នាយករដ្ឋមន្ត្រីបញ្ជាឲ្យក្រសួងសហការជាមួយសហគមន៍ការពារព្រៃឈើទប់ស្កាត់បទល្មើស

ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធ បន្តទប់ស្កាត់ បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធិភាព ដោយបញ្ជាឲ្យសហការជាមួយសហគមន៍ការពារព្រៃឈើ នៅថ្នាក់មូលដ្ឋាន ខណៈសមត្ថកិច្ចបើកប្រតិបត្តិការ មួយរយៈនេះ រឹបអូសបានឈើ ល្មើសច្បាប់៧ម៉ឺនម៉ែត្រគូប។

ក្នុងពិធីបិទសន្និបាទបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១២ខែឧសភាម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វិធានការទប់ស្កាត់ ការដឹកជញ្ជូនឈើមូល ចេញទៅក្រៅប្រទេស ដែលលោកថា បានដាក់ចេញកាលពីជិត២០ឆ្នាំមុនមានប្រសិទ្ធិភាព។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថា វិធានការទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើ និងបទល្មើសព្រៃឈើ ផ្សេងទៀតលោកថាហាក់មិនទាន់មានប្រសិទ្ធិភាពនៅឡើយ។

លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួងពាក់ព័ន្ធ មានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមក្រសួងបរិស្ថាន ត្រូវសហការជាមួយ សហគមន៍ការពារព្រៃឈើ ដូចជានៅតំបន់ព្រៃឡង់ជាដើម ដែលលោកថា នោះទើបអាចបង្កើនការទប់ស្កាត់បទល្មើនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។

លោកថា៖បំរាមនៃការកាប់ឈើហ៊ុបនាំចេញ ត្រូវបានអនុវត្តតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ។

ប៉ុន្តែការកាប់ឈើទន្ទ្រានយកដី ការលួចកាប់ឈើនៅតែបន្តកើតមាន នេះយើងត្រូវទទួលស្គាល់ ជាក់ស្តែងយើងកំពុងមានឈើល្មើសច្បាប់ក្នុងដៃ៧ម៉ឺនម៉ែត្រគូប មិនដឹងកាប់ពីត្រង់ណា ។អញ្ចឹងទេសមត្ថកិច្ចយើងតែមួយមុខ វាអត់គ្រប់ទេ អញ្ចឹងអំពាវនាវគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមការពារព្រៃឈើ។

អញ្ចឹងកុំមើលគ្នាជាសត្រូវ រវាងអ្នកការពារព្រៃឈើ និងរដ្ឋបាលដែលទទួលបន្ទុកការពារធនធានធម្មជាតិ ត្រូវមើលគ្នាក្នុងភាពជាដៃគូ ដើម្បីការពារធនធានធម្មជាតិរបស់យើង។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យមន្ត្រីទាំងនោះ ត្រូវសហការផ្តល់ទាំងកម្លាំងការពារ និងសម្ភារៈ ដល់សហគមន៍ នៅពេលដែលពួកគេ ចុះល្បាតព្រៃ ទប់ស្កាត់បទល្មើស ដែលលោកគិតថា ជាការជំរុញនៃការលើកទឹកចិត្តផង និងបង្ហាញពីកិច្ចសហការល្អរួមគ្នា ទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធិភាពផង។

លោកថា៖នៅក្នុងតំបន់ព្រៃការពារ ដែលគាត់ថា ជាបណ្តាញការពារព្រៃឡង់ ជាសហគមន៍ការពារព្រៃនេះ ព្រៃនោះ ជួនកាលយើងជួយគាត់ ទាំងអាអាវភ្លៀង គាត់ដើតត្រុកក្នុងព្រៃ ជួនកាលជួយអាវភ្លៀង ពេលខែរងារ ជួយអាវរងារ ឲ្យគាត់ គាត់ទៅជួយការពារព្រៃតើ? ការពារឈើដែលយើងចង់ការពារតើ ។

ដូច្នេះចាប់ពីពេលនេះតទៅ មិនគាប់បីមើលគ្នាជាសត្រូវ រវាងយើង (និង) ប្រជាពលរដ្ឋ ឬព្រះសង្ឃ ដែលចង់ចូលរួមការពារព្រៃឈើទេ។

ហើយអង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ ឬសហគមន៍ ក៏មិនត្រូវមើលមកភ្នាក់ងារ របស់រដ្ឋាភិបាល ថាសុទ្ធតែជាចោរលួចកាប់ឈើនោះទេ?អញ្ចឹងបើដៃគូទាំងពីរ សហការគ្នា អាពួកលួចកាប់ឈើក៏វាពិបាកលួចកាប់ឈើ ក៏ពិបាកស្ទុះដែរ ព្រោះមនុស្សច្រើនណាស់។

ជាងនេះទៅទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ ប្រជាសហគមន៍ រាយការណ៍មករាជរដ្ឋាភិបាលជាបន្ទាន់ ដោយលោកថា ប្រសិនបើឃើញមានជនល្មើសព្រៃឈើ នៅតែបន្តកើតឡើង។

សកម្មជនការពារព្រៃឈើនៅតំបន់ព្រៃឡង់មួយរូប គឺលោក ហឿន សុភាព បានស្វាគមន៍ទៅនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រីនេះ ប៉ុន្តែលោកថា ត្រូវរងចាំមើលតើការអនុវត្តន៍ មានប្រសិទ្ធិភាពកម្រិតណា ដើម្បីធានាថា សកម្មជនការពារព្រៃឈើពួកគាត់ មិនត្រូវអាជ្ញាធរចាប់ឃាត់ខ្លួន ឬបាញ់សម្លាប់ដូចពេលមុនៗនោះ។

លោកថា៖ពីដើមយើងធ្វើមានតែការគំរាមកំហែង ប៉ុន្តែបើរដ្ឋាភិបាលប្រកាសទទួលស្គាល់ក្រុមពួកខ្ញុំថា ជាអ្នកបានលះបង់ច្ឆន្ទៈ ឬក៏ពលីជីវិតខ្លះៗនោះ ដែលគាត់បានធ្វើកន្លងមកហ្នឹង (ទោះបីរដ្ឋាភិបាល) មិនមានអ្វីជាលើកទឹកចិត្តឬជាការអបអរ របស់រដ្ឋាភិបាលទេ ប៉ុន្តែយើងមានសេក្តីត្រេចអណាស់ដែរ នូវចំណាត់ការ នូវប្រសាសន៍ របស់នាយករដ្ឋមន្ត្រី ដែលមានប្រសាសន៍ល្អៗសម្រាប់សហគន៍ព្រៃឈើយើង។

ប្រធានអង្គការការពារបរិស្ថានដ៏ល្បីឈ្មោះមួយរូបគឺលោក ឈុត វុទ្ធី ត្រូវគេបាញ់សម្លាប់នៅស្រុកមណ្ឌលសីមាខេត្តកោះកុង កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២ ខណៈដែលលោកចុះថតរូបភាព គំនរឈើមួយកន្លែងនៅក្រុមហ៊ុនមួយក្នុងខេត្តនេះ ដែលសកម្មជនរូបនេះគិតថាមានបទល្មើសព្រៃឈើជាប្រព័ន្ធនៅតំបន់នោះ។

ដោយឡែក ភាពយន្តឯកសារ ដែលនិយាយពីសកម្មភាព របស់លោក ឈុត វុទ្ធី ទប់ស្កាត់ បទល្មើសព្រៃឈើ ក៏ត្រូវបាន អាជ្ញាធរ និងក្រសួងវប្បធម៌ ហាមចាក់បញ្ជាំង តាមផ្ទះ ក្នុងរាជធានីភ្នំពេញ នៅគម្រប់៤ឆ្នាំនាពេលថ្មីៗនេះ។

ប៉ុន្តែទោះជាយ៉ាងណា ពេលនេះរដ្ឋាភិបាល បានប្រកាសដក តំបន់ព្រៃចំនួន១៨កន្លែង មានផ្ទៃដីសរុបជាង ២៦ម៉ឺនហិកតា(២៦៧៤៥០៣) ដូចជាព្រៃនៅតំបន់ក្រវាញខាងត្បូង ក្នុងខេត្តពោធិ៍សាត់ ព្រៃព្រះរការក្នុងខេត្តព្រះវិហារ និងព្រៃនៅតំបន់មួយចំនួនទៀត រួមទាំងតំបន់ព្រៃឡង់ផង ធ្វើជាតំបន់អភិរក្សវិញ។

ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះដែរ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធ ដកយកព្រៃសម្បទានមួយចំនួនទៀត ពីក្រុមហ៊ុនមកធ្វើជាតំបន់ការពារបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ