ផលិតករ​ Wonder Film ថា​រឿង ​​«​​​​​​​ស្នូរ​ជើង​អ្នកណា» មាន​​​​​ខ្លឹម​​​សារ​​អប់​រំ​ខ្ពស់ ​

ខុស​ពី​រឿង​​​​​​បែប​កំប្លែង និ​ង​ភ័យរន្ធត់​​ភាគច្រើន​​ដែល​​​​​​​​​ត្រូវគេ​រិះគន់​ថា​មិន​មាន​ខ្លឹមសារ​អប់​​រំ​ជា​​សារ​​​ដល់​អ្នកទស្សនា ​ផលិតករ​​មកពី​ផលិតកម្ម​​ Wonderfilm Cambodia បាន​អះអាងថា​ស្នាដៃ​​របស់​​ខ្លួន​ក្នុង​រឿង «​ស្នូរ​ជើងអ្នកណា»​ បាន​ផ្ដោត​ជា​សំខាន់​​លើ​ទស្សនៈអប់រំ​យ៉ាង​ពិសេស​ ​ដោយ​​ក្នុង​រឿង​​នោះ​​ក៏​បង្ហាញ​ពី​​​បញ្ហា​​​​អវិជ្ជមាន​​​​​​និង​លទ្ធផល​​​ចុង​ក្រោយ ដើម្បី​​អោយ​អ្នកទស្សនាធ្វើការ​វិភាគផងដែរ។

ជាមួយ​គ្នា​នោះ ក៏បាន​បញ្ជ្រា​បអោយស្គាល់​ពី​វប្បធម៌ ប្រពៃណី​​សម័យ​ដើម និង​​សម័យ​បច្ចុប្បន្ន​​ដើម្បី​ផ្សារ​ភ្ជាប់​​រវាង​​គ្នា ​ ​អោយ​អ្នកជំនាន់​ក្រោយ​បាន​​​ដឹងយ៉ាង​ពិសេស​។

លោក ​​សែម វិសាល ​​​​​អ្នក​គ្រប់​គ្រងទូទៅ​​​ប្រចាំ​ផលិតកម្ម Wonderfilm Cambodia ​បានអះអាងថា​​​​​ការ​ផលិត​រឿង​នីមួយៗ ​មិនមែនគ្រាន់តែ​​​​​​​​​ត្រូវបង្កើត​សាច់រឿង​មួយ​​ដោយមិន​បាន​គិត​ពី​​​​​​​ទម្រង់​​អប់រំ និង​សារ​​​​​​​ដាស់​​តឿន​​ដល់​​សតិ​អារម្មណ៍​របស់​អ្នកទស្សនា​នៅ​ក្នុង​​សង្គម​នោះទេ ​ដោយ​​សារតែ​គ្រប់​ភាពយន្ត​​មិនខុស​ពីអាវុធមុខ​​២ដែល​ចាំ​បាច់ត្រូវតែ​​​​​​​​​​ឆ្លុះ​បញ្ចាំង​ពី​សារ​វិជ្ជមាន​អោយ​បាន​​ច្រើន​។ ​

លោកថា​​​ភាពយន្ត​​​មិនខុស​ពី​​កញ្ចក់​ឆ្លុះ​បញ្ចាំងនោះទេ ​​ដោយ​​​​ឥទ្ធិពល​របស់​ភាព​យន្ត​​ងាយ​នឹង​​​ជះ​​ទៅលើមហាជន​​បាន​លឿន ប្រសិន​បើ​​ការ​ផលិត​គិត​តែធ្វើ​​អោយអ្នកទស្សនា​​សើច និង​ ភ័យ ហើយមិន​ផ្ដល់​គំនិត​អប់​រំ​​​។ ​

ក្នុង​​រឿង​​​​​ «​​​​ស្នូរជើង​អ្នកណា» ​លោកថា​មាន​ខ្លឹម​សារ​​​​​​​​អប់​រំធំមួយ​គឺ​​​​​បង្ហាញ​ពី​ផលប៉ះពាល់នៃ​ភាព​ភ្លើត​ភ្លើន​រវាង​យុវវ័យ​និង​យុវវ័យ ដែល​បាន​បណ្ដោយ​ខ្លួន​​​ជ្រុលជ្រួស​អោយ​​​​​​​​មាន​កូន ដែល​​ធ្វើអោយ​នារី​ខុស​ឆ្គង​ក្លាយជា​​នារី​បាត់​បង់​កិត្តិយស​​នៅ​ក្នុង​សង្គម។ ​​សារ​​សំខាន់មួយ​ទៀត​គឺ​លោ​ក​ចង់​បង្ហាញ​​​​​ពី​ផល​ប៉ះ​ពាល់​​នៃ​ការ​យក​កូនចេញ និង​​​​​អសីលធម៌របស់គ្រូពេទ្យដែល​ចង់​បាន​ប្រាក់​​ ​​​​​​ហើយសុខ​ចិត្ត​​​ទទួល​​ធ្វើ​​​សេវា​យក​កូនចេញ ដែល​​សុទ្ធ​តែជា​​​​​រឿងដែល​សង្គមមិន​គួរ​នឹង​មាន។

​​​អ្វីដែល​លោក​ចង់​​បង្ហាញ គឺ​​​​​​​​​​​​​​​បាន​បង្ហាញ​ពី​​​​​​​​ទំនាស់​បញ្ហា​មួយ​​ទៀត​ថា​​​​​​​​​ក្នុង​នាម​ជា​​​​មេគ្រួសារ​តើ​បុរស​​​គួរ​​​មានការ​ទទួលខុស​ត្រូវ​​បែបណា​ខ្លះ ដើម្បី​រក្សា​ និង​ការពារ​​​​​គ្រួសារមួយ​​​​អោយ​​​មានសុភមង្គល។ លោកថា​​​រឿង ​​​​​​​​​​​​«​​ស្នូរ​ជើង​អ្នកណា»​ ថ្វីដ្បិតថា​​​​បាន​​​​បង្កប់​នូវ​​​​​​ឈុត​ភ័យ​ខ្លាច ​និង​កំប្លែង តែ​​​សារ​សំខាន់​ដែល​លោក​ចង់​​​​​​​​បង្ហាញ​​គឺ​សំខាន់​ច្រើន​ណាស់ ​​ដើម្បី​អោយ​អ្នក​ទស្សនា​​​​អង្គុយទស្សនា​​ត្រឹម​​​​​​រយៈ​ពេល​ជាង​មួយ​ម៉ោងតែ​បាន​ចំណេះ​​​ដឹង និង​បទ​ពិសោធន៍​​​​​យកទៅ​គិត​។

លោក​និយាយថា៖ «​​​​​​ខ្ញុំធ្វើ​​៣​រឿង​ហើយ ខ្ញុំ​​តែង​គិត​ពី​​​សារ​អប់រំ​ជាសំខាន់ ជាក់ស្ដែង​ដូចរឿង ស្នូរជើង​អ្នកណា ​​នេះ​ចឹង​​ ​​ខ្ញុំ​​​​​និពន្ធ​​​ដោយផ្ដោតដល់​​​គំនិត​អប់រំ​តែ​ម្ដង ដោយ​សាច់រឿង​ហ្នឹង​​​​​​​​រិះគន់​ចំពោះ​​​​​មនុស្ស​ស្រីដែល​​​​​​បណ្ដោយ​ខ្លួន​​ខុស​ប្រពៃណីជាមួយ​សង្សារ​! ​​​រឿង​ពេទ្យ​​ទទួល​សេវាកម្ម​​យក​កូនចេញ និង​រឿង​​មនុស្ស​ប្រុស​អត់មាន​ការ​ទទួល​ខុសត្រូវអី​នៅ​​ក្នុង​ផ្ទះ​ជា​ដើម!»។

លោកថា​​​​​​​ នៅ​ចុ​ងបញ្ចប់​រឿង ​​លោក​​បាន​​​​តម្រូវ​អោយ​​ស្រ្តី​បង្ហាញពីការ​លះបង់​ក្នុងការ​​តស៊ូ​ប្រឈម​មុខ ហើយ​បញ្ចេញ​​​ភាព​​ក្លាហាន​រហូត​អាច​ដោះស្រាយ​បញ្ហា​ធ្ងន់ធ្ងរ​​មួយ​បាន​ ដើម្បីជា​សារ​​បញ្ជាក់​ទៅកាន់​អ្នកទស្សនា​ថា​​​​​មនុស្សស្រី​​​ក៏អាច​ដោះស្រាយ​បញ្ហា​ធំ​ៗ​បាន​ដែរ ​​​​បើ​នារី​ម្នាក់​នោះ​​ហ៊ាន​បញ្ចាញ​សមត្ថភាពដោះស្រាយ។ លោកថា​​រឿង​នេះ​​មានគម្រោង​ចេញ​ថត​ផ្លូវការ​នៅ​ថ្ងៃ​ទី​​១៧ មីនា​ខាង​មុខ ដោយ​ប្រើ​រយៈ​ពេល​​៣​ខែ​​ដើម្បី​បញ្ចប់ ​ទើប​ឈាន​ទៅ​កំណត់​​ពេល​វេលា​ដាក់​បញ្ចាំង​តាមរោង​​។ ​​​​​រឿង​នេះ​​​​គម្រោង​ចាយ​ដើម​ទុន​ប្រមាណ​​​​​៦​ម៉ឺន​ដុល្លារ ​ដោយមិនទាន់​រាប់​បញ្ចូល​​ការ​​​​​ចំណាយ​លើ​ការ​ទិញចូលសម្ភារៈមួយចំនួន​​​​បន្ថែម​ដើម្បី​ផលិតកុន​នោះ​ផង​។ ​

រឿង​នេះ​លោក​បាន​​​​​​​​សម្រេច​ចិត្ត​មិន​​យកតារា​សម្ដែង​ដោយ​មិនជ្រើសយក​​តារា​​ល្បីៗ​​​ដែល​មានទីផ្សារ​ថត​រឿង​តាម​​រោង​​​ភាគច្រើន​​យកមក​សម្ដែង​នោះទេ ​ដោយ​ងាកទៅ​រើស​​​​​​តារា​សម្ដែង​ដែល​​លោកយល់​ថា​​​​​​​​​​ជា​អ្នកមានសមត្ថភាព​​​អោយ​ត្រូវ​​នឹង​សាច់​​រឿ​​ងរបស់​​លោកច្រើនជាង​។

លោកនិយាយថា«​ក្នុង​រឿង​ហ្នឹង ​​ខ្ញុំអត់​យក​តារា​​​​​ដែល​គេ​ចូលចិត្ត​ហៅ​សម្ដែង​ច្រើន​​​អោយមកលេងទេ ​ព្រោះ​​អី​ខ្ញុំ​អត់ខ្វល់​រឿង​​ហ្នឹង​អត់មាន​តួ​ដែល​អ្នកចូលចិត្ត​​ ​ហើយ​​អត់ទិញ​សំបុត្រ​ទស្សនា​នោះទេ ខ្ញុំ​ចង់អោយ​ពួកគាត់​​​​​​​បាន​ទស្សនា​​ហើយ​​​​​ពេញចិត្ត​នឹង​ទេពកោសល្យ​​​​របស់​​​តួ​សម្ដែង​នីមួយៗ​ច្រើនជាង ព្រោះ​​​ខ្ញុំត្រូវការ​គុណភាព អត់​​ត្រូវ​​​​​​យកតួ​​តម្រូវ​តាម​​​ចិត្ត​​​យុវ័យ​មួយ​ក្រុម​ ហើយ​​​​​​ធ្វើអោយ​​សាច់រឿង​តម្រូវ​តាម​តួ​វិញទេ!»។

លោកថា​​​ភាព​យន្ត​ច្រើនឡើង បានក្លាយ​ជា​ភាព​យន្ត​ល្បី​ល្បាញ ​ដោយ​មិន​បានជ្រើស​​យក​តួ​​សម្ដែង​ល្បីៗ​​ដែលសំបូរ​ទីផ្សារ​អោយ​​​ទៅ​​សម្ដែង​នោះទេ ជាក់ស្ដែង​​ភាពយន្ត​រឿង​«​​​​​វិកលចរឹត» និង​រឿង​​មួយចំនួន​គឺ​​​​​​​ភស្ដុតាង​ស្រាប់​។

មិន​ខុស​ពីអ្វីដែល​លោក​អះអាងថា ​គេឃើញ​រឿង ​«​កំណត់​នាង​នាថ» ជ្រើសសុទ្ធ​​យក​តារា​ថ្មី​ៗ​​អោយសម្ដែង​​​​​​​នៅ​ក្នុង​រឿង​ទាំង​នោះ ប៉ុន្តែ​ចុង​ក្រោយ​តួ​អង្គ​នីមួយ​​ៗ​សុទ្ធតែ​បាន​ក្លាយជា​តារា​ល្បី ដោយសារតែ​​​​​​​មានសមត្ថភាពសម្ដែង​ដល់របស់​ពួកគេ​។ ​​លោកសែម វិសាល បន្តថា​​លោក​នឹង​​កែ​ទស្សនៈ​​មហាជន​​​អោយ​ងាកមកទទួល​ស្គាល់​សមត្ថភាព​​​តារា​​សម្ដែងជាជាង​​​​ប្រកាន់​​ឈ្មោះ​តួ​​​ ដើម្បី​លើកកម្ពស់​​​ភាព​យន្ត​ខ្មែរ​​​​​។ ​​​​​យ៉ាងណាមិញ លោកថា​​ខ្សែ​រឿង​​ «​​​​​​ស្នូរ​ជើង​អ្នកណា»​ នឹង​ទទួល​ជោគជ័យ ដោយសារតែ​សម្អាងថា​​​រឿង​​នោះ​មានរសជាតិ​​​​​កំប្លែង ​ភ័យរន្ធត់ កំសត់ និង​​​​​​​មាន​​​​​​សារ​អប់រំខ្ពស់​​​​​តាំង​ពីដើម​ដល់​ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ