វិភាគ៖ អ្វីជាមូលហេតុជំរុញឲ្យតំណាងរាស្ត្រ ខ្វែងគំនិតគ្នាលើខ្លឹមសារដ្ឋធម្មនុញ្ញករណីអភ័យឯកសិទ្ធិសភា?

កាលពីបោះឆ្នោតអាណត្តិទី៤ឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជាទទួលបាន៩០អាសនៈក្នុងចំណោមអាសនៈសរុប១២៣ ក្នុងសភា។

ចំនួននេះគណបក្សប្រជាជនកម្ពុជាអាចដកអភ័យឯកសិទ្ធិតំណាងរាស្ត្រផ្សេងទៀតឲ្យតុលាការចាត់វិធានការបានតាមរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០ដែលចែងពីការការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។

មាត្រានោះអនុញ្ញាតឲ្យរដ្ឋសភាអាចព្យួរឬដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រណាម្នាក់បានដោយត្រូវការសំឡេងច្រើនបំផុតគឺ២/៣ស្មើនឹង៨២។

កាលពីអាណត្តិទី៤នោះតំណាងរាស្ត្របក្សប្រឆាំងពីររូបគឺលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ត្រូវបានតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដកអភ័យឯកសិទ្ធិតាមមាត្រា៨០នេះ បើកផ្លូវឲ្យតុលាការចាត់វិធានការនៅពេលដែលលោក សម រង្ស៊ី ដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងលោកស្រី មូរ សុខហួរ មានរឿងក្តីក្តាំជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសំណុំរឿងបរិហាកេរ្តិ៍។

ប៉ុន្តែក្រោយការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតបានគ្រប់គ្រងអំណាចបន្តទៀតតែគណបក្សនេះបានបាត់បង់អាសនៈអស់ចំនួន២២នៅសល់តែ៦៨អាសនៈក្នុងសភា មិនគ្រប់២/៣សម្រាប់ដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្របក្សប្រឆាំងដូចពេលមុនៗតាមមាត្រា៨០នោះទេ។

ប៉ុន្តែនៅចុងឆ្នាំ២០១៥និងពាក់កណ្តាលឆ្នាំ២០១៦នេះតុលាការនៅតែសម្រេចឲ្យឃុំខ្លួនតំណាងរាស្ត្របក្សប្រឆាំងទាំងមានអភ័យឯកសិទ្ធិដូចជា លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ទាក់ទិននឹងការរិះគន់រដ្ឋាភិបាលរឿងបោះបង្គោលព្រំដែនជាមួយវៀតណាម។

ហើយនៅពេលនេះទៀត ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដែលសំឡេងមិនគ្រប់ពីរភាគបីនោះបានប្រកាសបើកផ្លូវឲ្យតុលាការអាចចាត់វិធានតាមចាប់ខ្លួនបានទាំងមានអភ័យឯកសិទ្ធិដែរ។

ករណីនេះធ្វើឲ្យតំណាងរាស្ត្របក្សប្រឆាំងប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំទប់ទល់នឹងស្ថានការណ៍នេះដោយអះអាងថា ការសម្រេចរបស់តំណាងរាស្ត្របក្សកាន់អំណាច ថាជាការរំលោភរដ្ឋធម្មនុញ្ញដែលបានការពារអភ័យឯកសិទ្ធិសភា។

តើអ្វីជាមូលហេតុជំរុញតំណាងរាស្ត្រដែលមានអាសនៈក្នុងសភាខ្វែងគំនិតគ្នាលើខ្លឹមសារដ្ឋធម្មនុញ្ញត្រង់មាត្រា៨០ ដែលបានអនុម័តជិត២៣ឆ្នាំមកនេះ?

អ្នកវិភាគនិងអ្នកឃ្លាំមើលបង្ហាញមូលហេតុផ្សេងៗគ្នាពីភាពចម្រូងចម្រាសនេះដោយអ្នកខ្លះអះអាងថាអាចមកពីគណបក្សកំពុងគ្រប់គ្រងអំណាចពេលនេះមានសមាជិកសភារបស់ខ្លួនមានតែ៦៨មិនគ្រប់២/៣តាមរដ្ឋធម្មនុញ្ញសម្រាប់ដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ និងមួយវិញទៀតអាចមកពីមន្ត្រីជាច្រើននៅក្នុងស្ថាប័នច្បាប់ជាមន្ត្រីរបស់គណបក្សគ្រប់គ្រងអំណាច។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅខុមហ្វ្រែលនិងជាអង្គការឃ្លាំមើលដំណើការសភា លោក គល់ បញ្ញា លើកឡើងថារដ្ឋធម្មនុញ្ញបានឲ្យអំណាចទៅសភាធំជាងរដ្ឋាភិបាលនិងតុលាការ ដោយលោកថាស្ថាប័នរដ្ឋសភានេះ ពលរដ្ឋអ្នកបោះឆ្នោតឲ្យដោយផ្ទាល់។

លោក គល់ បញ្ញា លើកឡើងទៀតថាដូច្នេះហើយបានជារដ្ឋធម្មនុញ្ញមាត្រា៨០បានចែងការពារពីភាពរឹងមាំរបស់អ្នកតំណាងរាស្ត្រមិនអាចឲ្យស្ថាប័នផ្សេងទៅរំលោភបំពានបាន ដើម្បីឲ្យតំណាងរាស្ត្រទាំងនោះបំពេញការងារបំរើប្រជាពលរដ្ឋ ដោយគ្មានការភ័យខ្លាចក្នុងសង្គមប្រជាធិបតេយ្យ។

ប៉ុន្តែលោក គល់ បញ្ញា កត់សម្គាល់ថាភាពចម្រូងចម្រាសនៃការបកស្រាយច្បាប់ឬការអនុវត្តច្បាប់នៅពេលនេះ លោកថា ដោយសារតែមន្ត្រីសំខាន់ៗដែលទទួលភារកិច្ចអនុវត្តច្បាប់ភាគច្រើនជាកម្លាំងស្នូលរបស់បក្សកាន់អំណាច លោកថាការបកស្រាយច្បាប់គឺព្យាយាមទាញយកផលប្រយោជន៍ឲ្យបក្សខ្លួន។

លោកថា៖ “សព្វថ្ងៃនេះសមាជិករបស់ស្ថាប័នធំៗដែលត្រូវការអនុវត្តច្បាប់និងបកស្រាយច្បាប់រដ្ឋធម្មនុញ្ញអីហ្នឹង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ហើយនឹងតុលាការអីហ្នឹងជាមន្ត្រីរបស់គណបក្សនយោបាយ ជាពិសេសគណបក្សកាន់អំណាច ។ អញ្ចឹងទៅការអនុវត្តច្បាប់ការបកស្រាយច្បាប់វាបង្កើតទៅជាបញ្ហាធ្វើឲ្យមានភាពលំអៀង[ទៅរក]ផលប្រយោជន៍ខាងនយោបាយ ធ្វើឲ្យច្របូកច្របល់ក្នុងការអនុវត្តច្បាប់ និងបកស្រាយច្បាប់ អញ្ចឹងទៅគេអត់ជំនឿៗ អញ្ចឹងហើយវាទៅជាបញ្ហានៅក្នុងប្រទេសយើងហ្នឹងឯង”។

បើតាមលោក គល់ បញ្ញា រដ្ឋសភាខ្មែរគួរសហការជាមួយប្រទេសប្រជាធិបតេយ្យមួយចំនួនស្វែងរកបទពិសោធន៍ ដើម្បីពង្រឹងឯករាជ្យភាព ជំរុញការអនុវត្តច្បាប់ឲ្យមានត្លាភាព ផ្តល់ទំនុកចិត្តដល់ពលរដ្ឋឡើងវិញ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងមតិយោបលឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។

មាត្រា៨០
មាត្រា៨០នៃរដ្ឋធម្មនុញ្ញ

ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះណាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។

ក្នុងករណីខាងក្រោមនេះក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។

មាត្រនោះចែងទៀតថាសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

នាយកប្រតិបត្តិអង្គការឃ្លាំមើលលើការបោះឆ្នោតហៅនិចហ្វិច លោក សំ គន្ធាមី លើកឡើងថារដ្ឋសភាជាស្ថាប័នកំពូលមួយ ជាអ្នកបង្កើតច្បាប់ផង ឃ្លាំមើលការអនុវត្តច្បាប់ផង។ លោកថាបើតំណាងរាស្ត្រចូលអង្គុយកៅអីសភាដើម្បីតែប្រយោជន៍បក្ស លោកថានាំឲ្យគ្រោះថ្នាក់នៃការពង្រឹងនីតិរដ្ឋ។

លោកថា៖ “កម្ពុជានឹងជួបការលំបាកហើយ សូម្បីតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិសភាផងនៅតែធ្វើការចោទប្រកាន់ចាប់ដាក់គុកបាន ចុះទម្រាំពលរដ្ឋសាមញ្ញទៀតតើគ្នានឹងភ័យយ៉ាងណា បើអ្នកដែលមានអភ័យឯកសិទ្ធិសភានូវរកការរំលោភច្បាប់រំលោភសិទ្ធិរបស់គាត់ផងអានេះហើយជាបញ្ហាដែលជាការភិតភ័យរបស់មហាជន”។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថាបើស្ថាប័នច្បាប់របស់កម្ពុជានៅតែធ្វើការមិនស៊ីសង្វាក់គ្នាដូចបច្ចុប្បន្ននេះ លោកថាជម្លោះផ្ទៃក្នុងនឹងនៅតែបន្តកើតឡើងរីឯផលចំណេញនឹងបានទៅប្រទេសជិតខាងដូចពីសម័យពីអតីតកាល។

លោកថា៖ “ក្រៅពីនេះយើងឃើញថាតួអង្គរដ្ឋបានន័យថាស្ថាប័នជាតិទាំងអស់នោះហាក់ដូចជាមិនផ្តោតយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍជាតិទេ ក៏ប៉ុន្តែបែរជាផ្តោតការយកចិត្តទុកដាក់ទៅលើការដាក់បន្ទុកឬក៏ធ្វើឲ្យស្ថានការណ៍នយោបាយហ្នឹងកាន់តែមានកម្តៅឡើងថែមទៀត ដូច្នេះយើងឃើញថានេះមិនមែនជាដំណោះស្រាយនាំឲ្យខ្មែរចំណេញទេបាទ”។

បើតាមអ្នកឃ្លាំមើលការបោះឆ្នោតនិងអ្នកវិភាគដរាបណាតំណាងរាស្រ្តដែលបានចូលអង្គុយក្នុងសភា គ្មានជំហច្បាប់លាស់ ក្នុងការពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាពប្រកបដោយតម្លាភាព វានឹងឲ្យពលរដ្ឋបាត់បង់ជំនឿលើប្រព័ន្ធច្បាប់បង្កការភ័យខ្លាចដល់អ្នកវិនិយោគនិងបង្កឲ្យមានអស្ថេរភាពសង្គមជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ