គណបក្សថ្មីមួយជំរុញទៅរដ្ឋាភិបាល​កំណត់​កាលបរិច្ឆេទនៃការ​បោះឆ្នោត ឃុំ-សង្កាត់​

គណបក្សថ្មីមួយជំរុញឲ្យរដ្ឋាភិបាលកំណត់កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានឆាប់ ដោយមើលឃើញថា បច្ចុប្បន្នអ្នកនយោបាយគិតរឿងឯកជននិងចាប់មន្ត្រីសង្គមស៊ីវិលដាក់ពន្ធនាគារ ដោយមិនបានយកចិត្តទុកដាក់លើការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតនោះទេ។

ក្នុងសេចក្តីថ្លែងការណ៍ចុះកាលពីថ្ងៃទី១២ ខែឧសភា គណបក្សប្រជាធិបតេយ្យមូលដ្ឋានថា រដ្ឋាភិបាលជាអ្នកកំណត់និងប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងរយៈពេល៩ខែយ៉ាងតិចមុនថ្ងៃបោះឆ្នោត។ សេចក្តីថ្លែងការណ៍បានជំរុញទៅរដ្ឋាភិបាលប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតឲ្យបានមុនរយៈពេលកំណត់នេះរិតតែប្រសើរ។

ដោយឡែក គណបក្សមូលដ្ឋានក៏អំពាវនាវទៅគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត គជប បង្ហាញប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាធិតេយ្យមូលដ្ឋាន លោក សាម អ៊ីន បន្ថែមថា តាមច្បាប់រដ្ឋាភិបាលជាអ្នកប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ហើយការបង្ហាញប្រតិទិននៃការបោះឆ្នោតឃុំសង្កាត់គឺជាតួនាទីរបស់ គជប។ លោកថា ការប្រកាសមុនកាលកំណត់ ដើម្បីងាយស្រួលដល់សង្គមស៊ីវិលនិងម្ចាស់ជំនួយដែលត្រៀមខ្លួនជួយក្នុងការបោះឆ្នោតជាដើម។

លោក សាម អ៊ីន បញ្ជាក់ថា បើរដ្ឋាភិបាលកំណត់ពេលខ្លី នឹងធ្វើឲ្យជួបបញ្ហាប្រឈមដល់ គជប និងសង្គមស៊ីវិល ដោយលោកថា ធ្វើឲ្យស្ថាប័នទំាងនោះមិនមានពេលគ្រប់គ្រាន់រៀបចំផែនការគំាទ្រកិច្ចការបោះឆ្នោតនោះឲ្យបានល្អប្រសើរ៖”កាលណាយើងកំណត់ពេលខ្លីពេក វាអាចមានបញ្ហាប្រឈមសម្រាប់ គជប គាត់ត្រៀមរៀបចំមិនបានល្អ ហើយអង្គការសង្គមស៊ីវិលក៏មិនមានលទ្ធភាពរៀបចំផែនការគំាទ្របានល្អប្រសើរ វាអាចប៉ះពាល់ទៅដល់ដំណើរការបោះឆ្នោតមួយដែលសេរី ដែលយុត្តិធម៌ដែលយើងអាចជឿទុកចិត្តបាន”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលនឹងប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តាមច្បាប់កំណត់ ដោយលោកថា កុំឲ្យមានការព្រួយបារម្ភពីបញ្ហានេះ៖”តាមសំណើររបស់ក្រសួងមហាផ្ទៃ នាយករដ្ឋមន្ត្រីនិងចេញអនុក្រិត្យមួយប្រកាស ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃណា មុនប្រំាបួនខែ យ៉ាងតិចមុនពេលបោះឆ្នោត វាមានពេលគ្រាន់តែដឹង វាមានពេល៩ខែ វាគ្រប់គ្រាន់ណាស់ហើយ វាយូរអង្វែងណាស់ហើយ ជិតមួយឆ្នាំ កុំព្រួយបារម្ព”។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បើរដ្ឋាភិបាលប្រកាសកាលបរិច្ឆេទឲ្យបានច្បាស់លាស់ ធ្វើឲ្យ គជប ងាយស្រួលត្រៀមខ្លួនរៀបចំការបោះឆ្នោត។ ផ្ទុយទៅវិញលោកថា បើរដ្ឋាភិបាលមិនកំណត់កាលបរិច្ឆេទច្បាស់លាស់ និងធ្វើឲ្យ គជប ជួបបញ្ហាឈម ពីការចុះឈ្មោះគណបក្សនយោបាយ រហូតដល់ប្រកាសលទ្ធផលបោះឆ្នោត៖”ជាការពិតបើសិនជាមិនមានកាលបរិច្ឆេទសម្រាប់ការបោះឆ្នោត គជប ក៏ជួបការលំបាក ក្នុងការត្រៀមខ្លួន រៀបចំដំណើរការបោះឆ្នោតដែរ ពីព្រោះ គជប ត្រូវរៀបចំប្រតិទិនចុះឈ្មោះជាគណបក្សនយោបាយ យុទ្ធនាការបោះឆ្នោតផង ហើយដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល”

អ្នកនាំពាក្យគជបបញ្ជាក់ថា ករណីបង្ហាញប្រតិទិន គជប គឺមិនអាចប្រកាសបានទេ ដោយលោកថា ដរាបណារដ្ឋាភិបាលមិនទាន់កំណត់ថ្ងៃបោះឆ្នោតឲ្យច្បាស់ជាមុនសិន។

នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្រ្វែលលោក គល់ បញ្ញា យល់ថា ការចុះឈ្មោះបោះឆ្នោតថ្មី ហើយ គជប ត្រូវធ្វើឡើងវិញទំាងអស់។លោកថា ករណីនេះ រដ្ឋាភិបាលគួរតែប្រកាសកាលបរិច្ឆេទមុនកាលកំណត់នៃការបោះឆ្នោត ឃុំសង្កាត់ ដើម្បីឲ្យយុវជនដែលមិនទាន់គ្រប់អាយុ១៨ឆ្នាំ បានដឹងនឹងងាយស្រួលត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតនៅអាណត្តិក្រោយនេះ៖”វាត្រូវការឲ្យមានការប្រកាសថ្ងៃបោះឆ្នោតឃុំសង្កាត់ឲ្យបានមុនពេលចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោតនេះ ហើយដើម្បីឲ្យផ្តល់ព័ត៌មានទៅយុវជនដែរឲ្យគាត់ត្រៀម ជាពិសេសអ្នកដែលអាយុ១៨នៅថ្ងៃបោះឆ្នោត ចង់មានន័យថាម៉េច មានន័យថា ពីឥឡូវនេះមិនមែនអាយុ១៨ឥឡូវទេ អាយុ១៨ដល់ថ្ងៃបោះឆ្នោត នៅឆ្នាំ២០១៧ឯណោះ ដូចថាអ្នកណាអាយុ១៧ក៏ដោយ ប្រសិនដល់ថ្ងៃបោះឆ្នោត អាយុ១៨គាត់អាចចុះឈ្មោះបាន”។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) លើកឡើងថា លោកស្រីសង្ឃឹមថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធានាឲ្យបានការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប គ្រោងរៀបចំការចុះឈ្មោះបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៦៕ លោក ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ