លោក គឹម សុខ ផ្តាំថា កុំស្តាយ បើបាត់បង់រូបលោក

​អ្នកវិភាគ​នយោបាយ លោក គឹម សុខ

អ្នកវិភាគដែលទើបតែល្បីឈ្មោះ បានផ្តាំផ្ញើរថា កុំស្តាយរូបលោកបើបាត់លោកមួយរយៈឬបាត់បង់រហូត។ នេះជាការលើកឡើងរបស់ លោក គឹម សុខ នៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះតែប៉ុន្មានម៉ោង បន្ទាប់ពីលោក ហ៊ុន សែន ព្រមានចាប់ខ្លួន។

នៅលើ Facebook ផ្ទាល់ខ្លួន ដែលមិនអាចទទួលចំនួនមិត្តភក្តិបានបន្ថែមទៀតនោះ លោក គឹម សុខ សរសេរថា «ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែជាការបាត់វត្តមានរបស់ខ្ញុំមួយរយៈឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ»។

លោកបន្តទៀតថា «តែបើបងប្អូនឈាមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យ យល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នាដោយស្មារតីមិនបោះបង់ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ នោះជីវិតជាតិយើងនៅតែរស់ ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ»។

ក្នុងពិធីសម្ពោធស្ពាននៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានព្រមានចាប់ខ្លួន លោក គឹម សុខ ដែលនិយាយថា ករណីបាញ់​សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាច។

នៅថ្ងៃរសៀលថ្ងៃដដែលនេះមេធាវីការពារក្តីនាយករដ្ឋមន្រ្តី គឺលោក គី តិច បានដាក់ពាក្យបណ្តឹង​ជាផ្លូវការទៅ​សាលាដំបូងរាជធានីភ្នំពេញ ដោយចោទថាបានញុះញង់បញ្ឆេះកំហឹងមហាជន ហើយទារ​ជំងឺចិត្ត៥០ម៉ឺនដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ