ធានាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជាបន្តភាពរឹងមាំ

កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបន្តមានភាពរឹងមាំក្នុងអត្រា ៦,៩ភាគរយម្រាប់ឆ្នាំ២០១៦ បើធៀបទៅឆ្នាំ២០១៥ គឺ៧,០ភាគរយ។

ក្នុងរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃទី១៣ មេសា ២០១៧ ឲ្យដឹងថា វិស័យសំណង់នៅតែមានភាពរស់រវើក ខណៈដែលការនាំចេញផ្នែកសម្លៀកបំពាក់បានថយចុះ ដោយសារតែភាពប្រកួតប្រជែងនៅក្រៅប្រទេសរបស់កម្ពុជាកំពុងជួបបញ្ហាប្រឈមដែលបណ្តាលមកពីប្រទេសដទៃនៅក្នុងតំបន់ផ្តល់ប្រាក់ឈ្នួលទាប។

របាយការណ៍បន្តឲ្យដឹងទៀតថា ដោយសារតែលក្ខខណ្ឌអាកាសធាតុអំណោយផលល្អប្រសើរជាងមុន ផលិតផលកសិកម្មមានការកើនឡើងក្នុងឆ្នាំ២០១៧។ ចំណែកកំណើនអ្នកទេសចរណ៍ ទាបជាងមុនបន្តិច គឺ៥ភាគរយក្នុងឆ្នាំ២០១៦ នេះដោយសារតែភាពជោគជ័យក្នុងការពង្រីកតំបន់ទាក់ទាញសម្រាប់អ្នកទេសចរណ៍ក្រៅពីតំបន់អង្គរ នៅមានកម្រិតនៅឡើយ។

របាយការណ៍ឲ្យដឹងបន្ថែមទៀតថា កំណើនសេដ្ឋកិច្ចនៅកម្ពុជាត្រូវប៉ាន់ប្រមាណថានឹងនៅតែមានភាពរឹងមាំ គឺ៦,៩ភាគរយម្រាប់ឆ្នាំ២០១៧ និង២០១៨ ដោយសារតែមានការចំណាយសាធារណៈខ្ពស់ និងការពង្រីកវិស័យកសិកម្ម និងទេសចរណ៍ដែលអាចជំនួសការធ្លាក់ចុះវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់។

លោកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ត្រូវបានដកស្រង់ប្រសាសន៍ថា «វាគួរឲ្យសាទរដែលឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ ជាបន្ត វាពិតជាសំខាន់ណាស់ក្នុងការជំរុញការវិនិយោគលើផលិតភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងគាំទ្រដល់ប្រជាជនក្រីក្រ ហើយធ្វើយ៉ាងណា ផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ចនាពេលខាងមុខបានដល់ប្រជាជនកម្ពុជាទាំងមូល»

របាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ថ្មីនេះបានផ្តល់អនុសាសន៍ឲ្យអ្នកតាក់តែងគោលនយោបាយនានាបន្តដោះស្រាយភាពងាយរងគ្រោះនៃម៉ាក្រូសេដ្ឋកិច្ច កែលម្អគុណភាពនៃចំណាយសាធារណៈ និងបង្កើនការធ្វើសមាហរណកម្មដើម្បីជួយតំបន់នេះឲ្យមានភាពរឹងមាំយូរអង្វែង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ