ពលរដ្ឋខេត្តកំពង់ស្ពឺរារាំងគ្រឿងចក្រមន្រ្តីយោធាម្នាក់មិនឲ្យឈូសឆាយព្រៃសហគមន៍

ពលរដ្ឋនៅឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺឲ្យដឹងថា ពួកគេប្រមាណ៥០នាក់នៅថ្ងៃនេះ នាំគ្នាចុះរារាំងគ្រឿងចក្ររបស់មន្រ្តីយោធាម្នាក់មិនឲ្យឈូសឆាយប៉ះពាល់ដីព្រៃសហគមន៍។

សហជិកសហគមន៍តំបន់ការពារធនធានធម្មជាតិឧត្តមស្រែខ្ពស់ លោក ឈន ធា ប្រាប់វីអូឌីថា មន្រ្តីយោធានៅកងពល ង៧០ ម្នាក់ឈ្មោះ អៀម ម៉ៅ បានដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិឧត្តមស្រែខ្ពស់ ដោយយោធារូបនោះអះអាងថាជាដីកម្មសិទ្ធិរបស់ខ្លួន។

លោក ឈន ធា ឲ្យដឹងថា ព្រៃសហគមន៍នោះពលរដ្ឋខំការពារតាំងពីឆ្នាំ២០០០មក និងកំពុងរៀបចំចុះបញ្ជីដោយមានការឯកភាពគ្នាពីអាជ្ញាធរមូលដ្ឋាន និងខេត្ត ប៉ុន្តែថ្មីៗនេះបែរជាមន្រ្តីយោធានៅកងពល ង៧០ លោក អៀម ម៉ៅ អះអាងថាជាដីកម្មសិទ្ធិរបស់ខ្លួនដោយថាមានប័ណ្ណកាន់កាប់ត្រឹមត្រូវ។

លោកបន្ថែមថា «ព្រៃហ្នឹងបានរៀបចំចុះវាស់វែងចេញជាលេខ ជី ភី អេះ ប្រគល់ជូនសហគមន៍ ហើយបានប្រជុំប្រកាសដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ទីបរិស្ថានខេត្ត ស្រុក គណៈកម្មការសហគមន៍ មេភូមិ និងលោកនាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់តាំងពីថ្ងៃទី២ខែមេសាឆ្នាំ២០១៣ដោយសហគមន៍មានព្រំប្រទល់ដីខាងជើងទល់អូរច្រកឈាម និងខាងលិចទល់នឹងដីក្រុមហ៊ុនអេច អិល អេច ប៉ុន្តែឥលូវហ្នឹងបែរជាក្លាយទៅដីទាហានៗយកធ្វើជាកម្មសិទ្ធិឯកជនទៅវិញ»។

សហជិកសហគមន៍ម្នាក់ទៀតលោក ម៉ុន អ៊ី បានដាក់ការសង្ស័យថា ករណីមន្រ្តីយោធាមានសិទ្ធិឈូសឆាយដីព្រៃសហគមន៍នេះអាចជាការឃុបឃិតគ្នា ឬការប្រព្រឹត្តអំពើពុករលួយរបស់ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន។

​លោកបន្តថា ពេលពលរដ្ឋតវ៉ាអាជ្ញាធរមិនដែលជួយខាងពលរដ្ឋនោះទេ គឺតែងតែជួយភាគីខាងទាហានទៅវិញ។

លោកបន្ថែមថា «ខ្ញុំគិចថាវាមានបញ្ហាពុករលួយនៅក្នុងហ្នឹងហើយ បើតាមព័ត៌មាន ដែលគេបង្ហើបពីអ្នកដែលនៅចាំដីហ្នឹងគាត់និយាយថា ទារហានមិនមែនមកទទេរទេគឺគេទិញ ប៉ុន្តែទិញហ្នឹងមិនដឹងទិញពីអ្នកណា គ្រាន់តែខ្ញុំមិនទាន់ដឹងព័ត៌មាននេះច្បាស់ការ តែបើតាមអ្នកចាំ ដីសួរឪពុកមាខាងកងទ័ពហ្នឹងថាគេទិញក្នុងតម្លៃជាងពីរម៉ឺនណោះ»។

វីអូឌីមិនអាចសុំការឆ្លើយតបពីមន្រ្តីយោធាលោក អៀម ម៉ៅ បានទេពាក់ព័ន្ធបញ្ហានេះ។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះទេ ប៉ុន្តែលោកថា ក្រសួងនឹងឲ្យមន្រ្តីជំនាញស្រាវជ្រាវលើករណីនេះ។

លោកបន្ថែម «ប៉ុន្តែមិនអីទេ ចាំខ្ញុំឲ្យមន្រ្តីជំនាញគាត់ធ្វើការហ្នឹង ឲ្យស្រាវជ្រាវថា វាបញ្ហាយ៉ាងម៉េច ថាតើអ្វីដែលពួកគាត់លើកឡើងហ្នឹងស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ឬក៍នៅខាងក្រៅ នៅពោធមាស ត្រពាំងជោរហ្នឹង»។

បើតាមពលរដ្ឋឲ្យដឹងថា មន្រ្តីយោធានោះបានដាក់គ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពឈូសឆាយចូលដីព្រៃសហគមន៍ ដោយមានពលទាហានប្រមាណ១០នាក់ចាំឃ្លាំមើលផងដែរ ប៉ុន្តែត្រូវបានផ្អាកសកម្មភាពវិញ បន្ទាប់ពីប្រជាពលរដ្ឋចុះរារាំងឲ្យរងចាំការដោះស្រាយជាមួយភាគីពាក់ព័ន្ធនៅថ្ងៃស្អែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ