ប្រជាពលរដ្ឋដែលធ្វើដំណើរទៅតាមខេត្តនានារងចាំកកកុញនៅចំណតរថយន្តសាធារណៈ ដែលរដ្ឋាភិបាលរៀបចំសម្រាប់ជិះដោយឥតបង់ថ្លៃក្នុងអំឡុងបុណ្យចូលឆ្នាំនេះ។
កាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ខែមេសា បានបញ្ជាទៅសាលាក្រុងនិងស្ថាប័នពាក់ ព័ន្ធរៀបចំរថយន្តក្រុងចំនួន៦០គ្រឿង ដាក់នៅ៥ទីតាំងផ្សេងៗគ្នា ដើម្បីដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តនានា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ មុននិងក្រោយចូលឆ្នាំ ដោយឥតគិតថ្លៃ។
ប៉ុន្តែនៅថ្ងៃទី១៣ ខែមេសានេះ អ្នកដំណើរមួយចំនួនដែលទៅរកសេវានេះនៅម្តុំ សួនឫស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) អ្នកស្រី គឹម សុខុម បានរៀបរាប់ថា នៅព្រឹកនេះ អ្នកស្រីនិងកូនពីរនាក់ អង្គុយរង់ចាំជិះរថយន្តទៅខេត្តពោធិ៍សាត់ប្រហែលជា៣ម៉ោង ដោយមិនទាន់បានចេញដំណើរនៅឡើយ។
អ្នកស្រីអះអាងថា«លែងចង់ជិះវិញ ភាគច្រើនអ្នកខ្លះគេថាឆាប់ទេ តែឥឡូវបែជាមិនមែនឆាប់ផងនៅយូរវិញ»។
អ្នកដំណើរម្នាក់ទៀត អ្នកស្រី គឹម អូន ដែលថាធ្វើដំណើរទៅខេត្តបាត់ដំបង បានលើកឡើងដែរថា អ្នកផ្តល់សេវាហាក់យឺតយ៉ាវ។
អ្នកស្រីនិយាយថា«បានសំបុត្រតែមួយ មានតែខ្លួនឯង ប្តីអត់ កូនអត់ ចាំមើលបើសិនជាមានឡានជិះ ក៏ជិះ បើអត់ឡានជិះមានតែទៅផ្ទះវិញ យើងអស់សូវមានលុយ ទៅតែម្នាក់ឯងយើងទៅធ្វើអី ធ្វើបុណ្យក៏អត់សប្បាយចិត្តដែរ»។
តាមការសង្កេតផ្ទាល់មើលឃើញថា ចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោងជាង៩ព្រឹកថ្ងៃដដែលនេះ អ្នករង់ចាំជិះរថយន្តក្រុងរបស់រដ្ឋនៅតាមគោលដៅដែលរដ្ឋាភិបាលកំណត់ ជាពិសេសនៅសួនឫស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) មានជាង១០០នាក់អង្គុយរង់ចាំ។
អ្នកស្រី សុខ រក្សា អំពាវនាវទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ផ្តល់រថយន្តបន្ថែម ដោយថាដើម្បីឲ្យ ពួកគេបាន ធ្វើដំណើរទៅស្រុកំណើតបានទាន់ពេលវេលា។
លោក សុខ សុវណ្ណារិទ្ធិ ដែលអះអាងថា ជាអ្នកគ្រប់គ្រងចំណតរថយន្តសាធារណៈនៅសួនឫស្សីកែវ ទទួលស្គាល់ភាពខ្វះចន្លោះដែលពលរដ្ឋលើកឡើង។ ប៉ុន្តែលោកស្នើឲ្យអ្នកដំណើរអត់ធ្មត់ ដោយថាលោកកំពុងសុំកិច្ចអន្តរាគមន៍ពីថ្នាក់លើ ដើម្បីសុំបន្ថែមរថយន្តដឹកពលរដ្ឋដែលរង់ចាំទាំងអស់បានទៅស្រុកកំណើត។
លោកមានប្រសាសន៍ថា«តាមថ្នាក់លើមកគាត់ថា យកឡានពីតំបន់ផ្សេងទៀត ដើម្បីធ្វើម៉េចឲ្យគាត់ជិះទៅឲ្យអស់ ក្នុងថ្ងៃហ្នឹងនៅតាមបណ្តាខេត្ត»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ផ្តល់ជាអនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះបាន លុះត្រាតែសាលាក្រុងត្រូវបន្ថែមរថយន្តនិងកំណត់ពេលវេលាធ្វើដំណើរឲ្យជាក់លាក់ ទើបទទួលបានប្រសិទ្ធិភាព។
លោកផ្តល់ជាអនុសាសន៍ថា«កំណត់ម៉ោងទៅ អ្នកធ្វើដំណើរគេរៀបចំខ្លួនគេ សម្រាប់ចូលរួមជិះជើងហ្នឹងតែម្តង ហើយជើងហ្នឹងគួរតែចេញព្រមគ្នាពីភ្នំពេញទៅតាមបណ្តាខេត្តដែលជាគោលដៅ ហើយពេលត្រឡប់មកវិញ រថយន្តគេអាចត្រឡប់មកពេលណាក៏បាន គេមានជើងគេកំណត់ទៅដល់ខេត្ត ហើយគេដឹកអ្នកដំណើរមកចូលភ្នំពេញ វិញមក ហើយព្រលឹមឡើងគេចេញដំណើររបៀបហ្នឹង ធ្វើបែបនេះទើបមានប្រសិទ្ធិភាព»។
សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែមេសា បានកំណត់ចំណតរថយន្តចំនួន៥ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ សម្រាប់ដឹកអ្នកដំណើរទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ។ ទីតាំងទាំងនោះរួមមាន ម្តុំផ្លូវ៦០ម៉ែត ចូលតាមផ្លូវមុខវត្តចាក់អង្រែក្រោម ឬតាមមហាវិធីថីព្រះមុនីវង្ស។ ទីតាំងទី២នៅផ្លូវជាតិលេខ៣ហួសរង្វង់មូលចោមចៅ ជិតបញ្ជាការដ្ឋានកងពលតូចលេខ៧០ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ចំណតទី៣នៅប្រសព្វផ្លូវជាតិលេខ៤ និងមហាវិថី ឈ្នះឈ្នះ( កប់ស្រូវ)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទីតាំងទី៤ នៅសួនឫស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី)ជាប់ផ្លូវជាតិលេខ៥ និងមួយកន្លែងទៀត នៅតំបន់អភិវឌ្ឍជ្រោយសង្វារ របស់ក្រុមហ៊ុន OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បើតាមសេចក្តីជូនដំណឹង រថយន្តនឹងចេញដំណើរនៅម៉ោង៥ព្រឹក៕