ក្រសួង​ទុកពេលត្រឹមខែកក្កដាឲ្យ​សារព័ត៌មាន​ប្រើគោរមងារថ្នាក់ដឹកនាំ​នៅក្នុង​អត្ថបទ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានឲ្យដឹងថា កាលពីព្រឹកថ្ងៃម្សិលមិញ ក្រសួងបានប្រជុំណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រើគោរមងាររបស់ថ្នាក់ដឹកនាំនៅក្នុងអត្ថបទសារព័ត៌មាន ដោយទុកពេលត្រឹមខែកក្កដាខាងមុខ ហើយថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ ។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ប្រាប់វីអូឌី តាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រនេះ ថា ក្រសួងធ្លាប់បានធ្វើការណែនាំបែបនេះជាលិខិតម្តងរួចទៅហើយកាលពីខខែធ្នូ ឆ្នាំ២០១៥។ ដោយឡែកលោកថា ការណែនាំជាថ្មីនេះ គឺធ្វើឡើងដោយផ្ទាល់មាត់តាមរយៈការប្រជុំណែនាំ។

លោកចាត់ទុកថា ការប្រើប្រាក់គោរមងាររបស់ថ្នាក់ដឹកនាំដែលទទួលបានព្រះរាជទានពីព្រះកហាក្សត្រនេះ បង្ហាញពីការគោរពដល់ព្រះមហាក្សត្រ និងគោរពតាមប្រពៃណីទំនៀមទម្លាប់ដែលមានជាយូរមកហើយ។

លោកបន្ថែមថា៖ “អ៊ីចឹងហើយដើម្បីឲ្យប្រជាពលរដ្ឋយល់ថាស្រុកយើងមានទំនៀមទំលាប់អ៊ីចឹង ថាយើងមានប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណមកលើរឿងហ្នឹង(គោរមងារ)…បាទ(សរសេរ)តិចទៅវាអត់មានទាស់អ្វីផង យើងមើលថាយើងនៅក្នុងស្រុកខ្មែរយើងៗផ្តល់ការគោរពអ៊ីចឹងទៅ ត្រង់ថាយើងសរសេររឿងវិជ្ជាជីវៈជាររឿងរបស់យើង ខ្ញុំមើលទៅអត់ទាស់អ្វីផង”

លោក អ៊ុក គឹមសេង បានណែនាំថា ការប្រើប្រាស់គោរមងារលើកទីមួយគឺត្រូវដាក់ពេញ ដូចជាលោកថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកថា នៅឃ្លាបន្ទាប់អ្នកសារព័ត៌មានអាចសរសេរត្រឹម “សម្តេច ហ៊ុន សែន” ក៏បាន។ លោកបន្តថា ក្រសួងបានទុកពេលត្រឹមខែកក្កដា សម្រាប់ឲ្យសារព័ត៌មានចាប់ផ្តើមប្រើគោរមងារនេះ បើមិនដូច្នោះទេ លោកថាក្រសួងនឹងពិនិត្យវិធានការមួយចំនូន ដូចជា មិនបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះ ឬចំពោះសារព័ត៌មានបរទេសមិនអាចទិញម៉ោងផ្សាយពីវិទ្យុក្នុងស្រុកជាដើម។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ យល់ថា អង្គភាពសារព័ត៌មានរបស់រដ្ឋដូចជាទូរទស្សន៍ និងវិទ្យុជាតិ គួរតែគោរពការណែនាំនេះ។  ទោះយ៉ាងណាលោកថា ចំពោះសារព័ត៌មានឯកជននៅក្នុងសង្គមប្រជាធិបតេយ្យគួរតែមានសិទ្ធិជ្រើសរើសថាគួរប្រើ ឬមិនប្រើគោរមងារក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។ លោកបន្ថែមថា ការប្រើ ឬមិនប្រើគោរមងារនេះ ក៏មិនគួរទទួលពិន័យណាមួយនោះទេ។

លោកបន្ថែមថា៖ “សម្រាប់ខ្ញុំវិញ ការស្នើដោយក្រសួងឲ្យសារព័ត៌មានយើងប្រើគោរមងារនេះមិនជាសំណើដែលធ្ងន់ធ្ងរដែរ បើអ្នកសារព័ត៌មានយើងធ្វើបានក៏ធ្វើតាមទៅ តែបើសិនអ្នកសារព័ត៌មានយើងធ្វើមិនអាចធ្វើបានក៏មិនគួរដាក់ទោស ឬក៏គំរាម យកច្បាប់មកដាក់ទោសដែរ”

លោក មឿន ឈានណារិទ្ធិ ថាបើសិនជាក្រសួងអនុញ្ញាតិឲ្យអ្នកសាព័ត៌មានជំនួសពាក្យ “លោក” មកត្រឹម ពាក្យ “សម្តេច” នោះលោកថាពាក្យនេះខ្លី និងប្រហែលជាមានអ្នកសារព័ត៌មានអាចទទួលយកបានច្រើនជាងប្រើគោរមងារពេញតែម្តងនោះ។

ដោយឡែកប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា លោកចង់ឲ្យអ្នកសារព័ត៌មានពិចារណា និងចោទជាសំណួរចំពោះខ្លួនឯងវិញថា តើការជំនួសពាក្យ “លោក” ដោយពាក្យ “សម្តេច” នេះប៉ះពាល់ដល់វិជ្ជាជីវៈខ្លួនឬយ៉ាងណា។ លោកថា បើសិនជាមិនប៉ះពាល់ទេអ្នកសារព័ត៌មានទាំងអស់គួរតែប្រើគោរមងារ”សម្តេច”នេះក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។

លោកបន្ថែមថា៖ “បើសិនជាខ្ញុំយល់វាអត់មានប៉ះពាល់ដល់វិជ្ជាជីវៈទេ ប៉ុន្តែវាជាការគោរព គ្រាន់តែយើងដូរពាក្យពី លោក ធម្មតាខ្មែរយើងមិនដូចនៅអឺរ៉ុបទេ មានអារម្មណ៍ថាចុះអានេះហៅអញដាច់សាច់ម៉េស…ដូច្នេះយើងដូមួយម៉ាត់ទៅ វាជាទំនៀមទម្លាប់ប្រពៃណីរបស់យើងដែរ វាអត់ប៉ះពាល់ដល់វិជ្ជាជីវៈរបស់យើងផង អ៊ីចឹងស្ថាប័នសារព័ត៌មានមួយពិចារណាខ្លួនឯងទៅ”

បើតាមលោក មឿន ឈានណារិទ្ធិ បណ្តាប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស និងប្រទេសម៉ាឡេស៊ី ជាដើមនោះ ក៏មានគោរមងារវែងៗសម្រាប់ឥស្សរជនជាន់ខ្ពស់ដូចប្រទេសកម្ពុជាដែរ ប៉ុន្តែលោកថា គោរមងាររបស់អ្នកទាំងនោះ មិនត្រូវបានគេយកមកប្រើក្នុងអត្ថបទសារព័ត៌មាននោះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន ដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគោរមងារថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង មាន គោរមងារថា “សម្តេចក្រឡាហោម ស ខេង” ចំណែក ប្រធានរដ្ឋសភា លោក ហេង សំរិន មាន គោរមងារថា “សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន” និង ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ មានគោរមងារថា “សម្តេចវិបុលសេនាភក្តីសាយឈុំ” ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ