ប៉ែន ចំរ៉ុង និង​ភិន សុដាលីស ប្រកាន់​ជំហរ​​​​​​​​លែងគ្នា

ភិន សុដាលីសនិង​លោក ប៉ែន ចំរ៉ុង(រូបថតពីហ្វេសប៊ុក)

ក្រោយពីចូលបំភ្លឺនៅចំពោះមុខតុលាការកាលពីថ្ងៃទី១២ ឧសភា ប្រភពដែលបានទម្លាយចេញបានអះអាងថា លោកប៉ែន ចំរ៉ុង មិនព្រមកែប្រែជំហរប្ដឹងលែងភិន សុដាលីស នោះទេ ទើបធ្វើឲ្យការសម្រុះសម្រួលរបស់តុលាការបរាជ័យ។ ក្នុងនោះភាគីនាងភិន សុដាលីស ក៏បានបង្ហើបប្រាប់ផងដែរថានាងសុំលែងដូចគ្នា ទើបតម្រូវឲ្យតុលាការត្រូវបន្តនីតិវិធី។

ប្រភពចេញពីសាលាដំបូងសុំមិនបញ្ចេញឈ្មោះបានអះអាងថាការសម្រុះសម្រួលរបស់ចៅក្រមសាលាដំបូងលោក ពេជ្រ វិជ្ជាធរ មិនបានទទួលជោគជ័យនោះទេ ដោយសារតែភាគីលោកប៉ែន ចំរ៉ុង ដែលអមដោយមេធាវីទៅជាមួយ បានប្រកាន់ជំហរមិនដកពាក្យបណ្ដឹងនិងមិនទទួលយកការសម្រុះសម្រួល ខណៈដែលភាគីខាងដាលីសក៏ទទូចសុំឲ្យកាត់ក្ដីដូចគ្នា។ ប្រភពនោះបង្ហើបថា៖ “បណ្ដឹងហ្នឹងតុលាការព្យាយាមសម្រុះសម្រួល តែចំរ៉ុងដាច់ខាតត្រូវតែលែង ទើបនីតិវិធីរបស់តុលាការអត់ទាន់ចប់ ហើយការកោះហៅលើកទី២ក៏មិនជាយូរអីដែររឿងពីរនាក់ហ្នឹង!”។

លោក សួស វីឡាវ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញរាល់ករណីបណ្ដឹងពាក់ព័ន្ធនឹងរដ្ឋប្បវេណី បដិសេធបញ្ជាប់ប្រាប់ពីជំហររបស់លោកប៉ែន ចំរ៉ុង និងភិន សុដាលីស ក្នុងពេលចូលបំភ្លឺដែលបានធ្វើឡើង។ លោកនិយាយថា៖ “មិនមែនខ្ញុំមិនចង់ប្រាប់ទេ ប៉ុន្តែដោយសាររឿងហ្នឹងគឺជាសិទ្ធិបុគ្គល ចឹងទាល់តែលោក ប៉ែន ចំរ៉ុង ឬដាលីសទើបអាចឆ្លើយបាន ប៉ុន្តែក្រោយចេញពីបំភ្លឺខ្ញុំឃើញប៉ែន ចំរ៉ុង គាត់និយាយហើយតើថាទុកអោយតុលាការបន្តនិតិវិធី ចឹងរឿងហ្នឹងវាអត់ទាន់ចប់ទេ!”។

លោកសួស វីឡាវ៉ាន់ឌី បានពន្យល់ពាក់ព័ន្ធនឹងលក្ខណៈផ្លូវច្បាប់ថាពាក្យថាតុលាការបន្តនីតិវិធី គឺបណ្ដាលមកពីភាគីដើមបណ្ដឹង និងចុងបណ្ដឹងមិនព្រមទទួលយកការសម្រុះសម្រួលគ្នានោះហើយ។ លោកថាករណីប្ដីប្រពន្ធប្ដឹងលេងគ្នា តុលាការចាំបាច់កោះហៅសម្រុះសម្រួល៣ដង បើដើមបណ្ដឹងគាត់នៅតែទាមទាមតាមការស្នើសុំក្នុងបណ្ដឹង នោះតុលាការនឹងបន្តនីតិវិធី។

លោក ប៉ែន ចំរ៉ុង ក៏បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយខ្លី ក្រោយពីចាកចេញពីសាលាដំបូងដែរថារឿងរ៉ាវរបស់លោកនិងភរិយា មិនទាន់បញ្ចប់។ លោកនិយាយថា៖ “ពេលនេះខ្ញុំមិនទាន់ចង់បកស្រាយទេ គឺទុកឲ្យតុលាការបន្តនិតិវិធីរបស់គាត់ ព្រោះការពិតគឺនៅតែការពិត”។ លោកបានបដិសេធមិននអត្ថាធិប្បាយថាមូលហេតុអ្វីទើបលោកសម្រេចចិត្តប្តឹងលែងលះដាលីសនោះទេ។

ភិន សុដាលីសនិងប៉ែន ចំរ៉ុង កាលពីកន្លងទៅ
ភិន សុដាលីសនិងប៉ែន ចំរ៉ុង កាលពីកន្លងទៅ

លោក អ៊ិន សុភិន ឪពុករបស់ភិន សុដាលីស ធ្លាប់បានបញ្ជាក់ថាកូនស្រីរបស់ខ្លួនឈប់ស្រឡាញ់ និងអស់ចិត្តលោកប៉ែន ចំរ៉ុង ហើយ ដោយលោកបញ្ជាក់ជំនួសថារូបនាងក៏ពិតជាទាមទារចង់លែងដូចគ្នាផងដែរ នៅពេលរឿងរ៉ាវឈានដល់ចំណុចនេះ។ លោកថាភិន សុដាលីស ពរពោះជិត៤ខែ ប៉ុន្តែនាងនៅតែរឹងមាំដដែលទេ។

វីអូឌីមិនអាចសុំការបំភ្លឺពី ភិន សុដាលីស បាននៅឡើយទេ ប៉ុន្តែនាងបានប្រើបណ្ដាញហ្វេសប៊ុកបង្ហាញភាពរឹងប៉ឹងសម្រាប់ការប្រឈមក្នុងបណ្ដឹងលែងលះរបស់ប៉ែន ចំរ៉ុង។ នាងក៏បានបង្ហាញពីអារម្មណ៍ឈឺចាប់អាណិតដល់កូនក្នុងផ្ទៃ ដែលបានមកប្រឈមនឹងរឿងបែកបាក់រវាងនាង និងស្វាមីផងដែរ។

ប្រភពពីខាងតុលាការបានបង្ហើបថា លោកប៉ែន ចំរ៉ុង ប្រកាន់ជំហរលែងលះជាមួយភិន សុដាលីស ហើយភិន សុដាលីស ក៏បានបញ្ជាក់ថាចង់លែងលោកប៉ែន ចំរ៉ុងដូចគ្នា ដោយមានការព្យាករណ៍ថាការសម្រុះសម្រួលរបស់តុលាការលើកទី២ក៏ទំនងជាត្រូវបរាជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ