មេបក្សប្រឆំាងថា ការចាប់សមាជិករបស់ខ្លួន ជាអន្ទាក់នៃបក្សកាន់អំណាច

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ការចាប់ខ្លួនសមាជិកមួយរូបនៅស្រុកសង្កែ ខេត្ដបាត់ដំបង កាលពីម្សិលមិញ លោកថា ជាអន្ទាក់រប​ស់​អាជ្ញាធរ នៃគណបក្សប្រជាជនកម្ពុជា។

សមាជិកបក្សប្រឆាំងមួយរូប នៅភូមិល្វា ឃុំវត្ដតាមឹម លោក ទុយ ចាន់ អាយុជាង ៧០ឆ្នាំ​ ត្រូវ​​​សមត្ថកិច្ចចាប់ខ្លួន ដោយចោទថា ចុះហត្ថលេខាលើលិខិតក្លែងក្លាយ ជំនួសមេភូមិល្វាដោយទទួលស្គាល់ភាពក្រីក្ររបស់ពល​រដ្ឋម្នាក់ដែលមានជំងឺ។

នៅពេលចុះជួបបេក្ខជនជាប់ឆ្នោតឃុំសង្កាត់ នៅខេត្ដ​សៀម​រាប នៅព្រឹកថ្ងៃអង្គារនេះលោក កឹម សុខា ហៅការការចាប់ខ្លួនសមាជិកបក្សសង្រ្គោះជាតិរូបនោះថា គឺជាអន្ទាក់របស់អាជ្ញាធរ ខណៈបក្សកាន់អំណាច ចាញ់​សំឡេងឆ្នោតនៅឃុំតាមឹមនោះ។

លោកបន្ដថា «គេលេងមួយចានហើយបងប្អូន គេយកក្រដាសអោយគ្នាយើងដែលឃុំយើងឈ្នះច្រើននោះស៊ីញ៉េហើយយើងអត់ដឹងមិនទាន់ក្រកាសផ្លូវការផងទៅជាស៊ីញ៉េ ឥឡូវនេះ គេយករឿងហេតុហ្នឹងគេចោទថាក្លែងក្លាយជាប់គុកពី៥ឆ្នាំទៅ១០ឆ្នាំ។ បើនៅក្នុងដំណាក់កាលនេះសូមប្រយ័ត្នកុំធ្វើអីៗទាំងអស់ណាបងប្អូនណា កុំធ្វើអីដែលនាំឲ្យគេចាប់កំហុសបានពីព្រោះគេដាក់អន្ទាក់ហើយគេ​មិនឲ្យយើងសុខទេ ដល់ពេលយើងឈ្នះបានយើងឲ្យគេសុខវិញ ដល់គេឈ្នះគេមិនឲ្យយើងសុខទេតែបើសង្គ្រោះជាតិសុខទាំងអស់គ្នាអត់រករឿងអ្នកណាទេ»។

លោក កឹម សុខា អំពាវដល់ បេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សា ឃុំ​សង្កាត់ ត្រូវមានការប្រុងប្រយ័ត្ន ដោយថាមិនត្រូវធ្វើការងារអ្វីទាំងអស់ បើមិនទាន់បាន​ប្រកាស​ជាផ្លូវការឲ្យចូលកាន់តំណែងនោះ។

បេក្ខជនជាប់ឆ្នោត​ និងជាអតីតជំទប់ទី២នៃគណបក្សសម រង្ស៊ី នៅឃុំតាមឹម ស្រុកសង្កែ លោ​ក ណូ រិន មានប្រសាសន៍ថា ការចាប់ខ្លួន ឈ្មោះ ទុយ ចាន់ ជារឿងនយោបាយ ដោយសារលោក ទុយ ចាន់ គាត់ជាមនុស្សចេះជួយពលរដ្ឋ នៅ​ក្នុងភូមិ ហើយអ្នកដែលប្ដឹងនោះគឺជាមេភូមិឈ្មោះ លួម លាំង មកពីបក្សកាន់អំណាច។ លោកបន្ដថា «យើងឃើញថា វាដូចជាមានគំនុំមកលើយើងគេចង់កាច់បំបាក់យើងវិញអីក៍ថាបានដែរព្រោះគាត់ជាពលរដ្ឋគ្មានតួនាទីអីទេព្រោះមេឃុំអីគេមិនទាន់តែងតាំងអីទេ។ក្នុងភូមិហ្នឹងគាត់ជាអាចារ្យអីចឹងគាត់ធ្វើតែបុណ្យថ្ងៃសីលអីគាត់ទៅវត្ដគាត់មានប្រជាប្រិយភាពនៅក្នុងភូមិហ្នឹង»។

ប៉ុន្ដែទោះជាយ៉ាងណា លោក ណូ រិន អះអាងថា លោក ទុយ ចាន់ ត្រូវសមត្ថកិច្ចដោះលែងវិញហើយនៅព្រឹកថ្ងៃនេះ។

អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដបាត់ដំបង លោក  ហេង សាយ​ហុង មានប្រសាសន៍ថា លោក ទុយ ចាន់ គ្រាន់តែជួយពលរដ្ឋក្រីក្រ គ្មានអ្វីដែលត្រូវមានទោ​សធ្ងន់ធ្ងររហូតដល់ចាប់ខ្លួនដាក់ខ្នោះនោះទេ។ ការចាប់ខ្លួនសកម្មរូបនោះ លោកយល់ថា ជា​ការដាក់គំនាបដល់បក្សប្រឆាំង។ លោកថា សមត្ថកិច្ចគួរលើកលែងទៅលើបទល្មើសដែល​តូចតាចបំផុតនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ