ក្រសួងយុត្តិធម៌បង្កើតអាជ្ញាធរកណ្តាលដើម្បីពង្រឹងប្រសិទ្ធិភាពការងារ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 11:59 AM | នយោបាយ | 0 | 1707 លោក ជិន ម៉ាលីន កាលពីពេលកន្លងទៅ (រូបភាព៖ ទូច សុខា)

ខណៈដែលរងការរិះគន់ថាសង្គមកម្ពុជាមិនសូវមានយុត្តិធម៌នោះ រដ្ឋាភិបាលបានបង្កើតស្ថាប័នជំនាញមួយបន្ថែមទៀត ដោយថាដើម្បី​បង្កើនប្រសិទ្ធិភាពការងារ។ តែអ្នកតាមដាន​សង្គម ថាមិនមានជំនឿនោះទេ។

ក្រសួងយុត្តិធម៌បង្កើតអាជ្ញាធរកណ្តាលនៃក្រសួងនេះ ដោយថា ដើម្បីបង្កើនប្រសិទ្ធិភាពបន្ថែមលើ ការងារផ្នែកច្បាប់មួយចំនួនក្នុងវិស័យព្រហ្មទណ្ឌ រដ្ឋប្បវេណី ពាណិជ្ជកម្ម បត្យាប័ន ការបញ្ជួនន​ ទណ្ឌិត រួមនឹងការងារផ្សេងៗទៀត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា គោលបំណងមួយទៀតនោះគឺ ដើម្បីសម្រួលដល់កិច្ចប្រតិបត្តិការអន្តរជាតិរវាងប្រទេសជាសមាជិកក្នុងការជួយគ្នាទៅវិញ ទៅមកការងារផ្នែកច្បាប់ និងយុត្តិធម៌។

លោកបន្ថែមថា«អញ្ចឹងទេជាយន្តការអន្តរជាតិគឺ ថារដ្ឋដែលជាសមាជិកអាស៊ានហ្នឹងគឺត្រូវតែ មានអាជ្ញាធកណ្តាលហ្នឹងដើម្បីធ្វើការទំនាក់ទំនងគ្នា និងសហប្រតិបត្តិគ្នាលើវិស័យព្រហ្មទណ្ឌ រដ្ឋប្បវេណី ពាណិជ្ជកម្ម បត្យាប័ន មានការផ្ទេរទណ្ឌិត ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ហើយនឹងការធ្វើបត្យាប័នជាដើម។ហើយការងារទាំងអស់នេះកន្លងមកជាការងារក្រសួងធ្លាប់ ធ្វើពីមុនហើយគ្រាន់តែយើងបង្កើតអង្គភាពនេះដើម្បីបង្កើនប្រសិទ្ធិភាពការងារបន្ថែមប៉ុណ្ណោះ ឯង»

លោក ជិន ម៉ាលីន ឲ្យដឹងថា ការបង្កើតអាជ្ញាធរកណ្តាលក្នុងក្រសួងយុត្តិធម៌នេះ មិន មានចំណាយថវិការដ្ឋបន្ថែមនោះទេ ដោយថា ក្រសួងគ្រាន់បង្កើតរចនាសម្ព័ន្ធឲ្យមានអង្គការ ចាត់តាំងមួយដើម្បីឲ្យមានការទទួលខុសច្បាស់លាស់ និងជាយន្តការកណ្តាលក្នុងការសម្រប សម្រួលជាមួយស្ថាប័នយុត្តិធម៌ និងច្បាប់ ជាមួយនឹងបណ្តាប្រទេសនៅលើសកលលោក ប៉ុណ្ណោះ។

អ្នកប្រឹក្សាផ្នែកសិទ្ធិមនុស្សលោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា លោកហាក់មិនមានជំនឿ លើយន្តការថ្មីដែលក្រសួងបង្កើតនេះ អាចអនុវត្តមានប្រសិទ្ធិភាពនោះទេ ដោយថា កន្លែងមក រដ្ឋាភិបាលបានបង្កើតយន្តថ្មីៗជាច្រើនប៉ុន្តែនៅតែអនុវត្តមិនបានល្អដដែល។

លោកលោក សួន ប៊ុនស័ក្តិ យល់ថា ករណីក្រសួងយុត្តិធម៌បង្កើតអាជ្ញាធរកណ្តាលនៃក្រសួង នេះគ្រាន់តែដើម្បីទាក់ទាញការចាប់អារម្យពីសាធារណៈជន ដើម្បីស្តារមុខមាត់រដ្ឋា ភិបាលតែប៉ុណ្ណោះ។​

លោកបន្ថែមថា«ជាទូទៅខ្ញុំមិនសូវសង្ឃឹមពីរឿងយន្តការថ្មី ដែលបង្កើតដោយរដ្ឋាភិបាល ប៉ុន្មានទេ ពីព្រោះថា អ្វីៗជាយន្តការដែលមានស្រាប់វាគ្រប់គ្រាន់ទៅហើយ គ្រាន់តែពង្រឹង យន្តការដែលមានស្រាប់ឲ្យដើរឲ្យវាមានប្រសិទ្ធិទៅវាគ្រប់គ្រាន់ទៅហើយ នៅស្រុកយើងបើ តាមខ្ញុំសង្កេតមើលចូលចិត្តបង្កើតយន្តការជនលើយន្តការដោយគ្រាន់តែជាការបង្ហាញឲ្យសាធារណៈជនមើលប៉ុណ្ណោះ ព្រោះក្រោយពីបង្កើតហើយមិនឃើញមានការជំរុញឲ្យមានការ អនុវត្តឲ្យមានប្រសិទ្ធិភាព»។

បើតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១២ មេសា ឆ្នាំ២០១៧ឲ្យដឹងថា អាជ្ញាធរ កណ្តាលដែលក្រសួងបង្កើតនោះ មានសមាសភាពចំនួន១៩នាក់ក្នុងនោះមានលោក អង្គ វង្សវឌ្ឍ នា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើជាប្រធាន៕

 

 

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required