មន្ត្រីសិទ្ធិមនុស្សនិងអ្នកច្បាប់ថាការហាមមិនឲ្យចាក់បញ្ចំាវីដេអូឃាតកម្មលោក កែម ឡី រំលោភសិទ្ធិបុគ្គល​

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាត់ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (រូបថត៖ស៊ុន ណារិន)

មន្ត្រីសិទ្ធិមនុស្សនិងអ្នកច្បាប់យល់ថា ការដែលអាជ្ញាធរឃាត់ខ្លួន​យុវជន៤នាក់ ដោយហាមមិនឲ្យចាក់​បញ្ចាំង​វីដេអូ​ឃាតកម្ម​លើ​លោក កែម ឡី កាលពីម្សិលមិញនោះ ជា​ការរំលោភសិទ្ធិបុគ្គល​។

​ យុវជន៤​នាក់ ក្នុង​នោះ​មាន​ទាំង​លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​​បញ្ញា​វន្ត​កម្ពុជា ផង​ដែរ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខណ្ឌ​ឫស្សីកែវ ឃាត់​ខ្លួន និង​សួរ​នាំ​នៅ​ឯ​សាលា​​សង្កាត់​ទួលសង្កែ បន្ទាប់​ពី​ពួកគេ​ជួប​ជុំ​គ្នា​មើល​វីដេអូ​ ស៊ើប​អង្កេត​​មាន​ចំណង​ជើង​ថា “Cam​bodia’s​ Deadly Politics” ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា “នយោបាយ​ប្រឡាក់​ឈាម​របស់​កម្ពុជា” ត្រូវ​បាន​ផលិត​ឡើង​​ដោ​យ​ទូរទស្សន៍ដ៏​ល្បី​ល្បាញ​ Al Jazeera របស់​អារ៉ាប់។

ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និង​សន្តិភាព លោក​ យង់ គិមអេង យល់ថា ការ​ឃាត់​ខ្លួន​យុ​វ​ជន​៤​នាក់​ មិនឲ្យចាក់បញ្ចាំង​វីដេអូ​ឃាតកម្ម​លើ​លោក កែម ឡី នៅក្នុង​ស្នាក់ការសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​កម្ពុជា ជា​ការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុង​ការទទួលបានព័ត៌មាន និងធ្វើឲ្យពលរដ្ឋកាន់តែមាន ចម្ងល់​លើដំណើរការស៊ើបអង្កេត​របស់អាជ្ញាធរជុំវិញករណីឃាតកម្មលើលោក កែម ឡី កន្លងទៅផងដែរ​។

លោក​​​និយាយ​ថា«វាបង្ហាញថាជារូបភាពមួយមិនល្អ ហើយម្យ៉ាងវិញទៀតធ្វើឲ្យគេមានចម្ងល់​ ហើយ​មាន​ការសង្ស័យជុំវិញបញ្ហាហ្នឹងជាច្រើន​ ពាក់ព័ន្ធនិងចំណាត់ការរបស់អាជ្ញាធរ ថាអាជ្ញាធរ​បា​ន​ប្រឹង​ប្រែង​ដល់កម្រិតណា ប្រឹងប្រែងសហការយ៉ាងម៉េច​ ហើយម្យ៉ាងវិញទៀត ព្រោះដោយ​រឿងហ្នឹង​វាល្បី​ល្បាញដែរ គួរថាឲ្យគេមានឱកាសក្នុងការតាមដាន»

បន្ទាប់ពីចាប់ខ្លួនយុវជនទំាង៤នាក់ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោកមានខ្លឹមសារថា​  ក្រុមយុវជនដែលចាក់បញ្ចំាងវីដេអូរឿង​លោក កែម ឡី គឺ​ជា​ការ​ញុះ​ញង់ និង​ជំរុញ​ឲ្យ​មហាជន​បាត់​ជំនឿង​លើ​សេចក្ដី​សម្រេច​របស់​តុលាការ ខណៈ​ដែល​សំណុំ​រឿង​ឃាតកម្ម​លោក កែម ឡី ស្ថិត​ក្នុង​ដំណាក់​កាល​នីតិវិធី​របស់​សមត្ថកិច្ច។

លោក​បញ្ជាក់​ថា៖ ការ​ហាម​ឃាត់​នេះ គឺ​អាស្រ័យ​ដោយ​យុទ្ធនាការ​នោះ មាន​លទ្ធភាព​បង្ក ឬ​ញុះញង់ ធ្វើ​ឲ្យ​សាធារណជន​បាត់​បង់​ជំនឿ​លើ​សេចក្ដី​សម្រេច ឬ​កិច្ចការងារ​នៃ​ដែន​សមត្ចកិច្ច​របស់​តុលាការ ដែល​កំពុង​បន្តនីតិវិធី ដូច​បាន​ចែងយ៉ាង​ច្បាស់​នៅ​មាត្រា ៥២៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​

មាត្រា៤៩៤ ក្នុង​ក្រមព្រហ្មទណ្ឌមានខ្លឹមសារថា ការញុះញង់ដែលអាចផ្តន្ទាទោសបាន ដរាបណាអ្នក​ប្រព្រឹត្ត​ធ្វើឡើងតាមរយៈសំដី សំណេរ គំនូរ ឬគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ដែល​ប្រកាស​ឬផ្សព្វផ្សាយ​នៅទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈជាដើម​។

ប៉ុន្តែ​ លោក​មេធាវី ហុង គឹមសួន បានពន្យល់តាមនីតិវិធីច្បាប់ថា ការ​ចាក់​បញ្ចាំង​វីដេអូ​នោះ មិន​ចាំ​បាច់​សុំ​ច្បាប់​អនុញ្ញាត និងមិនមែនជាអំពើញុះញង់​នោះទេ​ ដោយ​លោកថា គ្មាន​ច្បាប់​ណា​ហាម​ឃាត់​ការ​ចាក់​បញ្ចាំង​​ខ្សែ​វី​ដេអូ​នៅ​តាម​ទី​ស្នាក់​ការ ឬ​ផ្ទះ​ឯកជន​ឡើយ​ ខណៈវីដេអូទំាងនោះ​ត្រូវបាន​ផ្សព្វ​ផ្សាយ​ជា​សា​ធា​រណៈ​​​រួច​ហើយ។ លោកពន្យល់ថា«គ្រាន់តែគេប្រមូលចងក្រង ហើយគេចាក់​ក្នុង​ទីស្នាក់ការរបស់គេ​មិនមែនជាអំពើញុះញង់ទេ គេបានដឹងរួច​ហើយ គេគ្រាន់តែចាក់ ដើម្បី​ឲ្យគ្នាគេបានដឹង បានឮឡើងវិញ​ចាត់ទុកថាជាអំពើខុសច្បាប់​ វាគ្មានច្បាប់ណាដែលចែងថា ការចាក់រូបវីដេអូ ព័ត៌មានដែលមានរួច​ហើយ​យកមក​ចាក់នៅក្នុងការិយាល័យរបស់គេវាខុសច្បាប់ទេ ព្រោះវាមិនមែនជារឿង​ក្បត់ជាតិ វាមិន​មែន​ជា​រឿង​ប្រឆំាង​រដ្ឋាភិបាល​»

កាល​ពី​ខែ​មករា ឆ្នាំ​២០១៧​ ​ទូរទស្សន៍ដ៏​ល្បី​ល្បាញ​ Al Jazeera របស់​អារ៉ាប់ បាន​ចាក់​ផ្សាយ​ជា​សាធារណៈ​​​ពីវីដេអូ​ស៊ើប​អង្កេត​​មាន​ចំណង​ជើង​ថា “Cambodia’s Deadly Politics” ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា “នយោបាយ​ប្រឡាក់​ឈាម​របស់​កម្ពុជា”  ដែល​មាន​រយៈ​ពេល​ជាង ២៦​នាទី។

ខ្សែ​វីដេអូ​នោះ បាន​ស៊ើប​អង្កេត​ទៅ​លើ​​ឃាតកម្ម​ដ៏​គួរ​ឲ្យ​សង្ស័យ​លើ​លោក កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​ម្នាក់ ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ ​ក្នុង​ម៉ាត​​ស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច ម្ដុំ​ស្តុប​បូក​គោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ​ឆ្នាំ​២០១៦។

សំណុំរឿង​លោក កែម ឡី នេះមានតែឈ្មោះ អឿត អាង ឬហៅ​ថា ជួប សំលាប់ ម្នាក់តែប៉ុណ្ណោះ ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួន​និងត្រូវ​បានតុលាការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និង​បទ​កាន់កាប់​ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែលប្រឈមជាប់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈ​សាល​ក្រមនឹ​ងប្រកាសនៅថ្ងៃទី២៣ មីនា ឆ្នាំ២០១៧ ខាងមុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ