បក្ស​ប្រឆាំង​ប្រមូលស្នាម​មេដៃបាន​ជាង២៣ម៉ឺនសម្រាប់ថ្វាយព្រះ​មហាក្សត្រជាលើកទី២

ញត្តិរបស់គណបក្ស​សង្រ្គោះជាតិ​ ពេល​ដង្ហែទៅ​ថ្វាយព្រះមហាក្សត្រ​​កាល​ពីពេល​កន្លងទៅ

គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃចន្ទនេះបានទទួលស្នាមមេដៃជាង២៣ម៉ឺនពីតំណាងប្រជាពលរដ្ឋមកពីបណ្តារាជធានី-ខេត្តទាំង២៥ ដែលស្នាមមេដៃទាំងនេះត្រូវគណបក្សថាសម្រាប់ដាក់ជាញត្តិថ្វាយព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះថាតំណាងប្រជាពលរដ្ឋមកពី២៥រាជធានី-ខេត្ត បាននាំយកញត្តិដែលមានស្នាមមេដៃប្រជាពលរដ្ឋជាង២៣ម៉ឺននាក់មកប្រគល់ជូនតំណាងរាស្រ្តនៅស្នាក់ការបក្សចាក់អង្រែលើនៅព្រឹកនេះ។ លោកសរសេរទៀតថាញត្តិដែលមានស្នាមមេដៃប្រជាពលរដ្ឋនេះសម្រាប់ដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ជួយឲ្យមានការគោរពសិទ្ធិប្រជាពលរដ្ឋ អភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តនិងថាឲ្យបញ្ឈប់ការរុកគួនតាមផ្លូវតុលាការ និងទម្លាក់ការចោទប្រកាន់ដល់សកម្មជន ថ្នាក់ដឹកនាំគណបក្សនយោបាយ មន្រ្តីអង្គការសង្គមស៊ីវិលនិងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក យឹម សុវណ្ណ សរសេរទៀតថាគណបក្សសង្គ្រោះជាតិចង់ដោះស្រាយបញ្ហានយោបាយនិងបញ្ហាជាតិ ដោយអហិង្សា ដោយថាប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា។ លោកបន្តថាគណបក្សនេះចង់ឃើញស្ថានការណ៍នយោបាយវិលទៅរកសភាពធម្មតាវិញ ដោយថាដើម្បីធានាឲ្យការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ ប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។

លោក យឹម សុវណ្ណ បានប្រាប់វីអូឌីបន្ថែមតាមទូរស័ព្ទថាគណបក្សនៅមិនទាន់កំណត់ពេលជាក់លាក់ណាមួយសម្រាប់យកញត្តិដែលមានស្នាមមេដៃជាង២៣ម៉ឺននេះទៅថ្វាយព្រះមហាក្សត្រនៅឡើយ។ លោកឲ្យដឹងដែរថាគណបក្សមិនមានការបារម្ភចំពោះការធ្វើកោសលវិច្ច័យលើស្នាមមេដៃនេះពីសំណាក់ក្រសួងមហាផ្ទៃនោះដែរ ដោយលោកថាស្នាមមេដៃទាំងនេះជាស្នាមមេដៃពិតប្រាកដរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្តិតសម្រាប់ថ្វាយព្រះមហាក្សត្រ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ដែលធ្វើឡើងនៅកោះពេជ្រ នៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានថ្លែងលោកមិនបានចោទថាស្នាមមេដៃទាំងនោះជាស្នាមមេដៃក្លែងក្លាយនោះទេ តែលោកថាចង់ឲ្យមានការស្រាវជ្រាវថាតើស្នាមមេដៃទាំងនោះពិតឬមិនពិត ដោយលោកថាកន្លងទៅមានការក្លែងបន្លំមេដៃជាបន្តបន្ទាប់។

គួរបញ្ជាក់ថាក្នុងដំណើការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនេះ មន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិមួយចំនួនត្រូវបានអាជ្ញាធរឃាត់ខ្លួននិងបានឲ្យចុះកិច្ចសន្យាបញ្ឈប់ការដើរប្រមូលស្នាមមេដៃនេះហើយពួកគេត្រូវបានដោះលែវវិញនៅថ្ងៃដដែល។

គួររំឭកថាកាលពីថ្ងៃទី៣០ ខែឧសភា តំណាងរាស្រ្តគណបក្សប្រឆាំងបានហែរញត្តិដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នានេះថ្វាយព្រះមហាក្សត្រម្តងរួចមកហើយ ដោយក្នុងញត្តិនោះមានស្នាមមេដៃប្រជាពលរដ្ឋជាង១៧ម៉ឺននាក់។ ទោះយ៉ាងណា ក្រោយការថ្វាយញត្តិនេះ មានលេចឭព័ត៌មានទាក់ទងនឹងភាពមិនប្រក្រតីចំពោះការប្រមូលស្នាមមេដៃនិងនៅមួយថ្ងៃបន្ទាប់ពីថ្ងៃដាក់ញត្តិ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរកម្ចាស់ស្នាមមេដៃដោយផ្ទាល់និងថាធ្វើកោសលវិច្ច័យទៅលើស្នាមមេដៃទាំង១៧៣១៤៤នាក់ តាមបញ្ជារបស់នាយករដ្ឋមន្រ្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ