មេដឹកនាំបក្សប្រឆាំង​ប្រកាសជំហរជាថ្មី​កំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹមតែពីរអាណត្តិ​

លោក កឹម សុខា កាលពីកន្លងទៅ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានប្រកាស​ទៅកាន់អ្នកគាំទ្រ​ជាថ្មីថា​គណបក្ស​ប្រឆាំង​នឹង​កំណត់​​អាណត្តិ​​មេដឹកនាំប្រទេសត្រឹម​​តែ២អាណត្តិតែប៉ុណ្ណោះ ដោយ​​លោកចាត់ទុក​ការកំណត់នេះនឹង​មិន​ឲ្យ​អ្នក​ដឹក​នាំ​”​ដុះ​ស្លែ​”​។​

ក្នុងពិធីសំណោះសំណាលជាមួយសកម្មជននិងប្រជាពលរដ្ឋនៅខេត្ដប​ន្ទាយមានជ័យ កាលពី​​ថ្ងៃទី​១២​ខែ​កុម្ភៈ​ លោក​ កឹម សុខា បាន​អះអាងថា​គោលនយោបាយ​របស់គណបក្ស​សង្រ្គោះជាតិ​គឺការកែប្រែរដ្ឋធម្មនុញ្ញ​ក្នុងការកំណត់​អាណត្តិ​មេដឹ​កនាំ​​។​ អាណត្តិដឹកនាំប្រទេសនេះទំនង​លោក​ កឹម សុខា សំដៅលើ​បុគ្គលធ្វើជានាយករដ្ឋមន្រ្តី​អាចដឹកនាំប្រទេស​បានតែ​ពីរអាណត្តិ​ប៉ុណ្ណោះ។

លោក​​បានថ្លែង​ថា៖ “គោល​នយោបាយ​របស់គណបក្ស​សង្រ្គោះជាតិ​យើង គឺបាននិយាយគ្នាហើយថា​នៅពេល​ដែល​យើង​ឈ្នះ​ឆ្នោតដឹកនាំប្រទេស​ យើង​នឹងកែរដ្ឋធម្មនុញ្ញ​ឲ្យ​អ្នកដឹកនាំប្រទេស​សំខាន់ៗ ដឹកនាំ​ប្រទេស​តែ​ពីរអាណត្តិ​យ៉ាងយូរ​បានហើយ កុំ​ឲ្យ​ដុះស្លែ”

កាលពីខែមេសា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​កាន់​អំណាច​៣០ឆ្នាំ​មក​ហើយ ធ្លាប់​បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា​​មិន​​អាច​​កំណត់​អាណត្តិ​នាយករដ្ឋមន្រ្តីបាន​នោះទេ ដោយ​លោក​យល់​ថា​កម្ពុជា​ប្រកាន់​​របប​សភានិយម មិន​មែន​ប្រធានាធិបតីនិយម​នោះទេ។ លោក​ ហ៊ុន សែន ដែល​ធ្វើជា​នាយករដ្ឋមន្រ្តី​តាំង​ពី​ឆ្នាំ​១៩៨៥ បានថ្លែងថា​​កម្ពុជា​ប្រកាន់​របប​សភានិយម គឺ​មាន​ការ​បោះឆ្នោត​ជ្រើ​ស​តាំង​តំណាងរាស្រ្ត ដើម្បី​បង្កើត​សភា រួច​​ឈាន​ទៅ​ដល់​ការ​​បង្កើត​រដ្ឋាភិបាល​តាម​រយៈការ​​ជ្រើស​រើស​បេក្ខជន​នាយករដ្ឋមន្រ្តី។ លោក​បាន​បញ្ជាក់​ថា​៖ “ហើយ​រឿង​អាណត្តិ​នាយករដ្ឋមន្រ្តី​អត់មានត្រូវ​ការ​ចាំបាច់​កំណត់​ មិន​កំណត់ទេ​​ ស៊ីសង​ប្រជាជន​បោះឆ្នោ​តឲ្យ បោះឲ្យ ​ធ្វើ​ទៀត បើ​មិន​បោះឲ្យ ចាំឈប់។ រឿង​វាតែ​​ប៉ុណ្ណឹង លទ្ធិប្រជា​ធិបតេយ្យ​”។​

មាត្រា​១១៩នៃ​រដ្ឋធម្មនុញ្ញកម្ពុជាចែង​ថា​៖ “តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​​ពី​អនុប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា​​ ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ ក្នុង​​ចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឲ្យ​​បង្កើត​រាជរដ្ឋាភិបាល។ វរជន​​ដែល​ត្រូវ​បាន​​ចាត់​តាំង​នេះ​ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ​ ឬ​ជា​​សមាជិក​គណបក្ស​តំណាង​​នៅ​ក្នុង​រដ្ឋសភា​ ដែល​ផ្គូរផ្គង​ឲ្យ​​កាន់​តំណាង​​ផ្សេងៗ​ក្នុង​រាជរដ្ឋាភិបាល​ទៅ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា”។

កន្លង​ទៅ ក្រុម​សង្គម​ស៊ីវិលបាន​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១១៩​ថ្មី ដោយ​បន្ថែម​វាក្យខ័ណ្ឌ​ចំនួន​មួយគឺ​…«​វរ​ជន​មួយ​រូប​ជា​បេក្ខជន​នា​យករដ្ឋមន្ត្រី មិនត្រូវ​ជា​បេក្ខជន​ដែល​ធ្លាប់​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចំនួន​(០២)​អាណត្តិ​ឬ​រយៈ​ពេល​​(​១០)​​ឆ្នាំ​កន្លងមកហើយ​”​។

នាយកប្រតិបត្តិអង្គការ​ខុមហ្រ្វែល លោក គល់ បញ្ញា ធ្លាប់​មានប្រសាសន៍ថា​ការ​កំណត់​អាណត្តិ​នាយករដ្ឋមន្រ្តី​នេះ មិន​ចាំ​បាច់​ប្រទេស​ប្រកាន់​របប​ប្រធានាធិបតីនិយម ឬ​សភានិយម​នោះទេ។ លោក​បន្ត​ថា​ការកំណត់​នេះ​អាស្រ័យ​លើ​ឆន្ទៈនយោបាយ។ លោក គល់ បញ្ញា មានប្រសាសន៍ថា​៖ “វាត្រូវការអ្នកដឹកនាំមានឧត្តមគតិ មានឆន្ទៈអីច្បាស់ដែរណា ព្រោះអីវាមិនងាយទេ ចៃដន្យអីប្រទេសមួយមានអ្នកដឹកនាំមានគតិបណ្ឌិត មានឆន្ទៈមួយល្អគាត់អាច ធ្វើរឿងហ្នឹង(កំណត់អាណត្ដិ)បាន…ប៉ុន្ដែប្រទេសយើងវាជាឱកាសដែរដែលលោកនាយករដ្ឋមន្ដ្រីគាត់អាចបង្កើតនូវមរតកមួយល្អខាងនយោបាយប្រទេសខ្មែរដែរនៅពេលទៅមុខទៀតថា របៀបដឹកនាំស្រុកត្រូវតែមានពីរអាណត្ដិអីចឹងទៅ ដើម្បីទុកឲ្យមានជាមរតកមួយទុកទៅគាត់ដែរ”។

គួរបញ្ជាក់​ថាអតីត​នាយករដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ ធ្លាប់​លើកឡើងថាការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រីនឹង​ជួយ​កាត់បន្ថយ​បច្ច័យ​អាក្រក់​ជា​ច្រើន ដែល​ក្នុងនោះក៏​ជួយ​លុបបំបាត់​អំណាច​ប្រមូលផ្តុំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ