សាលាក្ដីខ្មែរក្រហមបញ្ចប់ការស៊ើបសួរលើ យឹម​ ទិត្យ ក្នុងសំណុំរឿង ០០៤

សាលាក្តីខ្មែរក្រហម(រូបភាពពីwww.eccc.gov.kh)

សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការស៊ើបសួរលើជនជាប់ចោទ យឹម ទិត្យ ក្នុងសំណុំរឿង០០៤ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋមួយចំនួន កើតឡើងកាលពីសម័យខ្មែរក្រហម។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារទី១៣ខែមិថុនាឆ្នាំ២០១៧នេះ អង្គជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម បានប្រកាសបិទបញ្ចប់កិច្ចស៊ើបសួរលើជនជាប់ចោទ យឹម ទិត្យ ទាក់ទងបទឧក្រិដ្ឋ ដែលគេចោទថា បានប្រព្រឹត្តនៅចន្លោះថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ខែមករា​ឆ្នាំ១៩៧៩។

កិច្ចស៊ើបសួរលើជនជាប់ចោទ យឹម ទិត្យ គឺធ្វើឡើងអស់រយៈពេល៨ឆ្នាំមកហើយ បន្ទាប់ពីទទួលបានដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលើកទី៣ ដែលសហព្រះរាជអាជ្ញាអន្ដរជាតិ​បានដាក់តាំងពីថ្ងៃទី២០​ខែវិច្ឆិកាឆ្នាំ២០០៨។

លោក យឹម ទិត្យ ត្រូវបានតុលាការខ្មែរក្រហមចោទប្រកាន់ពីបទ «មនុស្សឃាតដោយចេតនា» ដែលរំលោភបំពានលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៦៥ និង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដូចជា មនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការនិរទេស ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញលើ “ប្រជាជន១៧មេសា” និង “អ្នកជម្លៀសមកពីភូមិភាគបូព៌ា” ជាដើម។

បើតាមសេចក្ដីប្រកាសព័ត៌មាន អង្គជំនុំជម្រះនៃសាលាក្ដីខ្មែរ​ឲ្យដឹងថា កិច្ចស៊ើបសួរលើជនជាប់ចោទម្នាក់ទៀតគឺអ្នកស្រី អ៊ឹម ចែម ក្នុងសំណុំរឿង០០៤ បានបំបែកដំណើរការនីតិវិធី ទៅជាសំណុំរឿង០០៤/០១ ហើយត្រូវបានសាលាក្ដីខ្មែរក្រហម ទម្លាក់ការចោទប្រកាន់ តាមដីកាដំណោះស្រាយ ចុះថ្ងៃទី២២កុម្ភៈ ឆ្នាំ​២០១៧។

ចំណែកកិច្ចស៊ើបសួរលើជនជាប់ចោទ អោ អាន ក្នុងសំណុំរឿង០០៤ បានបញ្ចប់នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ហើយបំបែកដំណើរការនីតិវិធី ទៅជាសំណុំរឿង០០៤/០២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ