មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្ត្រី​ទទួលយកសំណើសុំដោះលែងអ្នកស្រី ទេព វន្នី

អ្នកស្រី ទេព វន្នី កាលពីពេលកន្លងទៅ

មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានទទួលយកសំណើពីសាច់ញាតិ ដែលសុំអន្តរាគមន៍ដោះលែងតំណាងពលរដ្ឋមានជម្លោះដីធ្លីមួយរូបនៅសហគមន៍បឹងកក់ គឺអ្នកស្រី ទេព វន្នី ខណៈស្រ្តីរូបនេះអនុវត្តទោសជិតចប់ហើយ។​

កាលពីថ្ងៃទី៧កុម្ភៈ ចៅក្រមជំនុំជម្រះតុលាការកំពូល បានសម្រេចឲ្យបន្តឃុំខ្លួនអ្នកស្រីបន្តទៀត ដូចការសម្រេចរបស់តុលាការថ្នាក់ក្រោមដដែល គឺជាប់ពន្ធនាគារ២ឆ្នាំ៦ខែក្រោមបទចោទថា បានប្រើហិង្សាដោយចេតនាលើសន្តិខណ្ឌដូនពេញកាលឆ្នាំ២០១៣។

សាច់ញាតិរបស់អ្នកស្រី ទេព​ វន្នី នៅថ្ងៃទី១៣មីនានេះ បានដាក់ញតិ្តនៅខុទ្ទកាល័យនាយរដ្ឋមន្រ្តីជាថ្មីទៀត ដើម្បីសុំអន្តរាគមន៍ពី លោក ហ៊ុន សែន ដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ ដោយថា សកម្មជនដីធ្លីរូបនោះមិនខុសទេ ហើយក្រុមគ្រួសារក៏កំពុងមានជំងឺ។

បងស្រីរបស់អ្នកស្រី ទេព វន្នី គឺអ្នកស្រី ហួត ច័ន្ទសុវណ្ណ និយាយថា ក្រុមគ្រួសារគាត់ បានរ​កកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីរួមម្តងមកហើយ ក្រោយតុលាការកំពូលចេញសាលដីកា ប៉ុន្តែកាលណោះ មន្រ្តីខុទ្ទកាល័យមិនទទួលញត្តិ ដោយលើកហេតុផលថា ញត្តិនោះធ្វើមិនត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល។

អ្នកស្រីបន្តថា ការដាក់លើកនេះមន្រ្តីខុទ្ទកាល័យព្រមទទួល ប៉ន្តែមិនបានសន្យាអ្វីនោះទេ។

អ្នកស្រីបន្ថែមថា «ខ្ញុំសូមអំពាវនាវដល់សម្តេច ហ៊ុន សែន សូមឲ្យគាត់មានមេត្តា គាត់ជួយសន្តោសប្រណីគេច្រើនណាស់ អញ្ចឹងសុំគាត់ជួយទេពវន្នីមួយទៀត ឲ្យបានដោះលែងពីគុក ព្រៃ ស ហ្នឹងព្រោះស្ថានភាពក្រុមគ្រួសារពិបាកណាស់ កូន មា្តយចាស់ ពួកគាត់ឈឺរាល់ថ្ងៃ អញ្ចឹងសុំឲ្យសម្តេច ជួយដោះលែងអ្នកស្រី ទេព វន្នី»។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ៣ដងមកហើយនៅពេលដែលសកម្មជនដីធ្លីរូបនោះចូលរួមតវ៉ាប្រឆាំងនឹងការបណ្តេញ និងជំរុញឲ្យមានយុត្តិធម៌សង្គម។

ការចាប់ឃុំខ្លួនលើកចុងក្រោយនេះធ្វើឡើងនៅពេល​ស្ត្រីរូ​ប​​នោះ​​​​ចូ​លរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រី គជប រួមទាំ​ង​​​ជំរុ​ញឲ្យរ​ដ្ឋាភិបា​ល​​​វែ​​ក​​មុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ដោយថា ប្រើហិង្សាលើសន្តិសុខខណ្ឌដូចពេញកាលពី៦ឆ្នាំមុន ហើយតុលាការបានតាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ  រហូតមកដល់ថ្ងៃនេះអ្នកស្រី អនុវត្តទោសបាន១ឆ្នាំ៧ខែហើយ ដោយសល់តែ១១ខែទៀតប៉ុណ្ណោះនឹងចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ