បទយកការណ៍៖ អាជ្ញាធរ​ត្រៀមខ្លួន​ជាស្រេចសម្រាប់រក្សា​សន្តិសុខសណ្តាប់ធ្នាប់​ក្នុងពេល​ចូលឆ្នាំ

ថ្ងៃបុណ្យ​ចូលឆ្នាំប្រ​ពៃណីខ្មែរសម្រាប់​ឆ្នាំ​នេះមាន​រយៈពេល​៤​ថ្ងៃគឺចាប់ពីថ្ងៃទី​១៣ដល់​១៦ខែមេសា។ ក្នុង​រយៈពេល៤ថ្ងៃនៃថ្ងៃបុណ្យចូល​ឆ្នាំខ្មែរនេះ ប្រ​ជាពល​រដ្ឋ​ខ្មែរតែងតែងធ្វើ​ដំណើរកម្សាន្ត​នៅ​តាម​រមណី​យដ្ឋាន​នានាឬក៏​ធ្វើ​ដំណើ​រវិល​ទៅកាន់ស្រុក​កំណើត។ ទន្ទឹម​នឹង​នោះដែរ បញ្ហាគ្រោះ​ថ្នាក់ចរាចរណ៍ អគ្គិភ័យ ចោរលួច និង​ចោរឆក់​​ជាដើមក៏​តែងតែកើតមាន​ផងដែរ។

ក្នុងន័យ​រក្សាសន្តិសុខនិង​សុវត្ថិភាពជូនប្រ​ជាពល​រដ្ឋក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី​៨ខែមេសា បាន​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទនិង​អាជ្ញាធរ ការ​ពារ​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ប្រជា​ពលរ​ដ្ឋ​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខនេះ។ លោក​បន្ត​ថា​នៅពេល​ចូល​ឆ្នាំ​ម្តងៗ លោក​តែងតែ​យក​ចិត្ត​ទុក​ដាក់​គ្រប់ពេលវេលាសូម្បីតែ​ពេល​យប់​ក៏​ដោយ។​

លោក ហ៊ុន សែន បានថ្លែង​ថា៖ “នៅពេលដែល​​មន្រ្តីរបស់​យើ​ងលង់លក់​ក្នុងដំណេកឬ​ប្រជា​ពលរដ្ឋ​​លង់លក់​នៅក្នុងដំណេក​ ខ្ញុំព្រះកុរណាខ្ញុំ នៅតាមដានសភាពការណ៍នៅឡើយ​ទេ ជាមួយមន្រ្តី​មួយ​ចំនួន​ដែល​អាច​ធ្វើទំនាក់ទំនងបាន។ ពេលហ្នឹង​អត់មានមេទ័ព មេប៉េអឹម មេប៉ូលិសណា បិទទូរស័ព្ទ​ ហៅ​ទូរស័ព្ទ​រក​មិនឃើញ ហើយ​អាឡៃ​ស្រវឹងទេ។ តិ​ច​ថាអូ​លោក ហ៊ុន សែន សប្បាយណាស់​ពេល​ចូលឆ្នាំ ទូរស័ព្ទប៉ុន្មានបើក​ទាំងអស់”លោក​បញ្ជាក់​បន្ថែម​ថា៖ “ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្រ្តី ខ្ញុំ​ព្រះករុណាខ្ញុំ មិនដែល​បាន​ធូរ​ចិត្ត​ នៅពេល​វេលា​បុណ្យធំៗនោះទេ។ …នេះ​ជា​កាតព្វកិច្ច​ពីលើ​ដល់​ក្រោម ព្រោះគេ​ឲ្យ​យើង​មក​ឈរ​កន្លែង​ហ្នឹង គេឲ្យ​យើងទទួល​ខុសនិងត្រូវ មិន​មែន​ទទួល​តែ​អា​ត្រូវទេ។​

ជាមួយគ្នានេះ​ដែរ​អាជ្ញាធរមាន​សមត្ថកិច្ចអះអាងថា​ខ្លួន​បាន​រៀបចំជាស្រេចសម្រាប់​ការពារសន្តិសុខនិងសុវត្ថិភាព​ជូន​ប្រ​ជា​ពល​រដ្ឋក្នុងឱកាស​បុណ្យចូល​ឆ្នាំ​ថ្មីនេះ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រ​ទេសលោក អេង ហ៊ី មានប្រសាសន៍ថាមន្ត្រី​កងរាជអាវុធហត្ថនៅគ្រប់លំដាប់ថ្នាក់​បាន​ទទួល​ការណែនាំ​ឲ្យ​ពង្រាយកម្លាំងសម្រាប់​សម្រួលនិង​ត្រួតពិនិត្យ​ចរាចរណ៍នៅ​តាម​ទីប្រ​ជុំជនជាពិសេសនៅរាជធានីភ្នំពេញ ពេល​ដែលប្រ​ជាពល​រដ្ឋចេញនិង​ចូលរាជធានី។ លោក​បន្តថាកម្លាំង​កងរាជអាវុធហត្ថ​ក៏​ត្រូវ​បាន​ពង្រាយនៅតាម​វត្តអារាមនិង​កន្លែង​រៀបចំពិធី​ផ្សេងៗដើម្បីត្រៀម​ទប់ស្កាត់​បទល្មើសផ្សេងៗដូច​ជា​ក្រុម​ក្មេងទំនើងនិង​ចោរឆក់ជាដើម។ លោក​បន្តថាកន្លង​មក​មាន​ករណី​ចោរឆក់និង​អំពើហិង្សា​បង្កឡើងដោយក្មេងទំនើងមួយចំនួន​បាន​កើតឡើង តែលោកថា​ត្រូវ​បាន​កម្លាំងកងរាជអាវុធហត្ថទប់ស្កាត់​បានទាន់ពេល។

លោកបន្ថែមថា៖ “បាទរៀងរាល់ឆ្នាំតែងតែមានហើយជម្លោះ…ចំពោះ​បញ្ហាក្មេងទំនើង​ហ្នឹង​ដូចជាមិន​មាន​បញ្ហាប្រឈម​អីទេ នៅពេល​ដែលកម្លាំង​របស់​យើង​ល្បាតឃើញ​អ៊ីចឹងគ្រាន់​តែ​ឃាត់ហើយណែនាំ​និង​ឲ្យទៅវិញ(ដោះលែង) ”។

លោកបន្តថាជារៀងរាល់ឆ្នាំ​កម្លាំង​កងរាជអាវុធហត្ថ​តែងតែអនុវត្តភារកិច្ច​ការពារ​សន្តិសុខជូនប្រ​ជាពល​រដ្ឋបាន​ទៅតាម​តួនាទី។ លោកបន្ថែម​ថា៖ “ការបង្ការ ការការពារ ការរក្សា​សណ្តាប់​ធ្នាប់​ ការបង្ក្រាប ការស្រាវជ្រាវ​ ការជួយសង្គ្រោះ គឺ​យើងបាន​ធ្វើជារៀងរាល់​ឆ្នាំ

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ក៏បាន​ណែនាំ​​ដល់​ថ្នាក់​ដឹក​នាំ កង​កម្លាំង​នគរ​បាលជាតិនិង​អាជ្ញា​ធរ​ដែន​ដី​ទាំង​អស់​ ឲ្យ​សហការ​គ្នា​ឲ្យ​បាន​ហ្មត់​ចត់ក្នុង​ការ​ការ​ពារ​សន្តិសុខនិង​ថែ​រក្សាសណ្តាប់​ធ្នាប់​សាធារណៈឲ្យ​បាន​ប្រសើរ​ក្នុងឱកាស​ចូល​ឆ្នាំថ្មី។ លោក​ក៏​បាន​​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​​ដ្ឋាន​របស់​ខ្លួនឲ្យ​ប្រុ​ង​ប្រយ័ត្នចំពោះ​គ្រោះ​ថ្នាក់​និង​មហន្តរាយ​ផ្សេងៗ​ដែល​អាច​នឹង​កើ​ត​មាន​ជាយថា​ហេតុ​​ផង​ដែរ។

ជាមួយគ្នានោះដែរលោក​រដ្ឋ​មន្រ្តី​ក៏​បានណែ​នាំ​ដល់​គណៈបញ្ជាការ​ឯក​ភាព​ខេត្ត​សៀម​រាប​ត្រូ​វ​បង្កើន​ការ​យក​ចិត្តទុក​ដាក់​ក្នុ​ង​ការ​កា​រពារសុវត្ថិភាពជូន​ថ្នាក់​ដឹក​នាំនិង​ឥស្សរជន​ជាន់​ខ្ពស់​ជាតិ​និង​អន្តរ​ជាតិដែលបាន​​អញ្ចើញ​ចូល​រួម​ក្នុ​ង​ព្រឹ​ត្តិការ​ណ៍​អង្គរ​សង្រ្កាន្ត។

ចំណែក​ឯស្នងការនគរបាល​ខេត្ត​សៀម​រាបលោក សត ណាឌី ប្រាប់​វីអូឌីថាខេត្ត​នេះរំពឹង​ថា​នឹងមាន​ចំនួន​ភ្ញៀវជាតិនិង​អន្តរជាតិ​ចូល​មក​ទស្សនា​នៅ​ខេត្ត​សៀប​រាបមិន​តិចជាង​១លាន​នាក់នោះទេ។ លោក​ថា​កាលពី​ឆ្នាំ២០១៥ក៏មាន​ចំនួន​ភ្ញៀវចូល​មក​លេងនៅ​ខេត្តនេះ​ក្នុង​ឱកាសបុណ្យចូល​ឆ្នាំប្រហាក់ប្រ​ហែល​១លាននាក់​ដែរ។ លោក​បន្ថែមថានៅ​ឆ្នាំ​នេះ ខេត្ត​របស់​លោកបាន​ដាក់​កម្លាំងចម្រុះ​ចំនួន​២០០០នាក់ ​ដើម្បី​រក្សា​សន្តិសុខនិង​សណ្តាប់​ធ្នាប់​ជូន​ប្រ​ជា​ពល​រដ្ឋ ភ្ញៀវជាតិ​អន្តរជាតិ និង​មន្ត្រី​ជាន់ខ្ពស់​ដែល​ចូល​រួម​កម្មវិធី​អង្គរសង្រ្កា​ន្តនៅ​ខេត្ត​សៀម​រាប។

លោក​បន្តថា៖ ឆ្នាំមុន​ការប៉ាន់ស្មាន​របស់​យើង​ថា​៥០ម៉ឺននាក់ ប៉ុន្តែ​ប្រជាពល​រដ្ឋឡើងដល់​១លាននាក់ ហើយ​ឆ្នាំ​នេះអាចកើន​លើសហ្នឹងទៅទៀត ព្រោះ​កន្លែងកម្សាន្ត​សប្បាយ​បាន​បង្កើតឲ្យមាន​ច្រើន(កន្លែង)ជាឆ្នាំមុន

មិន​ត្រឹម​តែប៉ុណ្ណោះ លោកថាខេត្តនេះ​ក៏បាន​ត្រៀម​រថយន្ត​និងមន្ត្រីពន្លត់អគ្គិភ័យ​សម្រាប់ជួយ​សង្គ្រោះពេលមាន​​ហេតុការណ៍អគ្គិភ័យ​កើតឡើង​ផងដែរ។ លោក​បន្ថែមថា៖ “អគ្គិភ័យឆ្នាំនេះអាកាសធាតុក្តៅក៏យើងចាប់​អារម្មណ៍ដែរ ជាដំបូង​យើងបាន​ផ្សព្វផ្សាយ​ឲ្យ​ប្រ​ជាពល​រដ្ឋ​ចូល​រួម​ទប់​ស្តាត់ និងទី២ត្រៀមកម្លាំងហ្វឹកហាត់​ទប់​ស្កាត់ពេលមាន​អគ្គិភ័យ​កើតឡើង

បើតាម​លោក សត ណាឌី នៅ​ខេត្ត​សៀមរាបមិន​សូវមាន​បញ្ហា​ចោរឆក់ ចោរប្លន់ អ្វីនោះទេតែ​លោក​ថា​បញ្ហា​​ប្រ​ឈមក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ខ្មែរនោះ គឺការ​កកស្ទះចរាចរណ៍។ ទោះយ៉ាងណា លោក​ថាកម្លាំង​សមត្ថ​កិច្ចក្នុងខេត្តនេះបាន​ដាក់​ត្រៀម​ជួយសម្រួល​ចរាចរណ៍តាម​គោល​ដៅ​សំខាន់ៗ​រួច​ហើយ​ដែរសម្រាប់​សម្រួល​ចរាចណ៍ជូន​អ្នកធ្វើដំណើរ។

ងាកមក​ខេត្ត​ទេសចរណ៍ជាប់​មាត់​សមុទ្រឯនោះ​វិញ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អះអាងថាសមត្ថកិច្ចក្នុងខេត្តរបស់លោកបាន​ត្រៀម​ជា​ស្រេចហើយដែរដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ត្រួត​ពិនិ​ត្យ​ចរាចរណ៍ ដើម្បី​បញ្ចៀស​ការកកស្ទះនិង​គ្រោះ​ថ្នាក់ចរាចរណ៍។ លោក​បន្តថា​សមត្ថកិច្ចក៏ត្រូវ​ដាក់ពង្រាយដើម្បី​​រក្សា​សន្តិសុខជូន​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​នេះ​ផង​ដែរ។ លោក​ឲ្យ​ដឹងថាកាលពី​ឆ្នាំ​២០១៥មាន​ភ្ញៀវទេសចរណ៍​ធ្វើដំណើរទៅកាន់​ខេត្ត​ជាប់​មាត់សមុទ្រមួយនេះ​ចំនួន​៧ម៉ឺននាក់ ហើយ​លោក​​​ថា​ក្នុងថ្ងៃបុណ្យចូល​ឆ្នាំថ្មីឆ្នាំ​នេះអាចនឹង​ឡើង​ដល់​ជិត​៨ម៉ឺន​នាក់។ លោក​បន្តថា​ដើម្បី​រក្សា​សន្តិសុខសណ្តា​ប់ធ្នាប់​ជូន​ប្រ​ជាពល​រដ្ឋក្នុង​ឱកាស​បុណ្យចូល​ឆ្នាំរយៈពេល​៤​ថ្ងៃនេះកម្លាំងចម្រុះ​ក្នុងខេត្តនេះ​ចំនួន​៤០០នាក់​ត្រូវបាន​ដាក់ពង្រាយនៅ​តាម​គោល​ដៅសំខាន់ៗ។

លោកបន្ថែមថា៖ “កងកម្លាំងការពារសន្តិសុខយើងបាន​ត្រៀមហើយ កុំបារម្ភរៀងរាល់​ឆ្នាំ​យើងមានកម្លាំងការពារគ្រប់គ្រាន់…សម្រាប់​បទពិសោធន៍កន្លងមក​ប៉ុណ្ណឹង​ល្មមហើយគ្រាន់​ហត់នឿយបន្តិច…សម្រាប់​អគ្គិភ័យ​យើងមាន​ឡាន​៦គ្រឿង​ហើយ​បម្រុង​និង​មក​ដល់​ថែមពីរគ្រឿងទៀតឡើង៨គ្រឿង

កាលពី​ឆ្នាំ​២០១៥ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំអ្នកស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍មាន​ចំនួន​២៦នាក់និង​រង​បួសធ្ងន់​ស្រាល​ជាង​២០០នាក់។​ ចំនួនគ្រោះថ្នាក់ចរាចរណ៍បាន​កើតឡើងជាង១០០ករណីនិងបាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ជិត២០០គ្រឿងក្នុងនោះមានម៉ូតូជាង១៥៧គ្រឿង រថយន្តធុនតូចនិងធំជិត៤០គ្រឿង ព្រមទាំង​យានយន្ត​ផ្សេង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ