​សហជីព​អន្តរជាតិ​មួយ​ជំរុញ​ឲ្យ​ទម្លាក់បទ​ចោទលើ​អ្នក​តវ៉ា​និង​អ្នក​ឃ្លាំ​មើល​ករណី​ហិង្សា​នៅ​ក្រុមហ៊ុន​កា​ពី​តូ​ល​​

អតី​តបុគ្គលិកក្រុមហ៊ុនកាពីតូលតវ៉ាកាលពីកន្លងទៅ​

​សហព័ន្ធ​សហជីព​អន្តរជាតិ (ITUC) បាន​ដាក់​លិខិត​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ធ្វើ​អន្តរាគមន៍ឲ្យ​មានកា​រ​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​សហជីព និង ដោះលែង​អតីត​អ្នកបើកបរ​រថយន្ត​កា​ពី​តូ​ល និង មន្ត្រី​សហជីព​។​

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី១១ ខែកុម្ភៈ ផ្ញើរ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង​ បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ អន្តរាគមន៍ឲ្យ​មានកា​រ​ដោះលែង​ជនរងគ្រោះ​ជា​អតីតអ្នកបើក​រថយន្ត​កា​ពី​តូ​ល១​នាក់ និង មន្ត្រី​សហជីព​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​។​

​កាលពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់ និង ឃុំខ្លួន​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល​ម្នាក់ និង​មន្ត្រី​សហជីព​ម្នាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ប្រឆាំង​អ្នករាជការ​សាធារណៈ និង ការរារាំង​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​។ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ដាក់​បទ​ចោទ​លើ​មន្ត្រី​សហភាព​ការងារ​ថា ​ជា​អ្នក​នៅពីក្រោយ​ករណី​នោះ​។ ទោះយ៉ាងណា ITUC ថា​អំពើហិង្សា​នោះ​មិន​ពាក់ព័ន្ធ​ជាមួយ​ប្រធាន និង អគ្គលេខាធិការ​នៃ​សហភាព​ការងារ​កម្ពុជា​នោះ​ទេ​។​

​​ក្នុង​លិខិត​ដដែល ITUC បាន​លើកឡើង​ថា ​បើសិន​ជា​ក្រសួង​ការងារ​មិន​មាន​វិធានការណ៍​អន្តរាគមន៍លើ​បញ្ហា​នោះ​ទេ សហព័ន្ធ​សហជីព​អន្តរជាតិ នឹង​ជំរុញ​បន្ថែម​ឲ្យ​ស្ថាប័ន​ភាគី​ពាក់ព័ន្ធ​ដូចជា ILO និង​ស្ថាប័ន​ផ្សេង​ទៀត​ឲ្យដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លើ​បញ្ហា​នេះ​។​

​​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ មានប្រសាសន៍ថា ​ក្រសួង​មិន​មាន​សមត្ថកិច្ច​លូកដៃ​ក្នុង​ការអនុវត្ត​ច្បាប់​របស់​តុលាការ​នោះទេ​។ ប៉ុន្តែ​លោក​ថា​ក្រសួង​ការងារ​នឹង​ព្យាយាម​ពិនិត្យ​មើល​គ្រប់​ទិដ្ឋភាព​ផ្នែក​ច្បាប់ និង គាំទ្រ​ដល់​ភាគី​សហជីព​ផងដែរ​។

​គួរបញ្ជាក់​ថា​អតីត​អ្នកបើក​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​នេះ​បាន​តវ៉ា​តាំងពី​ខែ​កក្ដ​ដា​មក ដើម្បីឲ្យ​ក្រុមហ៊ុន​ទទួលយក​ពួកគេ​ចូល​ធ្វើការ​វិញ​។ ដោយឡែក​កាលពី​ថ្ងៃ​ទី៥ និង ទី ៦ ខែ​កុម្ភៈ​ការតវ៉ា​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​រហូតដល់​មាន​ហិង្សា​ជាមួយ​ភាគី​ម្ខាង​ទៀត ដែល​ជា​សមាគមន៍​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍ​កម្ពុជា​។​

​ក្រោយ​ពី​ហិង្សា​កើតឡើង អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៤ បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​នេះ​ដែល​បង្ក​របួស​ធ្ងន់ និង​ស្រាល​ប្រមាណ​ជាង​២០​នាក់ ហើយ​អង្គការ​ទាំងនេះ​ជំរុញ​ឲ្យមាន​ការស៊ើបអង្កេ​ត​ឲ្យមាន​តម្លាភាព​ដើម្បី​ផ្តល់​ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ