នាយករដ្ឋមន្រ្តីការពារ​ហេតុ​ផល​ធ្វើចំណារលើ​ព្រះរាជសាររបស់ព្រះមហាក្សត្រ​

ព្រះរាជសាររបស់ព្រះមហាក្សត្រដែលត្រូវបាននាយករដ្ឋមន្រ្តីចារពីលើ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានថ្លែងថាចំណាររបស់លោកលើព្រះរាជសាររបស់ព្រះមហាក្សត្រជាបែបបទការងាររបស់លោក ហើយលោកថាមិនមានច្បាប់ណាចែងមិនឲ្យចារលើព្រះរាជសាររបស់ព្រះមហាក្សត្រនោះទេ។

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ព្រះមហាក្សត្របានផ្ញើព្រះរាជសារមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីរឿងទទួលញត្តិនិងស្នាមមេដៃរបស់ពលរដ្ឋដែលសុំឲ្យមានព្រះរាជអន្តរាគមន៍លើស្ថានការណ៍នយោបាយបច្ចុប្បន្ន។ លោកបានចារលើព្រះរាជសារនោះចំនួនពីរកន្លែងគឺនៅខាងក្រោមនិងខាងលើ ដោយបញ្ជាឲ្យក្រសួងមហាផ្ទៃស្រាវជ្រាវលើស្នាមមេដៃទាំងនេះ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាការចារលើព្រះរាជសារជារឿងធម្មតារបស់លោក ដោយលោកបញ្ជាក់ថានេះជារបៀបការងាររបស់លោកតែប៉ុណ្ណោះ។ លោកថាបើចង់កុំឲ្យលោកចារលើព្រះរាជសារ គួរតែមានច្បាប់ចែងលើបញ្ហានេះ។ លោកបញ្ជាក់ថា៖ “ខ្ញុំត្រូវចារលើអាហ្នឹង ព្រោះរបៀបធ្វើការរបស់ខ្ញុំគឺខុស(ពីគេ)។ ព្រះមហាក្សត្រព្រះអង្គមិនបានហាមឃាត់មិនឲ្យខ្ញុំមានចំណារលើព្រះរាជសាររបស់ព្រះអង្គណា ព្រះអង្គសរសេរឲ្យខ្ញុំតើ អញ្ចឹងខ្ញុំចារលើហ្នឹង…គេថាត្រូវយកក្រដាសមួយទៀតដើម្បីសរសេរ ចុះបើសរសេរទៅ អាមួយទៅធ្វេង អាមួយទៅស្តាំ វាមិនបែកគ្នា អាបែកហ្នឹងហើយដែលគ្រោះថ្នាក់”។ លោកបន្ថែមថា៖ “ខ្ញុំចារលើព្រះរាជសារព្រះមហាក្សត្រមានអីខុស អាឡូវបើចង់ថាខុសឬត្រូវ ទៅសួរព្រះមហាក្សត្រទៅ បើព្រះមហាក្សត្រ(ថាខុស)ដាក់ច្បាប់មួយទៅ ហាមឃាត់ការធ្វើចំណារណាមួយលើព្រះរាជសារព្រះមហាក្សត្រ ហាមឃាត់ការយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រដាក់ក្នុងខោប៉ាវខោ ធ្វើច្បាប់ហ្នឹងទៅ បានសេចក្តីត្រូវបោះលុយឡើងវិញទាំងអស់”

លោក ហ៊ុន សែន បញ្ជាក់ថា៖ ”តើនេះជាទោសប្រមាថព្រះមហាក្សត្រទេ”? លោកក៏បានវាយបកលើសមាជិកបក្សប្រឆាំងដែលរិះគន់លោកលើការចែងលើព្រះរាជសារនេះ។ លោកថាបក្សប្រឆាំងតែតែងរករឿងលោកជាបន្តបន្ទាប់។

ព្រះរាជសាររបស់ព្រះមហាក្សត្រដែលផ្ញើទៅព្រះមហាក្សត្រមានខ្លឹមសារ៖ “ខ្ញុំបានទទួលលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ព្រមទាំងឯកសារញត្តិរបស់ប្រជាពលរដ្ឋដែលមានស្នាមមេដៃប្រមាណ១៧៣១៤៤នាក់ដែលបានទូលស្នើសូមព្រះរាជអន្តរាគមន៍អំពីខ្ញុំ។ ខ្ញុំសូមផ្ញើសំណុំលិខិតនេះជូនសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ”។

នាយករដ្ឋមន្រ្តីបានបញ្ចេញព្រះរាជសាររបស់ព្រះមហាក្សត្រ ក្រោយពេលមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងអតីតព្រះរាជលេខាផ្ទាល់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលប្រាប់វិទ្យុអាស៊ីសេរីថាបញ្ជារបស់រដ្ឋាភិបាលឲ្យធ្វើកោសល្យវិច័យស្នាមមេដៃអ្នកគាំទ្របក្សប្រឆាំងបង្ហាញថារដ្ឋាភិបាលមានគម្រោងយកព្រះរាជសាររបស់ព្រះមហាក្សត្រធ្វើជាឈ្នាន់ដើម្បីដាក់សម្ពាធលើគណបក្សប្រឆាំង។

នៅពេលព្រះរាជសាររបស់ព្រះមហាក្សត្រត្រូវបានចែករំលែកតាមហ្វេសប៊ុក តំណាងរាស្រ្តបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “នាយករដ្ឋមន្ត្រីធ្វើចំណារលើលិខិតរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីឬរបស់ស្ថាប័នផ្សេងទៀតដែលមានឋានានុក្រមស្មើឬទាបជាងខ្ញុំ មិនចាប់អារម្មណ៍ឡើយ តែខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលឃើញចំណារនាយករដ្ឋមន្ត្រីនៅលើព្រះរាជសាររបស់ព្រះមហាក្សត្រ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ