ក្រសួងប្រកាសចាត់វិធានការក្រុមហ៊ុនមួយដែលនាំពលករឆ្លងដែនខុសច្បាប់

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:29 PM | សង្គមសិទ្ធិមនុស្ស | 0 | 1705 រូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារឲ្យដឹងថា ក្រុមហ៊ុននាំពលករមួយឈ្មោះថា ស៊ី​ ជេ លេប័រ សឺបផ្លាយ មានទីតាំងស្ថិតក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងឆរបោកសាធារណជន​ដោយថា ក្រុមហ៊ុននេះមិនមានច្បាប់អនុញ្ញាតនោះទេ។​

ក្នុងលិខិតចុះថ្ងៃទី១២ខែមេសានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ក្រសួងមិនបានផ្តល់ អាជ្ញាប័ណ្ណ និងអនុញ្ញាតឲ្យក្រុមហ៊ុននោះដើម្បីជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរឲ្យ ទៅធ្វើការងារនៅប្រទេសម៉ាលេស៊ី ថៃ គូវ៉េត ហុងកុង និងប្រទេសជប៉ុននោះទេ។

ក្រសួងការងារបានរំឮក និងប្រាប់ទៅសាធារណជន ដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅប្រទេសត្រូវប្រុងប្រយ័ត្នខ្ពស់មុននឹងសម្រេចចិត្តចុះឈ្មោះទៅតាមរយៈក្រុមហ៊ុន ស៊ី ជេ លេប័រ សឺបផ្លាយ(CJ Labour Supply CO,Ltd)នេះ ហើយថា ក្រសួងកំពុងសហការជា​មួយអាជ្ញាធរពាក់ព័ន្ធរៀបសុំណុំប្តឹងក្រុម ហ៊ុននេះទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ប្រធានគ្រប់គ្រងផ្នែកអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានសាទរចំពោះចំណាត់ ការរបស់ក្រសួងនេះ។ ប៉ុន្តែលោកថា ក្រុមហ៊ុននោះហ៊ានដំណើរការទៅបានដោយសារតែភាពធូរលុង និងភាពឆករវែងរបស់រដ្ឋាភិបាលក្នុងទប់ស្កាត់ ឬ ក្រុមហ៊ុននោះអាចជាប់ពាក់មន្រ្តីធំណាមួយនៅពីក្រោយ។

លោកបន្ថែមថា«អញ្ចឹងក្រសួង ឬក៏ស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការឲ្យបានតឹងរឹងបំផុត ពីព្រោះអានេះអ្នកដែលរងគ្រោះគឺពលរដ្ឋខ្មែរ អ្នកដែលបានផលប្រយោជន៍ក្រុមហ៊ុនដែលនាំពលករខុសច្បាប់ហ្នឹង។ ហើយខ្ញុំថាប្រសិនបើក្រុមហ៊ុនហ្នឹងនៅតែបន្តទី១អ្នកដែលរងផលប៉ះពាល់មុនគេគឺប្រជាពលរដ្ឋខ្មែរ ទី២គេថារដ្ឋាភិបាលហ្នឹងមិនបានចាត់វិធានការ ហើយគេនឹងមានអ្នកមានអំណាចនៅពីក្រោក្រុមហ៊ុនហ្នឹងទើបក្រុមហ៊ុនហ្នឹងធ្វើ អ្វីតាមអំពើចិត្តអញ្ចឹង»

ក្រសួងការងារកាលពីថ្ងៃទី២មេសាប្រកាសថា ក្រុម​ហ៊ុន​​ស្របច្បាប់ដែលបញ្ជូនពលករទៅធ្វើការនៅបរទេសមានចំនួន៩៣ក្រុមហ៊ុន ប៉ុន្តែបច្ចុប្បន្ននេះ មា​​ន​ក្រុ​​ម​​ហ៊ុន​​​​តែ៨៥​ប៉ុណ្ណោះ​កំពុង​ដំណើរការងាររបស់ខ្លួន៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required