ)

លោក​បញ្ជាក់​ថា​«ខ្ញុំ​មិន​ចង់​ដោះ​ដូរ​ ដោះ​ដូរ​ទៅ​ណា មិន​ដឹង​ឲ្យ​ទៅ​កន្លែង​ណា​ រដ្ឋា​ភិបាល​ឲ្យ​ហើយ​ពិបាក​ដោះ​ដូរ​ណាស់​។ មេភូមិ​មេឃុំ​ ប្រាប់​ថា​ដី​ហ្នឹង ត្រូវ​ដោះ​ដូរ​ឬមិន​ដូរ ក្រែង​ថ្ងៃ​ក្រោយ​វា​ពិបាក​ចេញ​ចូល​»​

លោក សាន មិត្ត បារម្ភ​ពី​ការ​បង្ខិត​បង្ខំ និង​ការ​ដោះ​ដូរ​ដី​របស់​លោក​ទៅ​តំបន់​មួយ​ដែល​លោក​មិន​អាច​បង្ក​បង្កើន​ផល និង​ជួប​ការ​លំបាក​ទៅ​ថ្ងៃ​អនា​គត​។​ លោក​មាន​ប្រសាសន៍​ថា«ដោះដូរ​ទាល់​តែ​​ខ្ញុំ​ឃើញ​មាន​ស្រះ​ទឹក​ អណ្តូងទឹក។ អា​នេះ​គេ​ថា​ធ្វើ​ម៉េច​ត្រូវ​អភិវឌ្ឍ ខ្ញុំ​ដេញ​សួរ​ចុះ​អភិវឌ្ឍ អភិវឌ្ឍអី! អភិវឌ្ឍ​ជន​ក្រីក្រ​អី​ អភិវឌ្ឍ​ឲ្យ​ក្រ​ហ្មង​ទៅ​។ [បើ​ប្រើ​]កម្លាំង​បាយ យើង​ក៏​ចេញ​តាម​កម្លាំង​បាយ សុទ្ធ​ចិត្ត​ងាប់​ចោល​ដី​ហ្នឹង​ទៅ​ល្អ​ច្រើន​ជាង​នៅ នៅ​ក៏​លំបាក​វេទនា​ដែរ​»

ភរិយា​របស់​លោក សាន មិត្ត អ្នក​ស្រី ឡុង​ ស៊ុន អាយុ​៦០​ឆ្នាំ មាន​ប្រសាសន៍​ថា​ភរិយា​របស់​ឧកញ៉ា ដែល​អ្នក​ស្រី​ហៅ​ថា​ជំទាវ​បាន​ព្យាយាម​ជួប​ប្រជា​ជន និង​ចែក​ជា​របស់​របរ​មួយ​ចំនួន​ជូន​ដល់ពួក​គាត់​។អ្នក​ស្រី​ថា​អ្នក​ស្រី​នឹង​មិន​ដោះ​ដូរ​ដី​នោះ​ទេ ដោយ​សារ​អ្នក​ស្រី​បាន​ដំា​ដុះ​ដំណាំ​រួច​ទៅ​ហើយ​។អ្នក​ស្រី​ចាត់​ទុក​តំបន់​នោះជា​កន្លែង​រស់​នៅ​ល្អ​សម្រាប់​អ្នក​ស្រី​។

អ្នក​ស្រី ឡុង​ ស៊ុន(រូបថតដោយរិន សុក្រឹត្យ)

ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀតដែល​កំពុង​តែ​ប្រឈម​នឹង​ការ​ដោះ​ដូរ​ដី អ្នក​ស្រី ណៃ ស្រី អាយុ​៤០​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នកស្រី​ទើប​តែ​មក​រស់​នៅ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៤ តាម​ទំហំ​ដី​ទទឹង​៦៥​ម៉ែត្រ និង​បណ្តោយ​២៥០​ម៉ែត្រ ដែល​រដ្ឋា​ភិបាល​បាន​ផ្តល់​ឲ្យសម្រាប់​ប្រជា​ជន​ក្រី​ក្រ​។អ្នក​ស្រី​ថា​អ្នកស្រី​មិន​ព្រម​ចេញ​​នោះ​ទេ ដោយ​សារ​អ្នក​ស្រី​បាន​ចំណាយ​ប្រាក់​ក្នុង​ការ​សង់​ផ្ទះ ដាំ​ដុះ​ និង​ចិញ្ចឹម​សត្វ​រួច​ទៅ​ហើយ។​ប៉ុន្តែ​អ្នក​ស្រី​ទាម​ទារ​ប្រាក់​ប្រហែល​២០០០​ដុល្លារបន្ថែម​ទៅ​លើ​ដី​ដែល​ត្រូវ​ដោះ​ដូរ​ ប្រសិន​បើ​មាន​ការ​​បង្ខំ​។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា«ថា​មិន​បង្ខំ​ក៏​ដូច​ជា​បង្ខំ​ដែរ។ គេ​ថា​បើមិន​ដោះ​ដូរ​មិន​ដឹង​ទេ ក្រែង​លោ​ថ្ងៃ​ក្រោយ​ពិបាក​ចេញ​ចូល​។ជំទាវ​មក​បបួល​ខ្ញុំ​ ខ្ញុំ​អត់​បាន​ដូរ ក៏​ភូមិ​ ឃុំ​មក​ទៀត​។ ឃុំ​មក​សម្រប​សម្រួល​ឲ្យ​ដូរ។ គេ​ថា​ដូរ​មិន​ដូរ​ប្រយ័ត្ន​គេ​បិទ​ផ្លូវ​សន្តិ​សុខ​យាម​ក៏​ពិបាកចេញចូល»។​

អ្នក​ស្រី ណៃ ស្រី(រូបថតដោយរិន សុក្រឹត្យ)

អ្នក​ស្រីឲ្យ​ដឹង​ទៀត​ថា​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​១១​គ្រួសារ រហូត​មក​ដល់​ពេល​នេះ​គ្រួសារ​មួយ​ចំនួន​​បាន​​ដោះ​ដូរ​តាម​ការ​បញ្ចុះ​បញ្ចូល​របស់​ជំទាវ ដោយ​ទទួល​បាន​ប្រាក់​ទៅជាមួយ​ប្រហែល​៦០០​ទៅ​៨០០​ដុល្លារ​។​​

តាម​ពាក្យ​បណ្តឹង​ដែល​អ្នក​ស្រី​ ណៃ​ ស្រី​ ដែល​បាន​ដាក់​ទៅ​ឃុំ​ ឲ្យ​ដឹង​ថា​ប្រជា​ពលរដ្ឋ​ចំនួន​១១​គ្រួសារ​ដែល​មាន​ទី​លំនៅ​ដើម​នៅ​ភូមិ​កោះ​ស្លា​ រង​ការ​បង្ខំ​ឲ្យ​ដោះ​ដូរ​ដីសម្បទាន​សង្គម​កិច្ច​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​។ពាក្យ​បណ្តឹង​បន្ត​ថាប្រជាពល​រដ្ឋ​៤គ្រួសារ​ បាន​សម្រេច​ចិត្ត​ដោះ​ដូរ​ដី​រួច​មក​ហើយ​។

អ្នក​ភូមិ​លើក​ឡើង​ថា​ក្រុម​ហ៊ុន​ដាំ​ម្រេច​បាន​មក​ឈូស​ឆាយ​ដី​របស់ពួក​គាត់​កាល​ពី​កន្លង​ទៅ​ ប៉ុន្តែប្រជា​ពល​រដ្ឋ​បាន​តវ៉ា​ទើប​មាន​ការ​បញ្ឈប់​ទៅ​វិញ​។

លោក ម៉ម រឿន អាយុ​៤៩​ឆ្នាំ​ ជា​ជន​ពិការ​ដែល​ត្រូវ​បាន​ឧកញ៉ា​ហៅ​ទៅ​ជួប​ផ្ទាល់​ និង​ត្រូវ​បាន​ភរិយា​របស់​ឧកញ៉ា​ប្រគល់​ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿងសម្រាប់​ប្រើ​ប្រាស់ មាន​ប្រសាសន៍​ថា​លោក​បាន​យល់​ព្រម​ក្នុង​ការ​ដោះ​ដូរ​ដី ​ដោយ​សារ​ក្រុម​ហ៊ុន​សន្យា​ថា​នឹង​ធ្វើ​ផ្ទះ​ក្បែរ​ថ្នល់ ធ្វើ​ផ្សារ​ និង​បង្កើត​មុខ​របរ​ឲ្យ​រូប​លោក។ លោក​បន្ត​ថា​ជំទាវ​ក៏​បាន​សន្យា​ថែម​លុយ​មួយ​ចំនួន​ដល់​រូប​លោក​នៅ​ពេល​លោក​ចាក​ចេញ​។លោក​បញ្ជាក់​ថា«គេ​គ្រាន់​តែ​និយាយ​ថា​បើ​បង​ប្អូន​ដោះ​ដូរ ក៏​ដូរ​ទៅ គេ​មិន​បង្ខិត​បង្ខំ​ទេ។​ខ្ញុំ​មិនទាន់​ដឹង​ថា​តើ​តំបន់​ដោះ​ដូរ​នោះ​នៅ​កន្លែង​ណា​នោះ​ទេ​»​។

ជំទប់​ទី​១​ឃុំ​ត្រពាំង​ភ្លាំង​មក​ពី​គណ​បក្ស​សង្រ្គោះ​ជាតិ លោក សន សូវ មាន​ប្រសាសន៍ថា​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​ ហើយ​លោក​ក៏​បាន​ចុះ​ទៅពិនិត្យ​នៅ​តំបន់​នោះ​ដែរ។​លោក​បន្ត​ថា​ប្រជាពលរដ្ឋ​ត្រូវ​បានគេ​បំភិត​បំភ័យ​ និងគំរា​មកំហែង​​ឲ្យ​ដោះ​ដូរ​ដី​។​លោក​បន្តថា​ប្រជា​ពល​រដ្ឋ​ទទួល​បាន​ប្រាក់​២០០​ទៅ​៣០០​ដុល្លារ​សម្រាប់​ការ​ដោះ​ដូរ​ដីនេះ​។

តាម​ការ​អះ​អាង​របស់​ប្រជា​ពល​រដ្ឋ ពួក​គេ​នៅ​តំបន់​កោះ​ស្លា​ហើយ​ត្រូវ​បាន​រដ្ឋា​ភិបាល​ប្រគល់​ដី​សម្បទាន​សង្គម​កិច្ច​ឲ្យ​ក្នុង​មួយ​គ្រួសារ​ដី​មាន​ទទឹង​ប្រវែង​៦៥​ម៉ែត្រ និង​បណ្តោយ​ប្រវែង​២៥០​ម៉ែត្រ​កាល​ពីពីរ​បី​ឆ្នាំ​មុន​ដែល​រហូត​មកដល់​ពេល​នេះ​មិន​ទាន់​បាន​៥​ឆ្នាំ​នៅ​ឡើយ​ទេ។

យោង​តាម​ច្បាប់​ភូមិ​បាលដែល​ចូល​ជាធរ​មាន​កាល​ពីឆ្នាំ​២០០១ សម្បទានិក​អាច​ស្នើ​សុំ​ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​បាន ក្រោយ​ពី​បាន​កាន់​កាប់​ដី​សម្ប​ទាន​រយៈ​ពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា។​ សម្បទានិក​ដី​ សង្គម​កិច្ច​វិញ ក្នុង​ពេល​រង់​ចាំ​បាន​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធិ (៥ឆ្នាំ) មិន​អាច​ធ្វើ​ការ​ផ្ទេរ​សិទ្ធិ​របស់​ខ្លួន​បាន​ទេ គឺ​អាច​មាន​សិទ្ធិ​ត្រឹម​តែ​ប្រើ​ប្រាស់​ (សាង​សង់​លំនៅ​ដ្ឋាន ដាំដុះ បង្ក​បង្កើន​ផល) និង​អាស្រ័យ​ផល (ជួល ប្រវាស់) ​តែ​ប៉ុណ្ណោះ​។

អ្នក​គ្រប់​គ្រង​បុគ្គ​លិក​នៅ​ក្រុម​ហ៊ុន​ដាំ​ម្រេច​ ដែល​ពលរដ្ឋ​ភាគ​ច្រើន​ស្គាល់​ថា​ជា​ក្រុម​ហ៊ុន​ជប៉ុន លោក ឡាយ ប៉ិច លើក​ឡើង​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុនបាន​ដាំ​ម្រេច​បាន​១០​ហិកតា ហើយ​អាច​នឹង​ទទួល​ផល​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ទៀត​។​លោក​បន្ត​ថា​ក្រុម​ហ៊ុន​នឹង​បន្ត​ដាំ​ម្រេច​នៅ​លើ​ដី​ប្រមាណ​៥០​ហិកតា​ទៀត​នៅ​ក្បែរ​​ភ្នំ​។​នៅ​ពេល​សាក​សួរ​បន្ត​ពី​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ ​លោក​ថា​លោក​មិន​បាន​ដឹង​ពី​បញ្ហា​នោះ​ទេ ដោយ​ណែ​នាំ​ទៅ​សួរ​មេ​របស់​លោក​ដែល​លោក​ហៅ​ថា០​០៩​។​លោក​បញ្ជាក់​ថា«ដី​ទាំង​នោះ​វាអត់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ទេ​ ទាក់​ទង​ទៅ​អាជ្ញា​ធរ​ និង​ពល​រដ្ឋ​សួរ​ប្រធាន​ភូមិ​ អាជ្ញា​ធរ ​និង​​ម្ចាស់​ដី​ទៅ។ខ្ញុំមិន​ដឹង​ទេ ខ្ញុំ​ទើប​តែ​ចូល​ធ្វើ​ការ​នៅ​ទីនេះ​បាន​មួយ​ខែ​កន្លះ​»​

តាម​រយៈ​ការ​ទាក់​ទង​តាម​ទូរ​ស័ព្ទ ​បុរស​ម្នាក់​ដែល​មាន​ងារ​០០៩​​នៅ​ក្រុម​ហ៊ុន ​បាន​អះ​អាង​ថា​លោក​មាន​ឈ្មោះ និត ពឿន តែ​មិន​ចង់​ប្រាប់​ពី​តួនាទី​ពិត​ប្រាកដ។​លោក​មាន​ប្រសាសន៍​ដូច​ជា​ស្ទាក់​ស្ទើរ​ថា​លោក​មិន​ដឹង​ថា​ក្រុម​ហ៊ុន​ជា​របស់​ជប៉ុន​ឬ​ក៏​ខ្មែរ​ទេ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​ប្រជា​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​វិញ។ប៉ុន្តែ​លោក​ថា​ក្រុម​ហ៊ុន​មិន​ពាក់​ព័ន្ធ​នឹង​ដីរបស់​ប្រជា​ពលរដ្ឋ​​នោះ​ទេ។

លោក​មាន​ប្រសាសន៍ថា«(អ្នក​ព័ត៌មាន​សួរ៖លោក​មាន​ស្គាល់​ជំទាវ​ដែល​ពល​រដ្ឋ​ថា​កំពុង​ទិញ​ដីរបស់​ពួក​គាត់​​ទេ?)ខ្ញុំ​អត់​ស្គាល់​ទេ​ទៅ​សួរ​ពល​រដ្ឋ ​និង​ជំទាវ​ទៅ។(ចុះ​ដី​ដាំ​ម្រេច​ប៉ុន្មាន​ហិកតា​ដែរ?គ្រប់​គ្រប់​ដោយ​នរណា?)ខ្ញុំ​អត់​ដឹង​ទេ…»

ចម្ការម្រេចរបស់​ក្រុមហ៊ុន(រូបថតដោយរិន សុក្រឹត្យ)

(រូបថតដោយរិន សុក្រឹត្យ)

លោក ផាន ផាត​ អាយុ​៤០​ឆ្នាំ ដែល​ធ្វើ​ការ​ជា​កម្ម​ករ​ឲ្យ​ក្រុម​ហ៊ុន មាន​ប្រសាសន៍​ថា​លោក​គ្រាន់​តែ​ឃើញ​ថៅ​កែ​ជប៉ុន​ និង​ខ្មែរជាឧកញ៉ា​ជួប​គ្នា។ លោក​ថា​លោក​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ក្រុម​ហ៊ុន​ក្នុង​មួយ​ថ្ងៃ​២០០​០​០រៀល។ លោក​បន្តថា​លោក​ក៏​មាន​ដី​នៅ​តំបន់​នោះ​ប្រហែល​១,៥ហិកតា​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋា​ភិ​បាល​​ តែ​លោក​មិន​ដោះ​ដូរ​នោះ​ទេ បើ​ទោះ​ជា​ក្រុម​ហ៊ុន​ចង់​បាន​ក៏​ដោយ។

​​មេ​ភូមិ​ព្រៃ​ពាយ​ លោក​ ប្រាក់​ នាគ​ ដែល​ពល​រដ្ឋ​ចោទ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​លក់​ដី និង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធិ​ជាមួយ​ឧកញ៉ា និង​លោកជំទាវ មាន​ប្រសាសន៍ថា​ឧកញ៉ា និង​ភរិយា​របស់​លោក​មិន​បាន​បង្ខំ​ប្រជា​ពលរដ្ឋទេ ហើយ​អ្វីៗគឺ​ត្រូវ​ធ្វើឡើង​ដោយ​គោល​ការណ៍ស្ម័គ្រចិត្ត។ លោក​បញ្ជាក់ថា​«ពល​រដ្ឋ​ចេះ​តែ​និយាយ គេ​អត់​បង្ខំ អត់​វាយ​ដំ​អ្វី​ដែរ»។ លោកពន្យល់​ថា​ដី​នៅ​តំបន់​នោះ​ជា​ដី​ដែល​អាជ្ញាធរ​ខេត្ត​បាន​ដក​​យក​ពី លោក សែម សុវណ្ណដេត កាលពី​ឆ្នាំ​២០០០ ហើយរដ្ឋាភិបាល​​បាន​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​។លោក​បន្តថា​ដី​នៅ​តំបន់​នោះ​មាន​ពល​រដ្ឋ​៥៩គ្រួសារ​រស់​នៅ​ តាម​ការ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រ ចំណែក​ពល​​រដ្ឋ​ចំនួន​១១​គ្រួសារទៀត​ដែល​កំពុង​បញ្ចុះបញ្ចូល​ឲ្យ​ដោះ​ដូរ​ដី​ ទើប​តែ​មក​រស់​នៅ​ក្រោយ​នោះ​ទេ​។

លោក​ ប្រាក់​ នាគ​ ឲ្យ​ដឹង​ថា​ជំទាវដែល​ចង់​ដោះដូរ​ដី​របស់​ប្រជាពលរដ្ឋ​នោះ ​ឈ្មោះ ហៀង គន្ធី ចំណែក​ប្តីដែល​មាន​ងារ​ជាឧកញ៉ានោះមាន​ឈ្មោះ អាំង ផល្លី​។លោក​សង្ស័យថា​ពួកគាត់​ក៏​ជា​ម្ចាស់ក្រុម​ហ៊ុន​ជប៉ុន ដោយ​សារ​ការ​ចេញ​ចូល​​ក្រុម​ហ៊ុនជា​ប្រចាំ។លោក​ថា​លោក​មិន​បាន​ស្គាល់លេខ​ទូរស័ព្ទ​របស់​ឧកញ៉ា​នោះ​ទេ​។

VODបាន​ព្យាយាម​សុំ​លេខទំនាក់​ទំនង​ពី​ក្រុម​ហ៊ុន​ជប៉ុន តែ​អ្នក​ចាត់​ការ​ថា​ពួកគេ​មិន​ស្គាល់​នោះទេ។

អភិបាល​ខេត្ត​កំពត លោក លោក ខូយ ឃុន​ហួរ បាន​បដិ​សេធ​អធិ​ប្បាយ​លើ​បញ្ហា​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា«ខ្ញុំ​មាន​ធុរៈ សូម​កុំ​ខល​មក​ខ្ញុំ​ទៀត​»​។ចំណែក​អភិ​បាល​រង​ខេត្ត​កំពត លោក អុឹង ម៉េងហួរ មាន​ប្រសាសន៍​ថា​លោក​មិន​បាន​ដឹងពី​បញ្ហា​នេះ​ទេ ដោយ​ណែ​នាំ​ទៅ​សួរ​អភិ​បាល​ខេត្ត​វិញ។ប៉ុន្តែ​លោក​ថា​ក្នុង​ករណី​ដោះ​ដូរ​ដី​សម្បទាន​សង្គម​កិច្ច​ដែល​មិន​ទាន់​ត្រូវ​បាន​ប្រើ​ប្រាស់​៥​ឆ្នាំ និង​មិន​មាន​ប្លង់​ត្រឹម​ត្រូវ គឺ​ជា​រឿង​ខុស​ច្បាប់​។

លោក​បញ្ជាក់​ថា​«ហ្នឹងហើយ​ទៅ​ទិញ​ដី​សម្ប​ទាន​សង្គម​កិច្ច​ជា​រឿង​ខុស​ច្បាប់​ ដោយ​សារ​រាជ​រដ្ឋា​ភិបាល​ផ្តល់​ឲ្យ​ពល​រដ្ឋ​ហើយ​យើង​ចង់​ឲ្យ​គាត់​បង្ក​បង្កើន​ផល​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ទើប​យើង​សម្រេច​ប្រគល់​ដី​ឲ្យ​គាត់​។ គេ​មិន​អាច​បង្ខំ​ទេ​ ប្រជា​ពល​រដ្ឋ​អាច​ទំនាក់​ទំនង​ទៅ ភូមិ ឃុំ និង​ខេត្ត។ គាត់[ពលរដ្ឋ]​កុំ​ឲ្យ​​ជឿ​គេ​»​

តំណាង​រាស្រ្ត​ខេត្តកំពត​របស់​គណបក្សស​ង្រ្គោះជាតិ លោក ជា ប៉ូច មាន​ប្រសាសន៍ថា​លោកបាន​ទទួល​ការ​សុំ​ណោះ​ស្រាយ​របស់​ប្រជា​ពល​រដ្ឋ​តាម​រយៈ​ទូរ​ស័ព្ទ ដោយ​លោក​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹង​ទៅ​មណ្ឌល​តំណាង​រាស្រ្ត ហើយ​តំណាង​រាស្រ្ត​នឹង​ចុះ​ទៅ​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​។​ លោក​បន្ត​ថា​លោក​មិន​ស្គាល់​ថា​តើ​អ្នក​ឧកញ៉ារូប​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ដី​សម្ប​ទាន​សង្គម​កិច្ច​ទាំង​នោះ​ទេ​។

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឲ្យដឹងថារាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​អនុប្រយោគ​កាត់​ផ្ទៃដី​សរុប​ជាង១លាន​ហិកតា និង​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​បាន​ជាង៣,៦លាន​ប័ណ្ណ​​គិត​ត្រឹម​ថ្ងៃទី​៣០ខែ​កញ្ញា ឆ្នាំ​២០១៤​។​ សេចក្ដីជូនដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឲ្យដឹងថា​រាជរដ្ឋាភិបា​ល​បាន​ធ្វើ​អ​នុប​យោគ​កាត់​ផ្ទៃដី​សរុប​ទំហំ​ជាង​១​ លាន​ហិកតា​ដែល​ក្នុងនោះ​ទំហំ​ជាង​៣៧​ម៉ឺន​ហិកតាកាត់​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៣៤ ទំហំ​ជាង​២៥​ម៉ឺន​ហិកតាកាត់​ចេញពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ចំនួន​១៧ និង​ទំហំ​ជាង​៥២​ម៉ឺន​ហិកតាកាត់​ចេញពី​ដី​រដ្ឋ​និង​ដី​ព្រៃ​មាន​ដីកា​ដកហូត ដើម្បី​ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required