មេធាវីប្តឹងទៅតុលាការកំពូលសុំឲ្យលោកកឹម សុខានៅក្រៅឃុំ

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

មេធាវីការពារក្តីឲ្យអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា បាន​ប្ដឹង​សាទុក្ខទៅ​តុលាការ​កំពូលសុំដោះលែងកូនក្តីឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីទទួលការព្យាបាល​ជំងឺ។

កាលពីថ្ងៃទី០១ខែកុម្ភៈកន្លងទៅ សាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់ លោក កឹម​ សុខា ដោយថា ដើម្បីការពារសុវត្ថិភាព និងធានាដល់ដំណើរការស៊ើបអង្កេតរបស់តុលាការ។

លោក ចាន់ ចេន សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា កាល​ពី​ថ្ងៃទី​៩ ខែកុម្ភៈនេះ​ ក្រុមមេធាវីបានប្ដឹងទៅតុលាការកំពូល ដើម្បីសុំដោះលែងកូនក្ដីឲ្យបាននៅក្រៅឃុំ។ លោកបន្តថា កូនក្ដីរបស់លោកគេងមិនសូវលក់ ដោយសារ លោកមានបញ្ហាឆ្អឹងកៀបសរសៃត្រង់ស្មាខាងឆ្វេង ហើយត្រូវ​ការ​គ្រូពេទ្យ​ជំនាញធ្វើការលោកវះកាត់។

លោកថា៖«កូនក្ដីខ្ញុំបាទ គឺឯកឧត្ដម កឹម សុខា ត្រូវការព្យាបាលជំងឺមួយពីព្រោះគាត់មានជំងឺប្រចាំកាយទាក់ទងរឿង ឆ្អឹងដុះកៀបសសៃរនៅផ្នែកដងកាំបិតខាងឆ្វេងហ្នឹង ដែលធ្វើឲ្យគាត់មានការឈឺចាប់ ហើយក៏ដូចជា គាត់គេងអត់លក់ ហើយបើគាត់ប្រែប្រួលបម្រាស់ចុះ បម្រាស់ឡើង ធ្វើឲ្យគាត់ឈឺចាប់ សម្រាកអត់បាន»។

លោកបន្តថា​ កាលពីថ្ងៃ១ ខែកុម្ភៈ លោក កឹម សុខា បានប្រាប់ទៅចៅក្រមថា​ ក្រៅពីមានបញ្ហាឆ្អឹងកៀបសសៃរហើយ  លោកក៏មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមផងដែរ ប៉ុន្តែតុលាការនៅតែមិនអនុញ្ញាត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការមិនអនុញ្ញាតឲ្យជនត្រូវចោទនៅក្រៅឃុំនោះ ដោយសារ តុលាការយល់ថា ជននោះអាចបង្កឲ្យមានប៉ះពាល់ដល់សង្គម។ លោកបន្តថា ពាក់ព័ន្ធនឹងបញ្ហាសុខភាពវិញ លោកថា តុលាការអាចធ្វើការពិនិត្យមើលចំពោះករណីនេះ។

លោកថា៖«អ្វីៗស្រេចតែការលើការពិនិត្យជាក់ស្ដែងទេ ការត្រួតពិនិត្យជាកោសលវិច្ច័យ ថាតើវាចាំបាច់​ត្រូវឲ្យនៅក្រៅឃុំបណ្ដោះអាសន្នអត់? ហើយថាតើបញ្ហាសុខភាពវាចាំបាច់ជាងកត្តាផ្សេងៗ​​ពាក់ព័ន្ធដល់ដំណើរការស៊ើបអង្កេតសំណុំរឿងដែរអត់?  តុលាការនឹងវិនិច្ឆ័យគ្រប់ទិដ្ឋភាពទាំងអស់មុននឹងសម្រេចថាតើឲ្យនៅក្រៅឃុំ ឬឃុំខ្លួនបណ្ដោះអាសន្ន។ អញ្ចឹងតុលាការនឹងពិនិត្យកត្តាពីភាពធ្ងន់ធ្ងរបញ្ហាសុខភាព និងពិចារណាទៅលើភាពប៉ះពាល់ទៅលើដំណើរការស៊ើបអង្កេត  បើសិនឲ្យនៅក្រៅឃុំគេពិចារណាពីឥទ្ធិពលផ្សេងៗដែលមានទៅលើសាក្សី និងអ្នកដែលពាក់ព័ន្ធបើសិនឲ្យនៅក្រៅឃុំ»។

អ្នកជំនាញផ្នែកច្បាប់លោក សុក សំអឿន មានប្រសាសន៍ថា ប្រសិនមានលក្ខណៈធ្ងន់ធ្ងរ តុលាការអាចសួរទៅពន្ធនាគារ ដើម្បីធ្វើការពិចារណាចំពោះរឿងនេះ។

លោកថា៖«តុលាការអាចសួរទៅពន្ធនាគារ ហើយបើយល់ល្អពន្ធនាគារស្នើសុំអាច អាហ្នឹងតុលាការអាចអនុញ្ញាតច្រើនជាង»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោក កាលពីយប់ថ្ងៃទី៣កញ្ញា ឆ្នាំ២០១៧  ​រដ្ឋាភិបាល​​ចោទ​ថា «ក្បត់​ជាតិ» ហើយគិតមកទល់ពេលនេះ លោក កឹម សុខា ត្រូវជាប់ពន្ធនាគារជាង៥ខែហើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ