លោក ហ៊ុន សែន ឆ្លើយតបនឹង លោក ខៀវ កាញារិទ្ធ រឿងតែងតាំងអគ្គនាយក ទទក

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្មន្ត្រី)

បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ បង្ហាញការអន់ចិត្ត ចំពោះការតែងតាំងអគ្គនាយកថ្មីរបស់ទូរទស្សន៍ជាតិកម្ពុជា ដោយថាមិនបានសួរយោបល់លោកនោះ លោក ហ៊ុន សែន បានឆ្លើយតបបែបព្រមានថា «តើនាយករដ្ឋមន្ត្រីមានការចាំបាច់អង្គុយរង់ចាំ​ពិគ្រោះជាមួយរដ្ឋ​មន្ត្រី​​ដែលហៅទូរសព្ទ៥ដងមិនចូល​ឬទេ»។

តាមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានបញ្ជាក់ថាការតែង​តាំង​អគ្គនាយកថ្មីជំនួស លោក កឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍ គឺលោកបាន​ពិគ្រោះ​​យោបល់ជាមួយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាអ្នកធ្វើ​សំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មានដែលសុំតែងតាំង លោក ខ្វៃ អាទិត្យា។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីបានបដិសេធចំពោះបេក្ខភាពលោកខ្វៃអាទិត្យា។ លោក ហ៊ុន សែន បន្តថា «តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា (បានទ្រង់យល់​សេចក្តីក្រាបបង្គំទូលថ្វាយរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា) ឬទេ បានជាម្នាក់និយាយថា ការតែងតាំងនេះចេញពីណា?»។

លោក ហ៊ុន សែន អះអាងថា បើពុំមានសំណើពីនាយករដ្ឋមន្ត្រីទេ​ ព្រះ​​មហាក្សត្រ ព្រះអង្គនឹងមិនឡាយព្រះហស្តលេខាទេ។ លោកថា «សុំចងចាំកុំល្ងង់ពេក»។

ព្រះមហាក្សត្រ បានតែងតំាង លោក ឃឹម វុទ្ធី ជាអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​ទូរ​ទស្សន៍​ជាតិ​កម្ពុជា ជំនួស លោក កឹម គុណវឌ្ឍ ដែលធ្លាប់បានសុំលាលែងកាលពីពេលកន្លងទៅ។

លោក ឃឹម វុទ្ធី គឺ​អគ្គនាយករង នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា  ដែល​គេ​ស្គាល់​ថា ជាពិធីករ និងជាអ្នក​ធ្វើការអត្ថាធិប្បាយលើទូរទស្សន៍ ទទក ក្នុងព្រឹត្តិការណ៍ធំៗ របស់​រដ្ឋា​ភិបាល​​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ