ធី សុវណ្ណថា ប្រកាសរកសំឡេងគាំទ្រឲ្យ លោក កឹម សុខា ចុះពីដំណែង

កញ្ញា ធី សុវណ្ណថា ដែលអះអាងថាខ្លួនជាយុវតីគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះបានប្រកាសថាខ្លួននឹងប្រមូលស្នាមមេដៃពីអ្នកគាំទ្រគណបក្សប្រឆាំងឲ្យបាន១លាននាក់ដើម្បីទាមទារឲ្យលោក កឹម សុខា ចុះចេញពីដំណែងដែលមានក្នុងបក្ស។

កញ្ញា ធី សុវណ្ណថា នៅរសៀលនេះបានអញ្ជើញតំណាងគណបក្សនយោបាយចំនួន៣ និងបុគ្គលបួនរូបផ្សេងទៀតដែលមានទាំងលោក ស្រី ចំរើនដែលថាខ្លួនជាតំណាងយុវជន និងកសិករ ឲ្យចូលរួមកម្មវិធីពិភាក្សាថាតើលោក កឹម សុខា គួរចុះចេញពីដំណែងអនុប្រធានគណបក្សសង្គ្រោះជាតិឬទេ។

ក្នុងកម្មវិធីដែលមានអ្នកចូលរួមស្តាប់ប្រមាណជា១០០នាក់ កញ្ញា ធី សុវណ្ណថា ប្រកាសថា ខ្លួនក្នុងនាមជាយុវជនគាំទ្រគណបក្សសង្គ្រោះជាតិនឹងបើកយុទ្ធនាការរកសំឡេងគាំទ្រពីអ្នកគាំទ្រគណបក្សនេះឲ្យបាន១លានសំឡេងដើម្បីស្នើទៅបក្សនេះឲ្យដកលោក កឹម សុខា ចេញពីដំណែង។ កញ្ញាក៏បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឈប់គាំទ្របក្សមួយនេះ បើគណបក្សនេះនៅតែមានលោក កឹម សុខា ជាអ្នកដឹកនាំ។

កញ្ញាបន្ថែមថា៖ “អ៊ីចឹងដរាបណាគណបក្សសង្គ្រោះជាតិនៅតែបន្តឲ្យលោក កឹម សុខា ជាថ្នាក់ដឹកនាំគណបក្សដដែល ខ្ញុំសូមស្នើឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនកុំបោះឆ្នោតឲ្យគណបក្សបន្តអី បើគណបក្សសង្គ្រោះជាតិ គឺគាត់ដកលោក កឹម សុខា ចេញគឺយើងនៅតែបន្តគាំទ្រ និងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិដដែល”

ទោះយ៉ាងណា កញ្ញា ធី សុវណ្ណថា មិនទាន់កំណត់កាលបរិច្ឆេតចុះប្រមូលស្នាមមេដៃនេះច្បាស់លាស់នៅឡើយទេ ដោយថារង់ចាំពិភាក្សាជាមួយអ្នកដែលនាងអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះជាមុនសិន។

ក្នុងកិច្ចពិភាក្សានេះដែរ តំណាងគណបក្សមហាសាមគ្គីជាតិខ្មែរ លោក ញ៉ែម វណ្ណថន តំណាងគណបក្សខ្មែរដើម្បីខ្មែរ លោកស្រី ឃី ប៉េងលី និងតំណាងគណបក្សកម្ពុជាសេរីភាព អ្នកអង្គ ស៊ីសុវត្ថិ ចក្រីនុពល បានឯកភាពថា លោក កឹម សុខា គួរតែលាលែងពីដំណែង និងពីជីវិតនយោបាយ។ អ្នកទាំងបីលើកឡើងប្រហាក់ប្រហែលគ្នាថា លោក កឹម សុខា បានធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ និងជាមនុស្សគ្មានការទទួលខុសត្រូវចំពោះអ្វីដែលគេចោទលោកថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

តំណាងគណបក្សមហាសាមគ្គីជាតិខ្មែរ លោក ញ៉ែម វណ្ណថន បន្ថែមថាក្នុងនាមជាបុគ្គលសាធារណៈ លោក កឹម សុខា គួរចេញបកស្រាយលើរឿងដែលគេកំពុងចោទប្រកាន់ថាមានស្នេហាលួចលាក់នេះ និងសុំទោសចំពោះអ្នកគាំទ្ររបស់ខ្លួន។

លោកបន្ថែមថា៖ “តើលោក កឹម សុខា គួរតែត្រូវធ្វើការសុំអភ័យទោសចំពោះសមាជិសមាជិកា របស់គណបក្សCNRP ឬសុំលាលែងលែងពីដំណែងរបស់ខ្លួនឬទេ សំណួរខ្ញុំសួរចុងក្រោយនេះ ស្របជាមួយនឹងគណបក្សរបស់យើងដែលមានក្រមចរិយាធម៌ ខ្ញុំយល់ឃើញថា តំណាងឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ គឺលោក កឹម សុខា គួរតែបង្ហាញនូវវីរៈភាពសុំលាលែង”

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើងនេះ។

ដោយឡែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា នេះគ្រាន់តែជាល្ខោនដែលគេសម្តែងឡើងប៉ុណ្ណោះ ហើយលោកថា ល្ខោននេះបានត្រឹមតែធ្វើឲ្យអ្នកនយោបាយខ្មែរបែកបាក់គ្នាតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ “ក៏ប៉ុន្តែអ្នកតែងល្ខោននេះគួរតែពិចារណាផងដែរថាល្ខោនដែលខ្លួនឯងយកមកសម្តែងហ្នឹងមានប្រយោជន៍ដល់ជាតិដែរ ឬអត់ ហើយវាជួយឲ្យមានឯកភាពជាតិក្នុងចំណោមអ្នកដឹកនាំខ្មែរឬអត់ ហើយបើនៅតែធ្វើឲ្យអ្នកដឹកនាំខ្មែរបែកបាក់ ហើយគុំគួនគ្នាមួយជីវិតដូច្នេះ មានន័យថាយើងចង់បំផ្លាញជាតិរបស់យើង មិនមែននៅថ្ងៃនេះទេ តែទៅថ្ងៃក្រោយ អ្នកជិតខាងគេមើលងាយយើងរហូតនៅពេលអ្នកដឹកនាំយើងអត់ត្រូវគ្នាណា”

លោក កឹម សុខា កាលពីថ្ងៃពុធ បានថ្លែងទំាងមិនបញ្ចេញឈ្មោះ ទំនងជាសំដៅទៅបក្សកាន់អំណាច ថាគេបានចំណាយធនធានជាតិជាជ្រើន ដើម្បីបើកកាយរឿងឯកជន របស់លោក ដោយលោកអះអាងថា ដោយសាតែលោកធ្វើនយោបាយដើម្បីជាតិ។

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមួយចំនួនកំពុងជាប់បណ្តឹងនៅតុលាការទាំងលោក កឹម សុខា លោក សម រង្ស៊ី និងតំណាងរាស្រ្តពីរទៀត។ ចំណែកសកម្មជន គណបក្សនេះមួយចំនួនក៏កំពុងជាប់ពន្ធនាគារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ