បទយកការណ៍៖ យុវជនមួយ​ចំនួន​​​ស្គាល់​បុណ្យ​នៃ​ក្តីស្រលាញ់​ច្រើន​ជាងបុណ្យ​ជាតិ​របស់​ខ្លួន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 2:48 PM | បទយកការណ៍ | 0 | 1119 ការលក់ផ្កានៅថ្ងៃ១៤កុម្ភៈ (ហ្វេសប៊ុក)

រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជាបាន​ទទួល​ស្គាល់​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋដែល​តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​បែប​ព្រះ​ពុទ្ធ​សាសនា​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខាន។ បើ​ទោះ​បី​ត្រូវ​បាន​ប្រារព្ធ​ជារៀង​រាល់​ឆ្នាំ​ក្តី តែ​សម្រាប់​យុវវ័យកម្ពុជា​បច្ចុប្បន្ន​ហាក់​មិន​សូវ​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រារព្ធ​នេះ​ឡើយ ជាក់​ស្តែង​បើ​ប្រៀប​ធៀប​ពិធី​បុណ្យ​មាឃ​បូជា ឬ​ពិសាខ​បូជា​ជា​មួយ​បុណ្យ​របស់​ពួក​លោក​លិចដូច​ជា​បុណ្យ​ណូអែល ឬ​បុណ្យ​នៃ​ក្តី​ស្រលាញ់ យុវជន​ភាគ​ច្រើន​ថា​ពួកគាត់​ស្គាល់​បុណ្យ​លោក​ខាងលិច​នេះ​ច្រើន​ជាង។

ស្អែក​នេះ​ជា​ថ្ងៃ​១៤ ខែ​កុម្ភះ បើ​យើង​មើល​ទៅ​ប្រតិ​ទិន​មួយ​ចំនួន​មិន​បានកំណត់​ថាថ្ងៃ​នោះ​ជាថ្ងៃ​អ្វី​នោះ​ទេ តែ​សម្រាប់​ប្រជា​ជនភាគ​ច្រើន​ជាពិ​សេស​យុវ​ជន​នៅ​ភ្នំពេញ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ជា​បុណ្យ​នៃ​ក្តី​ស្រលាញ់​​ជា​ថ្ងៃ​ដែលអ្នក​ទាំង​អស់​នោះ​​បង្ហាញក្តី​ស្រលាញ់​របស់​ខ្លួន​ទៅ​កាន់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់រៀង​ខ្លួន។

កំពុង​អង្គុយរង់​ចាំ​គូដណ្តឹង​របស់​ខ្លួន​​នៅ​សួន​ច្បារ​មុខ​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង​យុវជន ឡា មី អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​ផង​នោះ បាន​ឲ្យ​អ្នក​សារព័ត៌មាន​វី​អូ​ឌី​ដឹង​ថាថ្ងៃ​១៤​កុម្ភៈសម្រាប់​លោក​គឺ​គ្រាន់​តែ​ជាថ្ងៃ​ធម្មតាប៉ុណ្ណោះ​ តែ​លោក​ថា​នៅ​ថ្ងៃ​នោះ​លោក​ក៏​បាន​ចូល​រួម​ដូច​គេ​ឯង​ផង​ដែរគឺ​ជួប​ជុំ​គ្នា​ញាំ​អី​ជា​មួយ​គ្រួសារ ក៏​ដូច​ជា​ផ្ញើ​សារ​ជូន​ពរទៅ​កាន់​ម្តាយ​ឪពុក​នៅ​ស្រុក​កំណើត​។ ទោះ​ជាយ៉ាង​ណានៅពេលដែល​អ្នក​សារព័ត៌មាន​សាក​សួរ​ពីពិធី​បុណ្យ​ជាតិ​របស់​កម្ពុជា​ដែល​មាន​ដូច​ជាមាឃ​បូជា ឬ​ពិសាខ​បូជា​ លោក​ថា លោក​ពិបាក​ក្នុង​ការ​ចង​ចាំ​ថា​ថ្ងៃ​ទាំង​ពីរ​នោះ​ជាថ្ងៃ​អ្វី​ ឬមាន​អត្ថន័យ​ដូច​ម្តេច​ណាស់។

លោក​ថា​៖ « បើថា១៤កុម្ភះអាហ្នឹងយើងច្បាស់ជាគេហ្មងថាអាហ្នឹថ្ងៃអីគេហ្មង! […] បើសម្រាប់ក្មេងយុវជនវាពិសេសជាគេបន្តិចហើយ ព្រោះថាថ្ងៃ១៤ អាចថាដើរលេងទៅនេះទៅនោះអីបន្តិចអញ្ចឹងណាបង »

ជា​សិស្ស​សកល​វិទ្យា​ល័យ​មួយ​កញ្ញា​ឃួន ស្រី​អូន​ អាយុ​ប្រមាណ​២០ឆ្នាំ បានដាក់​ទូរស័ព្ទ​របស់ខ្លួន​ចុះ​នៅពេល​ដែល​អ្នក​យក​ព័ត៌មាន​វី​អូ​ឌី​សុំ​សម្ភា​សន៍​ ថ្វី​ត្បិត​តែ​កញ្ញា​មិន​ចាប់​អារម្មណ៍​ពី​ថ្ងៃ​នៃក្តី​ស្រឡាញ់​តែ​កញ្ញា​ដឹង​ថា​ថ្ងៃ​១៤​កុម្ភៈ​គឺ​មាន​អត្ថន័យ​បែប​ណា ខណៈ​កញ្ញា​មិន​អាច​រៀប​រាប់លំ​អិត​ពី​ថ្ងៃ​បុណ្យ​មាឃ​បូជា ឬ​ពិសាខ​បូ​ជា​នោះ​ទេ។

កញ្ញាស្រី​អូន៖ « មាឃបូជាយើងធ្លាប់រៀនតែValentine day យើងអត់ដែលរៀនទេ។ សំណួរ មាឃបូជាហ្នឹងធ្វើនៅថ្ងៃណាដែរ? អើ….. ដូចជាខែពិសាខ តែភ្លេចបាត់ហើយ។ […] ព្រោះអីទាំងគេទាំងខ្ញុំមិគសិបុស្ស មាឃអីហ្នឹងខ្ញុំអត់សូវចាំទេ។ មករាកុម្ភៈ អាហ្នឹងចាំច្រើនជាង »

កញ្ញា​ឲ្យ​ដឹងថា ​មូល​ហេតុ​ដែល​យុវវ័យភាគ​ច្រើន​ដឹង​ពី​ថ្ងៃ Valentine ច្រើន​ជាង​បុណ្យ​ជាតិ​កម្ពុជា​ដោយ​សារ​តែ​ជា​រៀង​រាល់​ឆ្នាំ​នៅពេល​ដែល​ជិត​ដល់​ថ្ងៃ​នេះគឺ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម ក៏​ដូ​ច​ជាផលិត​ផល​​នៅ​ហាង​មួយ​ចំនួន​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​ដើម្បី​អបអរបុណ្យ​ដែល​មិន​មែន​ជា​បុណ្យជាតិ​ខ្មែរ​នេះ។

កំពុង​អង្គុយ​ជជែកគ្នា​ជាមួយ​គូដណ្តឹង​ខ្លួន លោក សេដ្ឋា រិទ្ធ អាយុ​២៤​ឆ្នាំ ពុំ​បាន​ដឹង​ថា​ថ្ងៃ​ពិសាខបូជា​ ឬ​មាឃ​បូជា​ត្រូវ​បាន​ប្រារព្ធ​នៅពេល​ណា​ ឬ​ដើម្បី​អ្វី​ទេ ខណៈ​លោកចាំ​ច្បាស់​ពី​បុណ្យ​នៃ​ក្តី​ស្រឡាញ់នេះថា​ធ្វើ​នៅ​ថ្ងៃ​ណា​ហើយ​មាន​អត្ថន័យ​ដូចម្តេច។

លោក​ថា៖ « ជាទូទៅយុវវ័យយើងគាត់ស្គាល់ទាំងអស់តែមានតែValentine ហ្នឹងគាត់ចាំជាងគេ។ និយាយទៅដូបងធ្លាប់និយាយចឹងគឺថាវប្បធម៌ហ្នឹងវាចូលពីប្រទេសហើយយុវវ័យយើងគាត់ជ្រួលតាមគ្នាគាត់គិតថាថ្ងៃហ្នឹងជាថ្ងៃនៃក្តីស្រឡាញ់ហើយយុវវ័យគាត់ណាត់គ្នាទៅនេះទៅនោះអីអញ្ចឹង។ សម្រាប់បងតើបងចាំទេថ្ងៃពិសាខ ថ្ងៃមាឃហ្នឹងគេធ្វើថ្ងៃណា? ចង់និយាយថាបើសិនជាចាំថ្ងៃពិសាខអីហ្នឹងអត់ច្បាស់ដែរ។ បើសិនជាថ្ងៃ Valentine គឺចាំហ្មង »

ទិវាបុណ្យនៃក្ដីស្រឡាញ់ ឬ Valentine’s Day មាន​ប្រភព​ចេញពីប្រទេសលោកខាងលិច ដែលគេប្រារព្ធធ្វើនៅថ្ងៃទី១៤ខែកុម្ភៈ ជារៀងរាល់ឆ្នាំ និងជាទម្លាប់ បុណ្យនេះ​ធ្វើឡើង​ដើម្បីចែករំលែក​​សេចក្ដីស្រឡាញ់ដល់ឪពុកម្ដាយ ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាតិក្នុងពិភពលោក។ នៅកម្ពុជាអ្នកខ្លះហៅបុណ្យនេះថា «បុណ្យសង្សារ» ប៉ុន្តែ ត្រូវបានរិះគន់ថា ជាការយល់​ខុស​របស់​យុវ​ជន​ខ្មែរ ដោយថា ជាឥទ្ធិពលវប្បធម៌បរទេស និងការអូសទាញពីសំណាក់ការផ្សាយពាណិជ្ជកម្ម​គ្មានក្រមសីលធម៌។

នាយក​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​លោក អ៊ឹម សុទី មាន​ប្រសាសន៍​ថាមូល​ហេតុ​ដែល​ថ្ងៃ​ Valentine day មាន​ឥទ្ធិ​ពល​ចំពោះ​យុវជន​កម្ពុជានោះ​បណ្តាល​មក​ពី​យុវជនជា​វ័យ​ដែល​ចូល​ចិត្ត​សប្បាយ​ ជា​មួយ​ក្តី​ស្រលាញ់ និង​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ​ជាង​ពី​មុន។ លោក​យល់​ថា​ការ​កំសាន្ត​គឺ​ជា​មួល​ហេតុធំ​មួយ​ដែល​ទាក់​ទាញ​យុវជន​ឲ្យ​ចូល​រួម​ទិវា​នេះ​។ ទោះ​ជាយ៉ាង​ណា​លោក​ថា​ចរន្ត​នៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ហាក់​បាន​ថយ​ចុះ​បន្តិច​ម្តង​ៗហើយ​នៅ​កម្ពុជា​ តែ​លោក​ថាថ្វី​ត្បិត​រូប​ភាព​ខាង​ក្រៅ​ថយ​ចុះ​មែន តែ​រូប​ភាព​ខាង​ក្នុង​ហាក់​មាន​ភាព​សស្រាក់​សស្រាំដដែល។

លោក​ថា៖ «ទាក់ទងនឹងអ្វីដែលជាពិសាខបូជាអីពួកគាត់មិនសូវជាចាប់អារម្មណ៍ទេ។ គាត់ថាហ្នឹងជាប្រពៃណីចាស់ៗគាត់នៅតែអាចទៅបាន។ តែសំរាប់ក្មេងគាត់ចូលចិត្តសប្បាយ ចូលចិត្តដើរលេងហើយក៏ចូលចិត្តកំសាន្ត ពេលដែលខ្ញុំធ្វើកម្មវិធីម្តង ទាល់តែសម្របសម្រួលតាមពួកគាត់ដែរ។ ពួកគាត់ចូលចិត្តសប្បាយប្លែកខុសពីគេ  »

អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បះ​លោក ថៃ នរៈសត្យា បាន​ទទួល​ស្គាល់​ឥទ្ធិពល​នៃ​ថ្ងៃ​បុណ្យ​នៃ​ក្តីស្រលាញ់​នេះ​ជាបញ្ហា​មួយ​ផង​ដែរ តែ​លោក​ថា​មិនធ្ងន់​ធ្ងរ​ដែល​អាច​ឈាន​ដល់​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃ​ណី​ជាតិ​នោះ​ទេ។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា ទាំង​ក្រសួង​វប្បធម៌ និងក្រសួង​​ពាក់​ព័ន្ធទាំង​អស់​បាន​យក​ចិត្ត​ទុក​ដាក់​ជំរុញ​លើ​ករណី​នេះ​កុំ​ឲ្យ​ជ្រុល​ហួស​ហេតុ​ពេក​ផង​ដែរ។ ​

លោក​ថា៖ « យុវជនយើងហាក់បីដូចជាមិនដើរចោលវប្បធម៌ប្រពៃណីយើងទេប្អូន។ ព្រោះបើទោះបីជាគេរង់ចាំចំពោះថ្ងៃValentine day អញ្ចឹងក៏ប៉ុន្តែការរួមចំណែករបស់យុវជនយើងនៅក្នុងសង្គមជាតិនៅក្នុងបុណ្យជាតិ នៅក្នុងពិធីសាសនាដែលជាវប្បធម៌ប្រពៃណីរបស់យើងក៏ឃើញថា មានយ៉ាងគគ្រឹកគគ្រេងផងដែរ។ ដូចនេះខ្ញុំយល់ឃើញថា ជាសុច្ឆន្ទៈយើងមិនត្រូវគិតថា វាជាបញ្ហាមួយដែលធំធេងពេកទេ ហើយវាមានផលប៉ះពាល់គ្រោះថ្នាក់ដល់វប្បធម៌ប្រពៃណីយើងទេគ្រាន់តែវាជាចំណែកមួយនៃការសប្បាយរបស់យុវជនយុវនារីយើងតែប៉ុណ្ណោះ »

ក្រសួង​អប់​រំក្នុង​សេចក្តី​ណែ​នាំ​ចុះ​ថ្ងៃ​ទី​៦​កុម្ភៈ​បាន​លើក​ឡើង​ថា នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានៃ​ក្តី​ស្រលាញ់​នេះ​បាន​ធ្វើឱ្យ​យុវ​វ័យ​​ខ្លះភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារផងដែរ ហើយប្រាស​ចាក​​ពី​វប្ប​ធម៌​ និងប្រពៃណីដ៏ផូរផង់របស់ជាតិដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយ។

ក្រសួងអប់រំបានដាក់វិធានការឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវផ្សព្វ​ផ្សាយដល់​កូនសិស្ស​តាម​គ្រប់​មធ្យោ​​បាយ ជាពិសេសលើកការគ្រប់គ្រងសីលធម៌ និងវិន័យដោយតាមដានអវត្ដមានរបស់សិស្សជាប្រចាំ។

ក្រសួងបន្ថែមថា ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយ​មាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួល​ព័ត៌មាន​នានាពាក់ព័ន្ធនឹង​សកម្មភាពមិនប្រក្រតី ដើម្បីសហការគ្នាអប់រំ​ណែនាំ កែលម្អបានទាន់ពេលវេលា៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required