ផ្លូវមួយចំនួន​ចេញពីភ្នំពេញកកស្ទះខ្លាំងនៅថ្ងៃនេះ​

ផ្លូវសំខាន់ៗមួយចំនួនចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាលខេត្ត ​មានការកកស្ទះខ្លាំងចាប់តាំងពីព្រឹកប្រលឹមថ្ងៃសុក្រនេះ ដោយសារពលរដ្ឋសម្រុកទៅស្រុកកំណើតដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មី។​

នៅរង្វង់មូលគល់ស្ពានជ្រោយចង្វារក្បែរស្ថានទូតបារាំងនៅព្រឹកថ្ងៃសុក្រនេះ រថយន្តនិងម៉ូតូប្រជ្រៀតគ្នាណែនផ្លូវ ដោយខ្លះឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងខ្លះទៀតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥។​ បើទោះជាចរាចរណ៍ស្ទះខ្លាំងដោយសារស្ពានជ្រោយចង្វារជាជំនួយរបស់ជប៉ុនបិទដើម្បីជួសជុលក៏ដោយ ក៏ការធ្វើចរាចរណ៍ហាក់មានរបៀបដែរ ហើយសមត្ថកិច្ចមានប្រចាំការនៅទីនោះ។​

នគរបាលជួយសម្រួលចរាចរណ៍នៅគល់ស្ពានជ្រោយចង្វារនេះលោក អោក ឆាត ឲ្យដឹងថា ម្សិលមិញនិងថ្ងៃនេះមានការកកស្ទះខ្លាំងខុសធម្មតា។​  លោកបន្តថា ឆ្នាំនេះកកស្ទះខ្លាំងជាងឆ្នាំមុនដោយសារស្ពានមួយបិទដើម្បីជួសជុល។​

លោកថា៖«ឆ្នាំមុនច្រើនមធ្យោបាយឯកជនដូចជា ម៉ូតូតែ ឆ្នាំនេះ គឺសាំយ៉ុង អាតូរីយើងនេះ វា ៥០% ជាមួយឡានតូច អ្នកធ្វើដំណើតឯកជន អញ្ចឹងឆ្នាំនេះ ត្រូវស្ពានមួយបិទបង្កឲ្យមានការលំបាក»

មានស្រុកកំណើតនៅខេត្តព្រៃវែងលោក ជា សារ៉េត បានប្រាប់អ្នកសារព័ត៌មានវីអូឌីខណៈនគរចរាចរណ៍កំពុងបិទផ្លូវប្រហែល២០នាទី លើកឡើងថា លោកសប្បាយចិត្តនៅពេលឃើញមានសមត្ថកិច្ច មកជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកក់ស្ទះ។

លោកថា៖«ខ្ញុំសប្បាយចិត្ត ដោយសារ មានប៉ូលីសចរាចរណ៍ជួយធ្វើចរាចរណ៍ ឲ្យប្រជាជនងាយស្រួលធ្វើដំណើរទៅស្រុកកំណើត »។

ផ្លូវដែលកកស្ទះក្រៅពីរង្វង់មូលជ្រោយចង្វារ នៅរង្វង់មូលចោមចៅបែកទៅផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤ និងនៅច្បារអំពៅផ្លូវជាតិលេខ១ក៏កកស្ទះដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ