លោក ហ៊ុន សែន ចង់​ឲ្យ​បក្ស​ប្រឆាំង​ប៉ះប៉ូវ ទើប​មាន​អន្តរាគមន៍​​ជួយមនុស្ស​ដែល​ជាប់ពន្ធនាគារ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ក្នុងពិធីចែកសញ្ញា​បត្រ​ដល់និស្សិត​នៃ​សាកលវិទ្យាល័យIIC នៅព្រឹកថ្ងៃទី ១២ខែឧសភា ឆ្នាំ​២០១៦(រូបថតពីហ្វេសប៊ុក​របស់នាយករដ្ឋមន្រ្តី)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថាលោកធ្លាប់បានត្រៀមខ្លួនចុះហត្ថលេខាដើម្បីជួយសម្រួលការសម្រាលទោសនិងការឲ្យនៅក្រៅឃុំរបស់មនុស្សមួយចំនួន ស្របពេលលោកប្រតិកម្មនឹងបក្សប្រឆាំង ករណីដែលលោកថាបក្សប្រឆាំងបានប្រមាថគ្រួសាររបស់លោកនិងរឿងរិះគន់ចំណាររបស់លោកលើព្រះរាជសារព្រះមហាក្សត្រ។

លោកនាយករដ្ឋមន្រ្តីមិនបានបញ្ចេញឈ្មោះអ្នកដែលលោកត្រៀមជួយសម្រាលទោសនិងឲ្យនៅក្រៅឃុំនោះទេ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងដោយមិនបញ្ចេញឈ្មោះថាមេដឹកនាំសង្រ្គោះជាតិនិងសកម្មជនរបស់បក្សបានចោទភរិយារប់លោកជាប្រពន្ធរបស់មេដឹកនាំវៀតណាមម្នាក់និងមានកូនប្រុសម្នាក់ គឺលោក ហ៊ុន ម៉ាណែត។ លោកថានេះជាការប្រមាថដែលមិនអាចអត់ឱនឲ្យបាននោះទេ។

លោក ហ៊ុន សែន បានថ្លែងថា៖ “ពីមុនខ្ញុំបានត្រៀមខ្លួនដើម្បីចុះហត្ថលេខាមួយចំនួន សម្រួលឲ្យបរិយាកាសខ្លះ អាខ្លះវាជាប់គុកតិចតួច អាខ្លះវាអាចសុំនៅក្រៅឃុំ សំឡេងខ្ញុំអាចសម្រួលខ្លះ ស្នើសុំទៅកាន់តុលាការដើម្បីសុំឲ្យនៅក្រៅឃុំ។ យើងសុំគេ មិនមែនបញ្ជាគេទេ”

លោក ហ៊ុន សែន ថាករណីនេះត្រូវមានការប៉ះប៉ូវមួយសម្រាប់រូបលោកនិងគ្រួសាររបស់លោក។ លោកមានប្រសាសន៍ថា៖ “អ្នកឯងត្រូវប៉ះប៉ូវតម្លៃដ៏ធំមួយឲ្យខ្ញុំ បើគ្មានការតបស្នងណាមួយ… អ្នកឯងកុំសង្ឃឹម អាណាជាប់គុក៣០ឆ្នាំ គឺ៣០ឆ្នាំ គ្មានត្រូវការបានការយោគយល់អីទេ”

លោក ហ៊ុន សែន ក៏បានលើកឡើងទៀតថាប្រសិនបើសាលក្រមចូលជាស្ថាពរ លោកអាចស្នើព្រះមហាក្សត្រដើម្បីសុំការព្រះរាជទានទោសផងដែរ។ លោកមានប្រសាសន៍ថា៖ “សាលក្រមចូលស្ថាពរខ្លះ ខ្ញុំអាចចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រដើម្បីធ្វើការលើកលើកលែងទោសតាមច្បាប់ពន្ធនាគារ។ នេះជាច្បាប់ដែលអាចអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីធ្វើសំណើថ្វាយព្រះមហាក្សត្រលើកលែងទោសពេលណាក៏បាន ប៉ុន្តែឥឡូវនេះ ខ្ញុំមិនបានត្រៀមខ្លួនធ្វើអ្វីទាំងអស់ ព្រោះក្រុមអ្នកឯងជាក្រុមតែមួយ”

ទោះជាយ៉ាងណា លោក ហ៊ុន សែន បាននិយាយថាការចរចាជាមួយគណបក្សសង្រ្គោះជាតិនឹងមិនមាននោះទេ ប្រសិនបើរបៀបវារៈនៃការចរចានោះទាក់ទងនឹងចំណាត់ការរបស់តុលាការ ដោយលោកព្រមានមិនអត់ឱននោះទេ ប្រសិនបើមានបាតុកម្ម។

អ្នកនាំពាក្យបក្សប្រឆាំង លោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សនឹងរកដំណោះស្រាយផ្សេងៗទៀត។ ទោះជាយ៉ាងណា លោកសង្ឃឹមថាការបើកផ្លូវចរចារឿងសមាជិកបក្សជាប់ពន្ធនាគារអាចនឹងមាននៅពេលខាងមុខ។

កាលពីថ្ងៃទី១២ ខែឧសភា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ច្រានចោលការចោទប្រកាន់មួយណាមួយដែលថាគណបក្សនេះបានប្រឌិតរឿងថាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីមិនមែនជាកូនបង្កើតរបស់លោក តែជាកូនរបស់មេដឹកនាំវៀតណាមម្នាក់ទៅវិញ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រមួយថាពួកប្រឆាំងបានប្រឌិតរឿងថាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹងនាំវៀតណាម។ លោកថ្លែងកាលនោះថា៖ “នេះជារឿងអាណោចអាធមប៉ុន្តែខ្ញុំអត់នឹកថាពួកប្រឆាំង អាចធ្វើអំពើថោកទាបបែបនេះ។ដូច្នេះខ្ញុំក៏ត្រូវប្រកាន់ឥរិយាបថមួយដូចខ្ញុំបាននិយាយហើយ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកសុខ ដែរ។ ថ្នាក់ដល់កម្រិតថា កូនរបស់ខ្ញុំនេះ ប្រពន្ធខ្ញុំជាប្រពន្ធរបស់មេដឹកនាំ វៀតណាម ណាមួយនោះ។ រួចហើយបានកូន ហ៊ុន ម៉ាណែតនេះ យកទៅឲ្យ សុខ អាន ចិញ្ចឹម។ គេអាចមួលបង្កាច់បែបនេះទៅរួច”

គួរបញ្ជាក់ថាកន្លងមកនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការលើកឡើងថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់មន្ត្រីយោធាជាន់ខ្ពស់របស់វៀតណាម គឺលោក ឡេដឹកថូ។ ដោយសារតែមានការលើកឡើងនេះ លោកនាយករដ្ឋមន្ត្រីថា កូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទាមទារឲ្យមានការពិនិត្យលើDNA ដើម្បីបញ្ជាក់ការពិតផងដែរ តែលោកថា លោកមិនឲ្យកូនប្រុសរវល់ជាមួយរឿងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ